លោក ហ៊ុន សែន ព្រមានមិនអត់​ឱនឲ្យ​ ប្រសិន​បើមានបាតុកម្ម​របស់​បក្សប្រឆាំង ​

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថាការចរចាជាមួយគណបក្សសង្រ្គោះជាតិនឹងមិនមាននោះទេ ប្រសិនបើរបៀបវារៈនៃការចរចានោះទាក់ទងនឹងចំណាត់ការរបស់តុលាការ ដោយលោកព្រមានមិនអត់ឱននោះទេ ប្រសិនបើមានបាតុកម្ម។

គណបក្សសង្រ្គោះជាតិបានព្រមានធ្វើមហាបាតុកម្មអហិង្សាមួយ ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅពេលខាងមុខ។ តុលាការបានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារ ស្អែកនេះ។ រហូតមកដល់ពេលនេះ បក្សប្រឆាំងក៏បានដាក់សំណើទៅគណបក្សប្រជាជនកម្ពុជាដែលសំណើនោះគឺនិយាយពីការដោះលែងសកម្មជនរបស់ខ្លួននិងការបើកផ្លូវឲ្យប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អាចចូលស្រុកវិញបាន។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានការចរចាណាមួយរវាងគណបក្សទាំងពីរនោះទេនៅពេលខាងមុខនេះ ដោយលោកថាច្រកចេញតែមួយគត់គឺនៅសភា តែលោកថាគណបក្សសង្រ្គោះជាតិបានបោះចោលរួចទៅហើយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនមានការពិភាក្សាណាមួយនៅពេលខាងមុខ  គណបក្សប្រជាជនមិនពិភាក្សាលើបញ្ហាដែលស្ថិតនៅដែនសមត្ថកិច្ចរបស់តុលាការនិងពួកអ្នកជាប់គុកនោះទេ”

លោក ហ៊ុន សែន បន្តថាការចរចាអាចធ្វើឡើងគឺការពិភាក្សាធ្វើច្បាប់ផ្សេងៗ ដែលលោកថាលោកនឹងស្វាគមន៍។ លោកចាត់ទុកថាករណីសមាជិកបក្សប្រឆាំងជាប់ពន្ធនាគារនិងប្រឈមនឹងផ្លូវច្បាប់ជាសមត្ថកិច្ចរបស់តុលាការ។ លោកបញ្ជាក់ថា៖ “កុំចាប់គណបក្សប្រជាជន ឲ្យទទួលខុសត្រូវ។ គណបក្សប្រជាជនមិនបានទៅទាស់ជាមួយអ្នកឯងសោះ…”

ទោះជាយ៉ាងណា លោក ហ៊ុន សែន ព្រមានថាប្រសិនបើមានបាតុកម្មរបស់បក្សប្រឆាំង លោកថានឹងមិនអត់ឱនឲ្យនោះទេ។ លោកបន្តថាបក្សប្រឆាំងបានធ្វើបាតុកម្មមុនពេលចូលសភាក្រោយការបោះឆ្នោតឆ្នាំ២០១៣  រហូតដល់មានអស្ថិរភាពក្នុងប្រទេស។

លោក ហ៊ុន សែន ក៏បានអំពាវនាវកុំឲ្យបរទេសលូកដៃចូលកិច្ចការនះ និងបានរិះគន់បរទេសមួយចំនួនដោយលោកថាមិនយល់ពីច្បាប់កម្ពុជា។

អ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សនឹងរកដំណោះស្រាយផ្សេងៗទៀត។ ទោះជាយ៉ាងណា លោកសង្ឃឹមថាការបើកផ្លូវចរចារឿងសមាជិកបក្សជាប់ពន្ធនាគារអាចនឹងមាននៅពេលខាងមុខ។ លោកបន្តថារហូតមកដល់ពេលនេះ គណបក្សប្រឆាំងមិនមានគម្រោងធ្វើបាតុកម្មនោះទេ ដោយគ្រាន់តែប្រមូលស្នាមមេដៃប្រជាពលរដ្ឋតែប៉ុណ្ណោះ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។ សភាអឺរ៉ុបក៏អំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

មេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀតត្រូវបានតុលាការចោទប្រកាន់ រួមមានលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារមិនបានចូលទៅតុលាការតាមការកោះហៅ៕ រាយការណ៍បន្ថែមដោយ ជី បូណ៌មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ