ទីបំផុតទៅ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅបរទេសក្រោយប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់នៅកម្ពុជានោះ អាចវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញហើយ ដោយគ្មានការរាំងខ្ទប់ទៀតនោះទេ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបើកផ្លូវ។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៥មក លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសរហូត បន្ទាប់ពីប្រឈមមុខនឹងបណ្ដឹងជាច្រើនករណីពីសំណាក់ក្រុមមេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះមានទាំងបណ្ដឹងរបស់លោក ហ៊ុន សែន ជុំវិញបញ្ហាការប្រើប្រាស់ឯកសារព្រំដែន និងការចោទប្រកាន់លោក ហ៊ុន សែន ថាបានរៀបចំផែនការសម្លាប់លោក កែម ឡី ជាដើម។
ខណៈដែលរស់នៅនិរទេសខ្លួននៅឯបរទេសនោះ លោក សម រង្ស៊ី បានប្រកាសជាបន្តបន្ទាប់ថា លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ ឬការបោះឆ្នោតជាតិឆ្នាំ២០១៨ ប៉ុន្តែ នៅឯក្នុងប្រទេសកម្ពុជាឯនេះវិញ រដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមរាំងខ្ទប់ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់អតីតមេបក្សប្រឆាំងរូបនេះ។
គេនៅចាំបានថា កាលពីខែតុលាឆ្នាំ២០១៦ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច បានជូនដំណឹងទៅដល់អាជ្ញាធរអន្តោប្រវេសន៍ និងអាជ្ញាធរអាកាសចរណ៍ ឲ្យរាំងខ្ទប់ដំណើរវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត លោក តឹករ៉េត សំរេច ក៏បានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍ឯកជនទាំងអស់ផងដែរ កុំឲ្យដឹកជញ្ជូនលោក សម រង្ស៊ី ត្រឡប់ចូលស្រុកវិញ។
វិធានការបែបនេះដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងទៅតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
រំលងទៅមិនទាន់គ្រប់មួយឆ្នាំផង គិតត្រឹមថ្ងៃទី១៤ ខែមិថុនានេះ លោក ហ៊ុន សែន បានសម្រេចចិត្តលុបចោលវិធានការនោះវិញ ដែលនេះអាចចាត់ទុកថា ជាការបើកផ្លូវសម្រាប់លោក សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ និងអាចវិលត្រឡប់ចូលទៅក្នុងឆាកនយោបាយកម្ពុជាឡើងវិញ។
បន្ទាប់ពីលោក ហ៊ុន សែន សម្រេចបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ វាបានជំរុញឲ្យមានមន្ទិលសង្ស័យថា តើមានអ្វីស្ថិតនៅពីក្រោយការសម្រេចចិត្តបែបនេះរបស់លោក ហ៊ុន សែន ឬគេចោទសួរបែបម្យ៉ាងទៀតថា តើមានថ្នូរនយោបាយអ្វីសម្រាប់ការបើកផ្លូវឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ?
ឆ្លើយតបទៅនឹងមន្ទិលសង្ស័យនេះ ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា បានលើកឡើងថា ការលុបចោលវិធានការទៅលើអតីតមេដឹកនាំបក្សប្រឆាំងនេះ មិនមានន័យថា លោក សម រង្ស៊ី អាចវិលចូលប្រទេសកម្ពុជាវិញ ដោយរួចផុតការចោទប្រកាន់ និងការចាប់ខ្លួន ទៅតាមបណ្ដឹងនានាប្រឆាំងនឹងរូបលោកនោះឡើយ។
ជាការបង្ហាញនូវទស្សនយល់ឃើញជុំវិញការលុបចោលវិធានការរាំងខ្ទប់ការវិលត្រឡប់ចូលស្រុកវិញរបស់អតីតមេបក្សប្រឆាំងនោះ នាយកប្រតិបត្តិសម្ព័ន្ធភាពគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា វាមិនមែនជាសញ្ញាណបង្ហាញថា មានការស្រុះស្រួលនយោបាយនៅក្នុងចំណោមអ្នកនយោបាយកម្ពុជានោះឡើយ។
លោក សន ជ័យ បញ្ជាក់ថា ការលុបចោលបម្រាមនេះ មិនមែនមានន័យថា លោក សម រង្ស៊ី រួចផុតពីការចោទប្រកាន់ និងការចាប់ខ្លួនតាមបណ្ដឹងផ្លូវតុលាការនៅក្នុងប្រទេសកម្ពុជានោះឡើយ ខណៈដែលមេបក្សប្រឆាំងរូបនេះ នៅតែមិនទាន់ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា។
លោក សន ជ័យ មានប្រសាសន៍ថា៖ “អញ្ចឹងការបើច្រកឡើងវិញនេះ ខ្ញុំនៅតែមើលឃើញពីចំណុចដែលមិនទាន់គ្រប់គ្រាន់ថា វានឹងមានការស្រុះស្រួលនយោបាយអីទេ ដោយសារអី? ដោយសារការស្រុះស្រួលនយោបាយ វាអាចកើតឡើង និងឈានទៅដល់ការលើកលែងទោសលោក សម រង្ស៊ី។ អញ្ចឹងការលើកលែងទោស គឺជាការរៀបចំតាមនីតិវិធី ស្នើដោយរដ្ឋាភិបាលកម្ពុជាទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសដល់លោក សម រង្ស៊ី”។
សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូរ ចន្ថា វិញ លោកជឿជាក់ថា សេចក្ដីសម្រេចថ្មីនេះដែលលើកលែងការរាំងខ្ទប់ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី នោះ វាជារឿងនយោបាយទាំងស្រុង ហើយវាស្ថិតនៅក្រោមយុទ្ធសាស្ត្រនយោបាយរបស់គណបក្សកាន់អំណាច ដែលតែងតែព្យាយាមបំបែកបំបាក់គណបក្សប្រឆាំង។
លោក សូរ ចន្ថា មើលឃើញថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវបានចោទប្រកាន់ ហើយរំលាយចោល ក្រោមមាត្រាថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ប្រសិនលោក សម រង្ស៊ី វិលត្រឡប់ចូលស្រុក ហើយវិលទៅចូលរួមនយោបាយជាមួយគណបក្សប្រឆាំងឡើងវិញនោះ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ បានអះអាងដូច្នេះ បន្ទាប់ពីលោកមើលឃើញថា លោក សម រង្ស៊ី នៅតែប្រឈមមុខនឹងការចោទប្រកាន់ និងការចាប់ខ្លួនតាមផ្លូវតុលាការ ទៅតាមបណ្ដឹងពីមេដឹកនាំបក្សកាន់អំណាច បើទោះបីជាមានការបើកផ្លូវឲ្យលោកវិលត្រឡប់ចូលស្រុកវិញក៏ដោយ។
លោក សូរ ចន្ថា មានប្រសាសន៍ថា៖ “ប្រសិនបើលោក សម រង្ស៊ី ចូលមកពេលនេះ ហើយលោកហក់ចូលនៅក្នុងបក្សប្រឆាំង អាចជាចំណុចសេណារីយ៉ូមួយ ដែលនឹងមានការភ្ជាប់លោក សម រង្ស៊ី ទៅនឹងគណបក្សប្រឆាំង ហើយបើយោងតាមច្បាប់ស្ដីពីគណបក្សនយោបាយ អាចនឹងឈានដល់រំំលាយគណបក្សអីជាដើមហ្នឹង អានេះយោងតាមច្បាប់ស្ដីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មថ្មីហ្នឹង។ អញ្ចឹងកន្លែងនេះ ខ្ញុំគិតថា វាជាយុទ្ធសាស្ត្រថ្មីមួយដែលគួរតែពិនិត្យមើល គួរតែពិចារណាមើលមុននឹងត្រឡប់មកវិញ”។
ចំណែកមន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា មើលឃើញថា ការសម្រេចថ្មីនេះ អាចជាវិធីសាស្ត្ររុញទូកបណ្ដោយទឹក ហើយក៏អាចជាវិញ្ញាសាមួយសាកល្បងអំពីភាពក្លាហានរបស់លោក សម រង្ស៊ី ខណៈដែលមេបក្សប្រឆាំងរូបនេះ បានប្ដេជ្ញាក្ដែងៗថា លោកនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាឲ្យបាននៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ទោះជាយ៉ាងណាក៏ដោយ ទាំងលោក សន ជ័យ និងលោក សូរ ចន្ថា នៅមិនទាន់មើលឃើញថា មានថ្នូរនយោបាយរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ ខណៈដែលលោក សម រង្ស៊ី មិនទាន់ទទួលបានការលើកលែងទោសនៅឡើយ ដែលការលើកលែងទោសនោះ ជាទូទៅ ត្រូវបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅព្រះមហាក្សត្រកម្ពុជា៕