លោក សម រង្ស៊ី ឆ្លើយតបនឹងការព្រមានរបស់លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

បន្ទាប់ពីលោក ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំគណបក្សប្រឆាំងដែលកំពុង​ជាប់បណ្តឹងទារសំណង១លានដុល្លារនោះ លោក សម រង្ស៊ី បានឆ្លើយតបថាបក្សកាន់អំណាចកំពុងតែភ័យពីការចាញ់ឆ្នោតនៅពេលខាងមុខ។​

នៅប៉ុន្មានម៉ោងក្រោយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស បានសរសេរលើ​ហ្វេសប៊ុកលោកថា៖ «ការគំរាមកំហែងទាំងនេះ បង្ហាញពីភាពស្លន់ស្លោរបស់លោក ហ៊ុន សែន នៅពេលដែលការបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតរដ្ឋសភា ក្នុងខែកក្កដា ឆ្នាំ២០១៨ កាន់តែឈានចូលមកជិត»។

លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន បានយល់ច្បាស់ថា បក្សកាន់អំណាច «មិនអាចរារាំងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ គាត់បែរជាមករករឿងកាន់តែសាហាវឡើង មកលើរូបខ្ញុំ ពីព្រោះខ្ញុំជានិមិត្តរូបនៃការតស៊ូប្រឆាំងអំណាចផ្តាច់ការ និងពុករលួយ របស់គាត់ និងក្រុមគ្រួសារគាត់»។

បើតាមលោក សម រង្ស៊ី «ការគំរាមកំហែងរបស់លោក ហ៊ុន សែន នេះ មិនមានប្រសិទ្ធភាពទេ ហើយនឹងនាំមកនូវបរាជ័យកាន់តែឆាប់ឡើង ចំពោះគណបក្សកាន់អំណាចសព្វថ្ងៃ ដែលកំពុងតែជ្រួលច្របល់ពីការចាញ់ឆ្នោតខាងមុខ»។

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា នឹងរឹបអូសទ្រព្យសម្បត្តិរបស់​មេដឹកនាំ​គណបក្សប្រឆាំងរួមទាំងទីស្នាក់ការបក្សផង បន្ទាប់ពីលោកបានប្តឹងទាមទារសំណងជម្ងឺចិត្តពី លោក សម រង្ស៊ី ចំនួន១លានដុល្លារ​ក្នុងសំណុំរឿងបរិហាកេរ្តិ៍។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ