លោក ហ៊ុន សែន ថា​អំណាច​មិនប្រមូលផ្តុំលើ​រូប​លោក​តែ​ម្នាក់​ឯង​នោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​នឹងកិច្ចការ​រដ្ឋមន្រ្តីណាមួយ​ទេ សុំតែ​រដ្ឋមន្រ្តីហ្នឹង​ធ្វើ​ឲ្យ​ត្រូវទៅ​តាមច្បាប់​ដែល​បានកំណត់តែ​ប៉ុណ្ណឹង​”  លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។

លោក​នាយករដ្ឋមន្រ្តី​បានថ្លែង​បែប​នេះ​ ស្រប​ពេល​ដែល​លោក​បាន​ស្នើ​ឲ្យ​មាន​ការរុះរើគណៈរដ្ឋមន្រ្តី ហើយ​រដ្ឋសភា​បានអនុម័ត​កាលពីថ្ងៃ​ចន្ទ​។​

បើតាមសំណើរុះរើ​គណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​សម្រេចតែងតាំងលោក ប្រាក់ សុខុន ដែលបច្ចុប្ប​ន្នជា​រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោកត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រ​សួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ចំណែកលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ហើយលោក ប៉ាន សូរស័ក្តិ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម។ រដ្ឋាភិបាលតែងតាំងលោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌី(VOD)កាលពីថ្ងៃចន្ទ​ថាគណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរ​នោះ​នឹង​ធានាប្រសិទ្ធ​​ភាព​ការងារ។  លោកបញ្ជាក់ថា៖ “យើងមិនឃើញ​មានមនុស្សថ្មី ហើយទំហំគណៈរដ្ឋមន្រ្តីនៅតែធំដដែល វាមិនដែលគណៈរដ្ឋមន្រ្តីមានទៅដល់ជិត៤០០នាក់ ខណៈប្រទេសតូចមួយមានប្រជាជនជាង១៥លាននាក់ប៉ុណ្ណោះ​”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ