នៅទីបំផុតទៅ លោក ហ៊ុន សែន បានបញ្ជាឲ្យលុបចោលនូវបំរាមដែលរារាំងការវិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួន កាលពីចុងឆ្នាំ២០១៥។
នៅក្នុងសេចក្តីសម្រេចថ្មីមួយនៅថ្ងៃពុធនេះ ដោយយោងតាមបញ្ជារបស់ លោក ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ទៅ អគ្គស្នងការនគរបាលជាតិលោក នេត សារឿន និងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ថារដ្ឋាភិបាលបានសម្រេចលុបចោលសេចក្តីសម្រេចហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលស្រុកនោះហើយ។ប៉ុន្តែក្នុងសេចក្តីសម្រេចនេះ គណៈរដ្ឋមន្រ្តីមិនបានបញ្ជាក់ពីមូលហេតុនៃការលុបចោលលបំរាមនេះទេ។
ក្នុងបទសម្ភាសន៍មួយកាលពីយប់មិញ លោក សម រង្ស៊ី អះអាងថា លោកព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីប្រកួតប្រជែងជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាទៅ គ្រប់អាកាសយានដ្ឋានអន្តរជាតិ គ្រប់ច្រកទ្វារអន្តរជាតិ ឲ្យត្រៀមទប់ស្កាត់ដាច់ខាត មិនឲ្យលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជាបានឡើយ៕