លោកស្រី NGUYEN THI KIM NGAN ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានាសប្ដាហ៍ក្រោយនេះ។
ទស្សនកិច្ចរបស់លោកស្រីមានរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី២៧ដល់ ថ្ងៃទី២៨ខែកញ្ញាខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាចេញផ្សាយនៅថ្ងៃអង្គារ។
លោកស្រីប្រធានរដ្ឋសភាដែលទើបតែឡើងកាន់តំណែងកាលពីខែកក្កដាឆ្នាំ២០១៦ រូបនេះក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជាដូចជាប្រធានរដ្ឋសភា លោក ហេង សំរិន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងចូលក្រាបបង្គំព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
សូមបញ្ជាក់ថាការប្រកាសអំពីដំណើរទស្សនកិច្ចធ្វើឡើង ស្របពេលស្ថានភាពនយោបាយនៅកម្ពុជាកំពុងឡើងកម្ដៅ ដោយបក្សប្រឆាំងប្រកាសធ្វើបាតុកម្ម ប្រសិនបើពុំមានការចរចា តែគណបក្សកាន់អំណាចគំរាមប្រើកម្លាំងទ័ពបង្រ្កាប៕