សមត្ថកិច្ចដោះលែងព្រះសង្ឃដែលចុះអប់រំពលរដ្ឋឲ្យការពារបរិស្ថាន

(រូបភាពពីអង្គការពន្លកខ្មែរ)

សមត្ថកិច្ចបានដោះលែងព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនា ដើម្បីសន្ដិភាព វិញហើយ ក្រោយឃាត់ព្រះកាយសាកសួរជាងបីម៉ោងរឿងចែកអាវ «ការពារព្រៃឡង់» ដល់បណ្ដាញសហគមន៍ព្រៃឈើ នៅខេត្ដព្រះវិហារ នៅព្រឹកថ្ងៃសុក្រនេះ។

នៅម៉ោង៧និង៤០នាទីព្រឺកនេះ សមត្ថកិច្ចខេត្ដព្រះវិហារបានឃាត់ព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនាដើម្បីសន្ដិភាពចំនួន៤អង្គដែលដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយអាជ្ញាធរចោទថាការធ្វើសកម្មភាពរបស់ព្រះសង្ឃទាំងនោះមិនមានការអនុញ្ញាត។

បុគ្គលិកនៃអង្គការព្រះពុទ្ធសាសនាដើម្បីសន្ដិភាពព្រះតេជគុណ បូរ បេត ប្រាប់VODនៅរសៀលថ្ងៃសុក្រទី១ខែកក្កដានេះថា ព្រះតេជគណ ប៊ុត ប៊ុនតិញ និងព្រះសង្ឃ៣អង្គទៀតត្រូវបានសមត្ថកិច្ចដោះលែងវិញហើយនៅម៉ោងជាង១០ព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីសាកសួរអស់រយៈពេលជាង៣ម៉ោងដែលព្រះអង្គថាអាជ្ញាធររកកំហុសព្រះសង្ឃមិនឃើញ។

ព្រះអង្គបន្ដថាការឃាត់ព្រះសង្ឃនេះដោយចោទប្រកាន់ថាមិនបានជូនដំណឹងដល់អាជ្ញាធរ។ ព្រះអង្គបន្ដថា ក្រុមព្រះសង្ឃមិនបានធ្វើអ្វីខុសច្បាប់នោះទេ ដោយគ្រាន់តែនិមន្ដអប់រំដល់ពលរដ្ឋឲ្យចេះការពារធនធានធម្មជាតិនិងប្រទានអាវយឺត «ការពារព្រៃឡង់» ដល់តំណាងបណ្ដាញសហគមន៍ការពារព្រៃឡង់ចំនួន១៤នាក់ដែលព្រះអង្គថាធ្វើឡើងដោយមានការអនុញ្ញាតពីម្ចាស់ភោជនីយដ្ឋាន។

ព្រះអង្គបន្ដថា៖ “គ្រាន់តែក្រុមអាត្មាមកហ្នឹងគ្រាន់តែយកអាវមកជូនសហគមន៍ព្រៃឡង់និងមកអប់រំការពារពារព្រៃឡង់អ្នកដែលមកពីសហគមន៍ទាំងបួនមានតែ១៤នាក់ អាត្មាគិតថាគ្នាប៉ុណ្ណឹងគ្រាន់តែយកអាវមកជូនគាត់មិនចាំបាច់សុំច្បាប់ទៅអាជ្ញាធរអីទេបើអត់មានទាក់ទិននឹងច្បាប់អីសុំ

ព្រះតេជគុណ បូរ បេត មានថេរដីកាបន្ដថាអាជ្ញាធរបានទាមទារឲ្យអង្គការនេះជូនដំណឹងមុនពេលធ្វើសកម្មភាពណាមួយនៅក្នុងខេត្ដនេះ ប៉ុន្ដែព្រះអង្គថាការប្រទានអាវយឺតនិងនិមន្ដអប់រំពលរដ្ឋឲ្យចេះការពារព្រៃឈើមិនបាច់មានច្បាប់អនុញ្ញាតិឡើយ ដែលករណីនេះព្រះអង្គយល់ថាជាការំរលោភលើសិទ្ធិព្រះសង្ឃនិងពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ប៉ុន្ដែស្នងការរងនគរបាលខេត្ដព្រះវិហារលោក កែវ ចំរើន មានប្រសាសន៍ថាការឃាត់ព្រះសង្ឃដោយសារព្រះសង្ឃប្រមូលផ្ដុំមនុស្សមកពីស្រុកផ្សេង ដើម្បីចែកអំណោយដោយគ្មានច្បាប់អនុញ្ញាតដែលលោកថា ការជួបជុំមនុស្សនេះអាចនឹងមានបញ្ហមិនប្រក្រតីកើតឡើង។ លោកបន្ដថា៖ “ការប្រមូលផ្ដុំមនុស្សត្រូវមានការអនុញ្ញាតិច្បាប់ មិនមែនព្រះសង្ឃដើរចែកអំណោយនៅនោះមួយនេះមួយទេ ការប្រមូលផ្ដុំហ្នឹងហៅគេគ្រប់ស្រុកមក

ទោះជាយ៉ាងណាអ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថាការជួបប្រជុំគ្នា ដើម្បីផ្សព្វផ្សាយអប់រំច្បាប់លោកថាមិនមែនជារឿងខុសច្បាប់នោះទេដោយគ្រាន់តែជូនដំណឹងដល់អាជ្ញាធរប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញមាត្រា៤១ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពខាងបញ្ចេញមតិទទួលព័ត៌មាននិងផ្ដល់ព័ត៌មាន។ ប៉ុន្តែមាត្រាដដែលនេះចែងថាជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះរំលោភនាំឲ្យប៉ះពាល់ដល់កិតិ្ដយសដល់អ្នកដទៃទំនៀមទម្លាប់ល្អរបស់សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ