គណបក្សថ្មីមួយជំរុញឲ្យបក្សវិវាទទាំង២ ចរចាគ្នារកដំណោះស្រាយនយោបាយ

គណបក្សដែលទើបបង្កើតថ្មីមួយជំរុញឲ្យគណបក្សនយោបាយវិវាទទាំងពីរដែលមានអសនៈក្នុងសភា ធ្វើការចរចារកដំណោះស្រាយនយោបាយ ដោយថាជៀសវាងការធ្វើទុក្ខបុកម្នេញគ្នាតាមប្រព័ន្ធតុលាការនិងកម្លាំងមហាជន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី០១ ខែមិថុនា ដោយលើកឡើងថាកម្ដៅនយោបាយបច្ចុប្បន្នអាចធ្វើឲ្យប៉ះពាល់ដល់ភាពយុត្តិធម៌និងភាពត្រឹមត្រូវនៃការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨ ហើយក៏ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើរការសេដ្ឋកិច្ច និងការវិនិយោគទុនបរទេសផងដែរ។

តាមសេចក្ដីថ្លែងការណ៍គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សំដែងការព្រួយបារម្ភថារលកកម្ដៅនយោបាយនេះអាចកើតមានអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់ដែលជាអ្នកគាំទ្រគណបក្សនយោបាយទាំងពីរ។ គណបក្សថ្មីមួយនេះជំរុញឲ្យបន្តវប្បធម៌សន្ទនាដោយសន្តិវិធី។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាការចរចាអាចកើតចេញពីគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថាការចរចាបានលុះត្រាតែគណបក្សសង្រ្គោះជាតិមានប្រធានឬអនុប្រធានបក្សចូលរួមទើបអាចមានសិទ្ធិចរចាជាមួយគណបក្សប្រជាជនកម្ពុជាបាន។ លោកមានប្រសាសន៍ថា៖ ត្រូវរើសប្រធានបទ ហើយនិងសមាសភាពដែលត្រូវចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនឬមួយក៏តំណាងរាស្រ្ដមេដឹកនាំថ្នាក់ដឹកនាំ តំណាងរាស្រ្ដមតិភាគច្រើន និងមេដឹកនាំមតិភាគតិច ឥលូវមតិភាគច្រើនគឺមានសម្ដេចក្រឡាហោម ខេង ហើយក៏ប៉ុន្ដែឥលូវអ្នកដឹកនាំតំណាងរាស្ដ្រភាគតិចមាននរណា ដើម្បីធៀបគីឡូគ្នានោះ បើយើងឡើងប្រដាល់វិញវាត្រូវតែ៥០គីឡូ ៥០គីឡូដូចគ្នា ៨០គីឡូ ៨០គីឡូដូចគ្នា មិនអាចយកមនុស្សកំប៉ិកកំប៉ុកមកចរចាជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនឬមួយថ្នាក់ដឹកនាំតំណាងរាស្រ្ដមតិភាគច្រើនដែលមានសម្ដេចក្រឡាហោម ខេង បានទេ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរជំរុញឲ្យមានការចរចាជាមួយគណបក្សកាន់អំណាច។ ប៉ុន្តែលោកបន្ថែមថាលោកមិនទាន់ដឹងថាការចរចាបែបណាទេ។

លោកបន្ថែមថា៖ “យើងអត់មានជំរើសអ្វីផ្សេងទេ ព្រោះនៅលើលោកនេះមានតែពីរទេគឺវាយគ្នានិងចរចារ ប៉ុន្តែវាយគ្នាអត់កើតទេ បំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លិចបំផ្លាញជីវិតមនុស្សយើងអត់ធ្វើអញ្ចឹងទេ យើងនឹងមិនធ្វើ។ យើងនៅសល់ពេលដែលយើងត្រូវជជែកគ្នាដើម្បីរកដំណោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ”។

អ្នកស្រាវជ្រាវនយោបាយលោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថាការជំរុញឲ្យមានការចរចានេះគឺត្រូវនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន ប៉ុន្តែលោកបន្ថែមថាវាពិបាកក្នុងការជំរុញឲ្យមានការចរចា បើភាគីទាំងពីរមិនមានភាពស្មើគ្នា។ លោកបន្ថែមថា ដើម្បីឲ្យមានការចរចាបានស្មើភាពមានតែកិច្ចអន្តរាគមន៍ពីភាគីទី៣ គឺសហគមន៍អន្តរជាតិចូលរួម។

គួរបញ្ជាក់ថា បញ្ហានយោបាយបច្ចុប្បន្នឡើងកម្ដៅបន្ទាប់ពីតុលាការបានចោទប្រកាន់ប្រធានស្ដីទីបក្សប្រឆាំង លោក កឹម សុខា ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដែលមិនចូលបំភ្លឺនៅតុលាការចំនួនពីរលើកតាមដីកាកោះហៅអំឡុងខែឧសភាទាក់ទិននឹងសំណុំរឿងស្នេហា។ ជាមួយគ្នានេះដែរគណបក្សសង្គ្រោះជាតិនិងសង្គមស៊ីវិលមួយចំនួនទៀតប្រកាសប្រមូលអ្នកគាំទ្រធ្វើបាតុកម្មទ្រង់ទ្រាយធំ បើសិនជាមានករណីចាប់ខ្លួនលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ