លោកស្រី រ៉ូណា ស្មីត បារម្ភជាថ្មីថា កម្ពុជាកំពុងធ្វើច្បាប់ប៉ះពាល់សិទ្ធិបញ្ចេញមតិ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានបង្ហាញក្ដីបារម្ភជាថ្មី អំពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលស្នើកែប្រែច្បាប់ចំនួន២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពីថ្ងៃម្សិលមិញ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត និយាយថា វិសោធនកម្មច្បាប់ចំនួន២ គឺវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រនោះ អាចនឹងធ្វើឲ្យប៉ះពាល់សិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជា។

លោកស្រីមានប្រសាសន៍ថា មុននឹងអនុម័តច្បាប់ណាមួយ រដ្ឋាភិបាលគួរតែបើកចំហឲ្យភាគីពាក់ព័ន្ធ ចូលរួមពិគ្រោះយោបល់ ដើម្បីស្របទៅតាមបទដ្ឋាននៃច្បាប់សិទ្ធិមនុស្សអន្ដរជាតិ។

លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬវិសោធនកម្មច្បាប់ណាមួយនោះ គួរត្រូវបានវិភាគដោយប្រុងប្រយ័ត្ន និងការពិគ្រោះយោបល់ពេញលេញ ដើម្បីធានាថា ស្របទៅតាមបទដ្ឋាននៃច្បាប់សិទ្ធិមនុស្សអន្ដរជាតិ មុនពេលដែលច្បាប់នោះ ត្រូវបានអនុម័ត។ នេះជាអ្វី ដែលខ្ញុំនិយាយជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ហើយនិងអង្គការ ស្ថាប័នផ្សេងទៀតរបស់រដ្ឋសភា កាលពីមុន ហើយខ្ញុំក៏លើកមកពិភាក្សាម្ដងទៀត»។

មុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី៥នេះ លោកស្រី រ៉ូណា ស្មីត និងអ្នករាយការណ៍ពិសេសម្នាក់ទៀត លោក David Kaye បានរិះគន់ច្បាប់ទាំងពីរនេះថា មិនស្របនឹងច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ព្រោះពាក្យពេចន៍ក្នុងច្បាប់នោះ មានភាពមិនច្បាស់លាស់ ដែលអាចនឹងរិតត្បិតដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក​ ជិន ម៉ាលីន ច្រានចោលក្ដីកង្វល់របស់លោកស្រី រ៉ូណា ស្មីត ដោយថា ការធ្វើច្បាប់របស់រដ្ឋាភិបាល គឺផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្ដ្រ វប្បធម៌ និងទិដ្ឋភាពសង្គម។

លោកថា៖ «ក្រុមការងារយើងបានធ្វើការពន្យល់ពីមូលហេតុ និងទឡ្ហីករណ៍ ដើម្បីឲ្យគាត់បានយល់ ថា មូលហេតុអីថា យើងចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាពិសេសក្រមព្រហ្មទណ្ឌ ដែលដាក់ទោសដល់អ្នកប្រមាថព្រះមហាក្សត្រ យើងបានពន្យល់ទៅគាត់ ទាំងទិដ្ឋាភាពសិទ្ធិមនុស្ស ទាំងទិដ្ឋភាពច្បាប់ជាតិ ទាំងទិដ្ឋភាពសង្គម ទាំងទិដ្ឋភាពវប្បធម៌ ទាំងទិដ្ឋភាពប្រវត្ដិសាស្ដ្ររបស់កម្ពុជា»។

មន្ដ្រីផ្នែកស៊ើបអង្កេតនៃអង្គការអាដហុក លោក សឹង សែងករុណា យល់ស្របនឹងការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ដោយថា វិសោធនកម្មច្បាប់ទាំងពីរនេះ ហាក់ធ្វើឡើងដោយប្រញាប់ប្រញាល់ មិនមានអង្គការសង្គមស៊ីវិលចូលរួមផ្ដល់យោបល់ និងគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមជជែកដេញដោល។

លោកថា៖ «ខ្លឹមសារនៃការបង្កើតច្បាប់មួយ ដែលត្រឹមត្រូវ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយភាគីផ្សេងទៀតអត់បានចូលរួមក្នុងការផ្ដល់មតិ យោបល់ដូចខ្ញុំលើកឡើងខាងដើមអញ្ចឹង គឺខ្លឹមសារច្បាប់ហ្នឹង មិនឆ្លុះបញ្ចាំង ឬបម្រើផលប្រយោជន៍រួមរបស់សង្គមជាតិទេ វាបង្កើតឡើងក្នុងន័យបម្រើផលប្រយោជន៍តែទៅលើក្រុមម្ខាងតែប៉ុណ្ណោះ។ កាលណាច្បាប់មួយកើតឡើងក្នុងលក្ខណៈបន្ទាន់ បង្ខំ ហើយមិនមានភាពត្រឹមត្រូវបែបនេះ យើងគិតថា ច្បាប់នេះ នឹងធ្វើឲ្យមានការប៉ះទង្គិចទៅលើភាគី អ្នកនយោបាយផ្សេងៗ ដែលគាត់មិនបានចូលរួម»។

បើតាមសេចក្ដីប្រកាសព័ត៌មាន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី៥ រហូតដល់ថ្ងៃទី១៤ខែមីនា ក្នុងគោលបំណងធ្វើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាខែកញ្ញាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ