លោក ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិ លោក សម រង្ស៊ី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានរឹបអូសទ្រព្យសម្បត្តិរបស់​មេដឹកនាំ​គណបក្សប្រឆាំង បន្ទាប់ពីលោកបានប្តឹងទាមទារសំណងជម្ងឺចិត្តពី លោក សម រង្ស៊ី ចំនួន១លានដុល្លារ​ក្នុងសំណុំរឿងបរិហាកេរ្តិ៍។

ក្នុងកិច្ចប្រជុំរដ្ឋសភាដើម្បីដកតំណែងលោក កឹម សុខា លោក ហ៊ុន សែន ថ្លែងថា លោករង់ចាំឲ្យតែសាលក្រមចូលជាស្ថាពរ លោកនឹងឲ្យមេធាវី​សុំទៅតុលាការឲ្យចេញដីការក្សាការពារទ្រព្យសម្បត្តិ​របស់លោក សម រង្ស៊ី នៅក្នុងប្រទេសទាំងប៉ុន្មាន រួមទាំងទីស្នាក់ការបក្សសង្គ្រោះជាតិផង ដើម្បីដាក់លក់ឡៃឡុង ដែលលោកថាដើម្បីជាការព្រមានមួយដល់លោក សម រង្ស៊ី។

លោកថា៖ «លើកនេះខ្ញុំយកហើយលុយ! អត់មានយកតែមួយរៀលដូច ថាក់ ឡានី ទេ។ ខ្ញុំទារមួយលានដុល្លារ។ តែសាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន បើកាលណាសាលក្រមនេះចូល[ស្ថាពរ]ហើយ នឹងបង្កកទ្រព្យសម្បត្តិ សុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពួកហ្នឹងចោលឲ្យអស់ហ្មង ដើម្បីឲ្យរាង។ ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេលក់ស្នាក់ការគណបក្សហ្នឹងលក់ឡៃឡុង។ អ្នកឯងស្អីអាងរួចខ្លួន!»។

ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានជំរុញឲ្យ លោក ហេង សំរិន និងលោក ហោ ណាំហុង ដែលជាម្ចាស់បណ្តឹងប្តឹងលោក សម រង្ស៊ី កន្លងមកដែរនោះ នាំគ្នាដាក់សម្ពាធឲ្យមេដឹកនាំបក្សប្រឆាំង​សង​ជម្ងឺចិត្តរាប់ម៉ឺនដុល្លារថែមទៀត។

លោក ហ៊ុន សែន ក៏បានបញ្ជាមិនឲ្យអាជ្ញាធរមានសមត្ថកិច្ចផ្ទេរទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ទៅអ្នកណាផ្សេងឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ដែលជាការឆ្លើយតបនឹងការប្រជុំរដ្ឋសភាដក​​តំណែង លោក  កឹម សុខា នៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ថ្លែងថារាល់ពេលមានការបង្ហើបពីលោកហ៊ុន សែន នោះតុលាការកម្ពុជានឹងមានចំណាត់ការតាមហើយ តែលោកចំអកទៅវិញថាប្រសិនជាមានការធ្វើបែបនេះមែននោះ លោកថាវារឹតតែធ្វើឲ្យពលរដ្ឋកាន់តែគាំទ្របក្សប្រឆាំងបន្ថែមទៀត។

លោកថា៖ «ជាការពិសោធន៍ច្រើនដងក៏យើងធ្លាប់ដឹងផងដែរថា កាលណាសម្តេចនាយករដ្ឋមន្ត្រីលោកមានបំណងយ៉ាងមិចតុលាការធ្វើការងារមិនសូវខុសគ្នាពីបំណងរបស់សម្តេចនាយករដ្ឋមន្ត្រីទេ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ដូចដែលបានបញ្ជាក់ដែរក្នុងការងារនយោបាយ មិនមែនឧបករណ៍ទេគឺប្រជារាស្ត្រ ជាឆន្ទះរបស់ប្រជាពលរដ្ឋ ដែលជាអ្នកយល់ឃើញ អ្វីដែលជាការបារម្ភគឺការធ្វើបែបនេះវាអាចធ្វើឲ្យពលរដ្ឋគាត់មិនសប្បាយចិត្ត ហើយគាំទ្របក្សសង្គ្រោះជាតិកាន់តែច្រើន ខ្ញុំគិតអញ្ចឹងទៅវិញទេ »។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។ប៉ុន្តែកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា៖ «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»៕ រាយការណ៏បន្ថែម ដោយ ហ៊ុន សេរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ