ពលរដ្ឋជិត១០០នាក់មកខេត្តព្រះសីហនុបានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាឧទ្ធរណ៍ ខណៈតុលាការមួយនេះបើកសវនាការបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងពួកគាត់៤នាក់នៅថ្ងៃនេះ។
តំណាងពលរដ្ឋ៤នាក់មានអ្នកស្រី ឡុច ទូច លោក ម៉ែន ខេន លោក ញាញ់ ជាតិ និងលោក កៅ ហេង នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំខ្លួនកាលបីថ្ងៃទី៦ខែឧសភា បន្ទាប់ពីមានជម្លោះជាមួយឧកញ៉ាម្នាក់ ឈ្មោះ តាន់ តាត់។
ពលរដ្ឋម្នាក់ដែលមកគាំទ្រតំណាង និងតាមដានសវនាការនោះលោក យូ វាសនា និយាយថា ក្រុមអ្នកភូមិនាំមកគាំទ្រ និងលើកបដាសុំឲ្យដោះលែងនោះដោយសារតំណាងមិនមានកំហុស និងជាប់ឃុំទាំងអយុត្តិធម៌។
លោកបន្តថា សាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំតំណាងរបស់ពួកគាត់ទាំង៤នាក់នោះ គឺមិនបានធ្វើតាមគោលការណ៍ច្បាប់ និងមិនបានចុះស្រាវជា្រវច្បាស់លាស់ឬសគល់នៃដើមហេតុ។
ពលរដ្ឋម្នាក់ដែលមកគាំទ្រតំណាង និងតាមដានសវនាការនោះលោក យូ វាសនា
លោក យូ វាសនា ឲ្យដឹងថា អ្នកភូមិបានទៅរស់នៅ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះតាំងពីឆ្នាំ១៩៩២រហូតមកដល់បច្ចប្បន្នដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់តាំងពីឆ្នាំ២០០៣ បែរជាលោក ឧញ្ញា តាន់ តាត់ ចោទថា ពួកគាត់រស់នៅលើដីរបស់ខ្លួនទៅវិញ។
ប្រធានសមាគមដីធ្លីខេត្តព្រះសីហនុ លោក ស៊ុន សុផាត និយាយថា វិវាទដីធ្លីនេះហាក់មានភាពចម្រូងចម្រាសដោយថា ពលរដ្ឋបានទៅរស់នៅទីនោះតាំងពីឆ្នាំ១៩៩២ ហើយមានការទទួលពីអាជ្ញាធរមូលដ្ឋានតាំងជំនាន់នោះផងដែរ ប៉ុន្តែគ្មានប័ណ្ណកម្មសិទ្ធ ហើយក្រសួងកសិកម្មបានអះអាងថា ដីតំបន់នោះក៏ស្ថិតក្នុងតំបន់គម្របព្រៃឈើខេត្តព្រះសីហនុទៀត ប៉ុន្តែ ឧញ្ញា តាន់ តាត់ បែរ ជាមានប័ណ្ណកាន់កាប់លើដីកំពុងមានជម្លោះនោះទៅវិញ។
ប្រធានសមាគមដីធ្លីខេត្តព្រះសីហនុ លោក ស៊ុន សុផាត
វិអូឌីមិនអាចសុំឆ្លើយតប់ពីលោក ឧញ្ញា តាន់ តាត់ បានទេជំវិញវិវាទដីធ្លីដ៏ចម្រូងចម្រាស់នេះ ខណៈសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើសុំណុំរឿងនៅក្រៅឃុំរបស់តំណាង៤នាក់នោះថ្ងៃទី១៨ខែកក្កដាខាងមុខ។ នេះបើតាមតំណាងសហគមន៍ដីធ្លីលោក ស៊ុន សុផាត។
បើតាមតំណាងពលរដ្ឋ អ្នកភូមិ ៥៦គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ មានជម្លោះដីធ្លីជាមួយលោក តាន់ តាត់ ជុំវិញដីទំហំ ៨៤ហិកតា៕