លោក ស៊ុយ សែម អះ​អាង​ថា អ្នក​ភូមិ​នៅ​ក្រចេះ​មិន​មែន​ពុល​សារធាតុ​ស្យានីត​ទេ

រូបភាព៖ លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល (បណ្ដាញសង្គម)

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បាន​បដិសេធ​ថា អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ មិន​មែន​ពុល​ទឹកផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ពុល​ស្យានីត​ដូច​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​អះ​អាង​នោះ​ទេ ដោយ​ថា អ្នក​ភូមិ​ពុល​ថ្នាំ​គីមី​កសិកម្ម។

កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បាន​បន្ទោស​ទៅ​លើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ថា បាន​ប្រើ​ប្រាស់​សារធាតុ​គីមី​ពុល​ស្យានីតនៅ​ក្នុង​សកម្មភាព​រុក​រក​រ៉ែ​មាស ដែល​បង្ក​ឲ្យ​មាន​សារធាតុ​ពុល​នេះ​ហូរ​ចូល​អាង​ទឹក​ព្រែក​ទេរ និង​បង្ករ​ឲ្យ​ពលរដ្ឋ​ពុល ក្រោយ​ប្រើ​ប្រាស់​ទឹក​នោះ។

លោកថា៖ «ឃើញកម្រិតនៅក្នុងទឹកហ្នឹង មានជាតិក្រូម។ អាក្រូមហ្នឹង ប៉ះពាល់ដល់គ្រឿងក្នុងយើងច្រើនណាស់។ ទី២ យើងឃើ​ញ​ស្យា​នីដទៀត។ ស្យានីដ គឺជា​ជាតិពុល​ អញ្ចឹង អាស្យានីដហ្នឹង វាមានពីណា យើងទៅស្រាវជ្រាវ ស្យានី​ដ គេប្រើ​ស​ម្រាប់លាង​មា​សឲ្យ​ស្អា​​ត។ យើងទៅរកឃើញកន្លែងមួយចំនួន ដែលធ្វើរ៉ែមាស មានអាជ្ញាប័​ណ្ណ មិនមានអា​ជ្ញាប័ណ្ណ ឃើ​ញទាំងធុ​ងស្យា​នីដ​នៅ​កន្លែ​ង​ហ្នឹ​​​ងទៀត»

ប៉ុន្តែ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានបដិសេធចំពោះ​ការ​អះ​អាង​បែប​នេះ ដោយថា ការពុលស្លាប់​នៅ​ខេត្តក្រចេះ កន្លងមក បណ្ដាលមកពីពុលថ្នាំសម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ ​ដែលប្រជាពលរដ្ឋបោះចោលនៅមាត់ស្ទឹង និងមាត់​ព្រែកជាប់នៅទីកន្លែងនោះ។

លោក ស៊ុយ សែម អះ​អាង​បន្ត​ថា ក្រសួងបរិស្ថានបានយក​ឈាម​អ្នកស្លាប់ទៅ​ពិ​និត្យនៅ​ប្រទេសសិង្ហបុរី ប៉ុន្តែ ពុំ​បាន​រក​ឃើញសារ ធាតុ​គីមី​ស្យា​នី​ដ​នៅក្នុង​ឈាម​អ្នកស្លាប់ទេ។

តាមក្រសួងសុខាភិបាល គេប្រកាសរួចហើយតើ មិនមែនស្យានីត មិនមែនស្យានីតទេ ​គឺពុលស្អីរឿង ផ្សេង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​ទេ

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ពាក់ព័ន្ធនឹងរឿងនេះ នាយកប្រតិបត្តិមជ្ឍមណ្ឌប្រជាពលរដ្ឋ​​​ដើម្បីអភិវឌ្ឍ​ន៍​​ និង​​​សន្តិភាព​​លោក​ យង់ គិម​អេង ចាត់ទុក​ការអះអាងផ្សេងគ្នានេះ​ថា នឹងធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿលើរដ្ឋាភិបាល។

គួរតែមានជំនាញចុះទៅស្រាវជ្រាវឲ្យបានច្បាស់លាស់ មិនមែនម្នាក់ថា លិច ម្នាក់ថាកើត ប្រជាជនជឿម៉េចបាន។ សំខាន់​បំផុត​ទាល់​ឲ្យ​ថា តើមានជំនាញណាអ្នកធ្វើការហ្នឹង គួរតែមានលទ្ធ​ផលស្រាវ​ជ្រាវច្បាស់​លាស់។ យើងឃើញថា បើមានមតិខុសគ្នាដូចនេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មានមន្ទិល

នាយកប្រតិបត្តិមជ្ឍមណ្ឌប្រជាពលរដ្ឋ​​​ដើម្បីអភិវឌ្ឍ​ន៍​​ និង​​​សន្តិភាព​​លោក​ យង់ គិម​អេង

ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ ១៣​នាក់​នៅ​ស្រុក​ចិត្របុរី​ បាន​ស្លាប់​ ហើយ​ ២៣៤​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាមមន្ទីរ​ពេទ្យ​កាល​ពី​ដើម​ខែ​ឧសភា​នេះ ក្រោយ​ពី​​មាន​អការៈ​ឈឺ​ពោះ ក្អួត​ចង្អោ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិល​មុខ ថប់​ដង្ហើម សន្លប់ និង​បណ្ដាល​ឲ្យ​ស្លាប់៕

រូបភាព៖ ពីបណ្ដាញសង្គម
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ