គណបក្សប្រឆាំង​សម្រេច​បង្កើត​រដ្ឋាភិបាល​ស្រមោលរបស់​ខ្លួន

គណបក្សសង្គ្រោះជាតិបានសម្រេចបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លួនដែលមាន១០គណៈកម្មការជំនាញដើម្បីទទួលខុសត្រូវនិងផ្តោតទៅលើវិស័យមួយចំនួន ដោយអះអាងថាដើម្បីត្រៀមដឹកនាំនៅពេលខ្លួនឈ្នះឆ្នោត។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានប្រកាសពីការបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លូនដែលមាន១០គណៈកម្មការដែលដូចគ្នាទៅនឹងគណៈកម្មការទាំង១០ដែលមាននៅរដ្ឋសភា។

លោក សុន ឆ័យ បានឲ្យដឹងថាការបង្កើតគណៈកម្មការជំនាញនេះក្នុងគោលបំណងធ្វើឲ្យមានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួនក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួនទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាសដែលគណបក្សនេះបានឈ្នះឆ្នោត។

លោកបានបន្តថា៖ “បំណងដែលយើងបង្កើតក្រុមជំនាញនេះហើយដែលមានឈ្មោះដូគ្នាទៅហ្នឹងក្រុមជំនាញនៅក្នុងរដ្ឋសភានេះ គឺជាការចាប់ផ្តើមមួយ ជាដំណាក់កាលដំបូងមួយ ដើម្បីឲ្យក្រុមសភាយើងនិងអ្នកជំនាញ ដែលមាននៅក្នុងគណបក្សនេះអាចបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេសទៅលើវិស័យទាំងឡាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងគោលបំណងរៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើងជឿថាដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងទៅគ្រប់គ្រងប្រទេស ”។  

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សនេះលោក ឈាង វុន បាននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គណបក្សប្រឆាំងធ្លាប់បានលើកឡើងពីការបង្កើតរដ្ឋាភិបាលស្រមោលនេះនៅពេលចរចាជាមួយគណបក្សកាន់អំណាចមុនពេលខ្លួនសភាផងដែរ ប៉ុន្តែមិនទាន់មានការឯកភាពពីគណបក្សប្រជាជនកម្ពុជានោះទេ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ