កម្មករ​ប្រហែល​១០នាក់​ទៀត​ត្រូវ​ថៅកែ​រោងចក្រ អេសវ៉ាយអេចជេ បញ្ឈប់​ពី​ការងារ​ក្រោយ​ចូល​ជា​សមាជិក​សហជីព

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករប្រមាណ១០នាក់ ធ្វើការ​នៅ​រោងចក្រ អេស​វ៉ាយអេចជេ ហ្គាមិន (ខេមបូឌា) លីមិធីត ឯ.ក (SYHJ GARMENT CAMBODIA CO.,LTD) ស្ថិត​​នៅ​​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយដឹងថា ពួកគេចូលជាសមាជិក​សហជីព។

កាលពីអំឡុងខែមេសា ឆ្នាំ២០២២ ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ​ចំនួ​ន៣នាក់ រួមមាន អ្នកស្រី ប្រាក់ តុលា លោក នី តុលា និងអ្នកស្រី ហ៊ុល សុឃីម ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារជាបន្តបន្ទាប់ ក្រោយពួកគេចង​ក្រង​​បង្កើត​សហជីព​ក្នុង​រោង​ចក្រ​នេះ។

ប្រធាន​សហជីព​ឯករា​ជ្យ​ប្រចាំរោងចក្រ អេសវ៉ាយអេចជេ អ្នកស្រី ហ៊ុល សុឃីម ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កម្មករ​ជាង​១០នាក់​ដែល​ជាប់​ពាក់ព័ន្ធនិង​គាំទ្រសហជីព​របស់​អ្នកស្រី​ ត្រូវ​បាន​ថៅកែប​ញ្ឈប់​ពី​ការងារជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ។ អ្នក​ស្រីចាត់​ទុក​ករណី​ថៅកែបញ្ឈប់​កម្មករ​នេះ​ថា ជា​ការ​រើស​អើង​សហជីព និង​ជា​ទង្វើ​ខុស​ច្បាប់ ដោយ​ថា កម្មករ​មិន​បានធ្វើ​អ្វី​ខុស​នោះទេ។

អ្នកស្រីបន្ថែមថា៖ «ថៅកែបញ្ឈប់ពួកគាត់អត់មានមូលហេតុអីច្បាស់លាស់ទេ។ ពួកគាត់ជាអ្នកបោះឆ្នោតគាំទ្រអ្នកឈរឈ្មោះ​ជា​តំណាងសហជីពខ្ញុំ។ ពួកគាត់ប្រហែលជាង១០នាក់។ និយាយទៅ ឱ្យតែអ្នកដែលជាប់ពាក់ព័ន្ធជាមួយខ្ញុំ អ្នកដែលជួល​បន្ទប់ជួលជាមួយខ្ញុំ ក៏គេបញ្ឈប់ដែរ»

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ឱ្យដឹងថា​ សហជីពរបស់លោកកំពុង​ឱ្យ​មន្ត្រីប្រមូល​ឈ្មោះអ្នកដែលត្រូវបានបញ្ឈប់ ដើម្បីរៀបចំ​បណ្តឹងដាក់​ទៅក្រសួង​ការ​ងារ​ឱ្យ​ជួយ​អន្តរាគមន៍​​ដោះ​ស្រាយ​ឱ្យ​កម្មករ​បាន​ចូល​ធ្វើការងារ​វិញ។ មួយ​ទៀត​នោះ លោកថា សហជីពនេះក៏កំពុងរៀបចំឯកសារនិង​បណ្ដឹង​ប្ដឹង​រោង​ចក្រ​នេះទៅអ្នក​បញ្ជាទិញ​ឱ្យ​ជួយ​​អន្តរាគមន៍ទៅថៅកែនេះ ​​ដើម្បីឱ្យ​​កម្មករបានចូល​ធ្វើកា​រ​ងារ​​វិញផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំបានឱ្យគាត់បញ្ជូនឈ្មោះអ្នកដែលត្រូវបានបញ្ឈប់មក ដើម្បីខាងសហព័ន្ធរៀបចំដាក់បណ្ដឹងទៅខាងក្រសួង​ការ​ងារ។ ចំណែកទាក់ទងនឹងរោងចក្រហ្នឹង យើងបានរៀបចំឯកសាររួចហើយ ហើយកំពុងបកទៅជាភាសារអង់​គ្លេស ​ពេល​ដែល​យើង​ធ្វើ​រួច​ យើងនឹងដាក់ទៅអ្នកបញ្ជាទិញ។ យើងស្រាវជ្រាវរកឃើញផ្លាក​ចំនួន​៣​ហើយដែលពាក់ព័ន្ធនឹងរោងចក្រ អេសវ៉ាយអេចជេ ហ្នឹង»

ជំនួយការអគ្គនាយកក្រុមហ៊ុន​ អេសវ៉ាយអេចជេ លោក ព្រំ កុសល អះអាងថា រោងចក្រ​បញ្ឈប់កម្មករ​ទាំង​នោះ​ ដោយ​សារពួក​គេ​ធ្វើខុស​បទ​បញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនច្រើនដងពេក។ លោក​ថា ក្រុមហ៊ុនមិនខ្វល់ចំពោះ​គម្រោងប្ដឹងរបស់សហជីពទៅ​អ្នក​បញ្ជាទិញនោះទេ។

លោកបន្ថែមថា៖ «ក្រុមហ៊ុនបញ្ឈប់ពួកគាត់ ដោយយោង​ទៅលើគាត់មានបញ្ហាពាក់ព័ន្ធបទបញ្ជាផ្ទៃក្នុង ពាក់ព័ន្ធពួកគាត់មិនសូវ​សហការ មិនសូវយកចិត្តទុកដាក់ការងារជាមួយក្រុមហ៊ុន»

កម្មករ​ផ្នែកវេចខ្ចប់​នៅរោងចក្រ អេស​វ៉ាយអេចជេ លោក នី ម៉ៅ និយាយថា ករណីថៅកែបញ្ឈប់រូប​លោក​ពីការងារនេះ ជារឿង​មិន​សម​​ហេតុ​​ផល​ឡើយ។ លោក​ថា លោក​មិន​បាន​ធ្វើអ្វី​ខុល​គោលការណ៍ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន​ដូច​ការលើក​ឡើង​របស់​ថៅកែ​ឡើយ។

កម្មកររូបនេះលើកឡើងថា លោក​បាន​ខិតខំ​ធ្វើកា​រ​ងារ​ដោយ​បាន​ថែមម៉ោង គ្មានគិតថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ និង​ពេល​យប់រហូត​ដល់ម៉ោង៨យប់​ដូចកម្មការផ្សេងទៀតដែរ។ លោកថា ករណីរោងចក្របញ្ឈប់លោកពីការងារនេះ ដោយសារតែលោក​ជាប់ពាក់ព័ន្ធឬមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហជីពដែលត្រូវបានបញ្ឈប់ពីការងារ។

លោកបន្ថែមថា៖ «ធ្វើការសុខៗ ​គេហៅខ្ញុំបញ្ឈប់ ខ្ញុំអត់មានធ្វើអីខុសផង ធ្វើការថ្ងៃអាទិត្យ​ ធ្វើ​ដូចគេដូចឯង ហើយថែមម៉ោង៨យប់ដូចគេដូចឯងដែរ។ ខ្ញុំអត់យល់ថា ខ្ញុំធ្វើការអត់ល្អត្រង់ណា? អត់មានមេក្រុមណាប្រាប់ថាខ្ញុំធ្វើការអត់ល្អផង! ស្រាប់តែហៅខ្ញុំទៅបញ្ឈប់តែម្តង»

ពាក់ព័ន្ធនឹងករណីបញ្ឈប់កម្មករ​ដែលបង្កើតនិងចូលជា​សមាជិក​សហជីពនេះដែរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២​នេះ សហ​ព័ន្ធ​សហជីព​ឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ក្រសួងការងារ និងក្រុមហ៊ុន Walmart ជួយធ្វើកិច្ចអន្តរាគមន៍ទៅក្រុមហ៊ុន «ឈឺមីងស៊ីន ហ្វេកធើរី ឯ.ក» ទទួល​យកថ្នាក់ដឹកនាំ និងស្ថាបនិកសហជីពចំនួន៥នាក់​ចូល​ធ្វើការងារ​វិញ តាម​សេចក្តីបង្គាប់របស់ក្រសួង​​ការងារ ក្រោយក្រុមហ៊ុននេះ​បញ្ឈប់​ពួកគេ​ពី​ការ​ងារ ក្រោយ​ពី​ពួក​គេបង្កើត​សហជីព​នៅក្នុង​រោង​ចក្រ។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា រោងចក្រ​ ឈឺ​មីង​ស៊ីន ហ្វេកធើរី ជារោងចក្រស្បែកជើង ស្ថិតនៅភូមិទូសក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែល​ដេរស្បែកជើង​ឱ្យ​ក្រុម​ហ៊ុន Walmart បានបញ្ឈប់ថ្នាក់ដឹកនាំ​សហជីពចំនួន៥នាក់ រួម​មាន អ្នកស្រី ដួង សុកណា ជាប្រធានសហជីព លោក ឌួង តុលា ជាអនុប្រធាន លោក រឿន សុភា ជាលេខាធិការសហជីព លោក ចេង សិទ្ធ ជាហេរញ្ញិកសហជីព និងអ្នកស្រី ឡុង សុខលីន ជាស្ថាបនិកសហជីពប្រចាំរោងចក្រនេះ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានវិវាទការងារ បានចេញសេចក្ដីបង្គាប់មួយឱ្យក្រុមហ៊ុន ឈឺមីង​ស៊ីន ទទួលយក​ថ្នាក់ដឹកនាំ​សហជីពទាំង​នោះចូលធ្វើការងារ ដោយ​​សងរម្លឹកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ​ឱ្យពួកគេវិញ ដោយគិតចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែ​សហព័ន្ធសហជីពឯករាជ្យអះអាងថា រហូតមកពេលនេះ ក្រុម​ហ៊ុន​មិន​បាន​ទទួល​យក​កម្មករទាំងនោះ​ចូលធ្វើការងារវិញឡើយ។

សហព័ន្ធសហជីពឯករាជ្យ បានលើកឡើងទៀត​​ថា ក្រុមហ៊ុន​ ឈឺ​មីង​ស៊ីន ជាក្រុមហ៊ុនបរទេសមួយដែលមិនគោរពច្បាប់កម្ពុជា និង​គោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់សហជីពឡើយ។

សហព័ន្ធសហជីពមួយនេះបានអំពាវនាវដល់ក្រសួងការងារ ត្រូវចាត់វិធានការក្រុមហ៊ុននេះឱ្យគោរពច្បាប់កម្ពុជា និងក្រុមហ៊ុន Walmart ត្រូវចាត់វិធានការលើរោងចក្រ​ ឈឺ​មីង​ស៊ីន និងរោងចក្រផ្សេងទៀតដែលដេរឱ្យ Walmart ឱ្យគោរពតាមច្បាប់កម្ពុជា និងសិទ្ធិសេរីភាពរបស់កម្មករដែលបានធានាដោយច្បាប់ផងដែរ។

វីអូឌី មិនអាចសុំកា​របញ្ជាក់ជុំវិញករណីនេះពីតំណាងក្រុមហ៊ុន​ ឈឺ​មីង​ស៊ីន បានទេ នៅថ្ងៃនេះ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ ខណៈ​រោងចក្រខ្លះទៀតត្រូវបាន​​បិទ​​ទ្វារ ដោយសារ​ថៅកែមិន​បាន​ទូទាត់​​​ប្រាក់​​ជូន​កម្មករតាមច្បាប់ស្តីពីការងារ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​ហើយ គឺមិនត្រូវបានថៅកែឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថា ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ