រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយសម្រេចបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ច ដើម្បីពង្រឹងការងារចែកដីជូនប្រជាពលរដ្ឋ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ខែមិថុនា រដ្ឋាភិបាលបញ្ជាក់ថានាយកដ្ឋាននេះស្ថិតនៅចំណុះអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងដែនដីនគរូបនីយកម្ម។ បើតាមអនុក្រឹត្យ នាយកដ្ឋានោះមានតួនាទីនិងភារកិច្ចលើកផែនការសកម្មភាពការងារគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ សហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីថ្នាក់រាជធានី ខេត្ត ដើម្បីរកដីសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ត្រួតពិនិត្យការរីកចម្រើនក្នុងការអនុវត្តការប្រើប្រាស់ដីសម្បទានសង្គមកិច្ច សហការជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលនិងចងក្រងទិន្នន័យការងារសម្បទានសង្គមកិច្ចនិងលើកជាគោលការន៍ត្រួតពិនិត្យនិងតាមដានការផ្តល់សម្បទានដីសង្គមកិច្ចនិងកែប្រែគោលនយោបាយនិងបទប្បញ្ញត្តិនានាជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិដើម្បីពិនិត្យនិងសម្រេចជាដើម។
បើតាមអនុក្រឹត្យ នាយកដ្ឋាននេះដឹកនាំដោយប្រធាន១រូបនិងអនុប្រធានមួយចំនួនតាមការចាំបាច់។លោក ហួ កុលវ័ន្ត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ចនេះ។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយចែកដីជូនប្រជាជនដែលក្រីក្រនិងគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ច៕