ក្រសួងព័ត៌មាន បានគម្រាមដកអាជ្ញាប័ណ្ណវិទ្យុក្នុងស្រុកចំនួន ២ទៀត ប្រសិនបើវិទ្យុទាំងពីរនោះ មិនព្រមបញ្ឍប់ការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី RFA និង វិទ្យុសំលេងសហរដ្ឋអាមេរិកវីអូអេ VOA។
ក្នុងសេចក្ដីជូនដំណឹងពីរដាច់ដោយឡែកពីគ្នាចេញនៅថ្ងៃទី០៣ ខែកញ្ញានេះ ក្រសួងព័ត៌មានបានប្រាប់ទៅម្ចាស់ស្ថានីយ៍វិទ្យុសំបុកឃ្មុំ FM១០៥ និងម្ចាស់ស្ថានីយ៍វិទ្យុ FM ១០២ ឲ្យបញ្ឈប់ការចាក់ផ្សាយឡើងវិញនូវកម្មវិធីព័ត៌មានវិទ្យុអាស៊ីសេរី និងវីអូអេ។
ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងព័ត៌មានបានគម្រាមដកអាជ្ញាប័ណ្ណ និងបញ្ឈប់ការផ្សាយរបស់វិទ្យុទាំង២ ជាស្ថាពរ ករណីមិនគោរពតាមការណែនាំចាប់ពីថ្ងៃនេះតទៅ ដោយក្រសួងលើកហេតុផលថា វិទ្យុអាស៊ីសេរី RFA និង វិទ្យុសំលេងសហរដ្ឋអាមេរិកវីអូអេ VOA ពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់នៅក្រសួងព័ត៌មាននៅឡើយទេ។
នាយិកានៃស្ថានីយវិទ្យុស្រ្តីកម្ពុជា FM១០២ អ្នកស្រី ជា ស៊ុន ដាណែត បានសម្រេចបិទការផ្សាយកម្មវិធីព័ត៌មានរបស់ RFA និង VOA តាមការណែនាំរបស់ក្រសួង។
ចំណែកម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ក៏សម្រេចតាមការណែនាំរបស់ក្រសួងដែរ ប៉ុន្តែ លោក សម្ដែងការសោកស្ដាយចំពោះការបិទការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំង ២នោះ។
កាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានបិទស្ថានីយ៍វិទ្យុចំនួន ១៩ ដែលបានជួលម៉ោងផ្សាយអោយវិទ្យុសំលេងប្រជាធិបតេយ្យ វីអូឌី វិទ្យុអាស៊ីសេរី និងវិទ្យុសំលេងសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក៏បានបង្គាប់ទៅកាសែត Cambodia Daily ឲ្យបង់ពន្ធចំនួន ៦.៣លានដុល្លារផងដែរ ដោយរដ្ឋាភិបាលកម្ពុជាថា កាសែតនេះបានជំពាក់ពន្ធរដ្ឋរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចាត់ទុកវិធានទាំងនេះរបស់រដ្ឋាភិបាលកម្ពុជាថា ជាការបំបាត់សំឡេងរិះគន់ ធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយថា ជាការអនុវត្តច្បាប់ទៅវិញ៕