អាជ្ញាធរខេត្ដព្រះវិហាររារាំងការធ្វើវេទិកាសាធារណៈ

អាជ្ញាធរស្រុកជ័យសែន ខេត្ដព្រះវិហារ រងការចោទថារារាំងប្រជាសហគមន៍មិនឲ្យធ្វើវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងធនធានធម្មជាតិនិងអភិបាលកិច្ចដីធ្លី ដោយអះអាងថាគ្មានច្បាប់អនុញ្ញាត។

តំណាងប្រជាសហគមន៍នៅឃុំតស៊ូ ស្រុកជ័យសែន អ្នកស្រី ហួត ម៉ាលី ប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ប្រជាសហគមន៍ជិត២០០នាក់បានរៀបចំវេទិកាសាធារណៈមួយនៅតំបន់នោះដោយមានការអញ្ជើញមន្រ្តីសង្គមស៊ីវិលនិងមន្ដ្រីអាជ្ញាធរស្រុកធ្វើជាវាគ្មិន ប៉ុន្ដែអភិបាលរងស្រុកលោក ទិត សុខាម រារាំងដោយលើកឡើងថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីសាលាខេត្ដព្រះវិហារ។ អ្នកស្រីបន្ដថា ក្នុងការហេតុការណ៍នោះមានសត្ថកិច្ចជាច្រើនាក់ប្រដាប់ដោយអាវុធបានដកយកសម្ភារៈឧបករណ៍បំពងសំលេងនិងបញ្ជាមិនឲ្យធ្វើរោងវេទិកាថែមទៀតផង។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីបានធ្វើលិខិតស្មើទៅសាលាស្រុកជាច្រើនលើកតែបែជាចោទថាអត់ច្បាប់ទៅវិញ។ អ្នកស្រីមានប្រសាសន៍ថា៖ពីដំបូងគេថាមិនត្រឹមត្រូវ ប៉ិនខ្ញុំទៅធ្វើសំបុត្រនោះពីរសារហើយ ហើយពិភាក្សាជាមួយរដ្ឋបាលស្រុកហើយគេណែនាំហើយខ្ញុំក៏ធ្វើតាម ធ្វើហើយហើយស្រាប់តែចោទខ្ញុំថាអត់ការអនុញ្ញាតពីខេត្ដ

មន្ដ្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខែ្មរលោក ប៉ឹក សោភណ្ឌ ដែលធ្វើជាវាគ្មិនមានប្រសាសន៍ថា វេទិការនោះផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិដែលលោកថាអាជ្ញាធរមិនគួរហាមឃាត់ឡើយ ខណៈដែលបទល្មើសព្រៃឈើនិងជម្លោះដីធ្លីកំពុងកើតឡើងជាបន្ដបន្ទាប់។ លោកបន្ដថាការជួបប្រជុំនេះមិនពាក់ព័ន្ធនឹងយុទ្ធនាការរៀងរាល់ថ្ងៃចន្ទពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនោះទេ។ លោកមានប្រសាសន៍ថា៖ “ជាការចូលរួមចែករំលែកហើយនឹងផ្សព្វផ្សាយដែលទាក់ទងទៅហ្នឹងគោលនយោបាយ ហើយច្បាប់ដែលពាក់ព័ន្ធទៅនឹងច្បាប់អភិបាលកិច្ចនៃការគ្រប់គ្រងធនធានធម្មជាតិហ្នឹងឲ្យពលរដ្ឋយល់

អភិបាលរងស្រុកជ័យសែន លោក ទិត សុខាម បានបដិសេធអត្ថាប្បាយពីមូលហេតុដែលអាជ្ញាធរមិនឲ្យមានវេទិកាសំដែងមតិនេះ។ លោកមានប្រសាសន៍ថា៖ “ប្រហែលជាអ្នកសួរខ្ញុំហ្នឹងអាចយល់ដូចគ្នា។ ចឹងខ្ញុំគិតថាខ្ញុំនឹងមិនចាំបាច់បកស្រាយអីទេព្រោះបងប្អូននៅទីនោះចូលរួមគាត់ដឹងភាគច្រើនដឹងហើយចឹងខ្ញុំមិនអាចនិយាយទៀតទេសុំអធ្យាស្រ័យ

ទោះជាយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថាការធ្វើវេទិកាសាធារណៈស្ដីពីការអប់រំឬផ្សព្វផ្សាយពីច្បាប់ដល់ពលរដ្ឋមិនចាំបាច់សុំច្បាប់អនុញ្ញាតនោះដោយគ្រាន់តែធ្វើសេចក្ដីជួនដំណឹងដល់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ លោក ឡោ ចាន់ ចាត់ទុកការររាំងពលរដ្ឋនេះ ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងការជួបជុំដែលលោកថាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ