រដ្ឋាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នក្នុងការហូបអាហារពេលចូលឆ្នាំ

ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកអំពាវនាវ​ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបរិ​ភោគអាហារនិងស្រាក្នុងអំ​ឡុង​ពេល​ចូលឆ្នាំថ្មីខាងមុខនេះ ដោយអះអាងថាដើម្បីជៀសផុតពីការ​ពុលអាហារ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី​​២២ ខែមីនា ក្រសួងសុខាភិបាល បានឲ្យដឹងថាការពុលអាហារគឺជាការបង្កឡើងដោយការរៀបចំអាហារឬទឹកមិនមានអនាម័យដែល​មានមេរោគ បាក់តេរី វិរុស ប៉ារ៉ាស៊ីត ឬសារធាតុគឺមី។ ការពុលអាហានេះមានរោគសញ្ញាដូចជា ក្អួត ចង្អោរ រាក មួល ដែលអាចគ្រោះថ្នាក់ដល់ជីវិតបាន។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ការពុលស្រាបង្កឡើងដោយជាតិមេតាណុលខ្ពស់ដែល​ស្រាទាំងនោះត្រូវបានផលិតឡើងតាមមូលដ្ឋានសហគមន៍មិនត្រឹមត្រូវតាមបច្ចេកទេស។ ការពុល​ស្រានេះ​បណ្ដាលឲ្យមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ពិបាកដកដង្ហើម និងអាចវិវត្តទៅជាស្លាប់បាន។

ក្រសួងសុខាភិបាលបានណែនាំឲ្យចំអិនអាហារឲ្យបានឆ្អិនល្អជាពិសេសសាច់សត្វស្លាប់ ស៊ុត និង​អាហារសមុទ្រ ប្រើប្រាស់ទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព។ ទុកដាក់អាហារ​ឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នានិងរក្សាភាព​ស្អាត​ដោយលាងដៃមុនចាប់កាន់​អាហារ។

បើតាមក្រសួងសុខាភិបាល កាលពីឆ្នាំ២០១៥កន្លងទៅមានករណីពុលអាហារចំនួន៣១លើកនិងឆ្នាំ២០១៦នេះ មានចំនួន​​៣លើកដែលបានរាយការណ៍មកនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺ​ឆ្លង។ ចំណែកឯករណីពុលស្រាមានលក្ខណៈជាបណ្ដុំចំនួន៤លើកនៅខេត្តក្រចេះក្នុងឆ្នាំ ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ