លោកស្រី រ៉ូណា ស្មីត ចោទសួរពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជាក្នុង​សម័យប្រជុំ​UN

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចោទសួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតថ្នាក់ជាតិខែកក្កដាកន្លងទៅ ខណៈលោកស្រីរកឃើញថា មានការរំលោភសិទ្ធិមនុស្ស ការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត។

ក្នុងសម័យ​ប្រជុំលើកទី៣៩ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃម្សិលមិញ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានបង្ហាញនូវរបាយការណ៍ទាក់ទិននឹងបញ្ហានីតិរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងសម័យ​ប្រជុំនោះ លោកស្រី រ៉ូណា ស្មីត បានចោទសួរអំពី «ភាពពិតប្រាកដ» នៃការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ ថាតើការបោះឆ្នោតនេះមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែរឬទេ។

លោកស្រី រ៉ូណា ស្មីត បានយោងទៅលើរបាយការណ៍របស់លោកស្រី ដែលថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកនេះ ពោរពេញដោយការរឹតត្បិតសិទ្ធិសេរីភាព បង្ខិតបង្ខំពលរដ្ឋឲ្យចេញបោះឆ្នោត ការបិទប្រព័ន្ធផ្សព្វផ្សាយ ការយាយីក្រុមអង្គការសង្គមស៊ីវិល ការរំលាយគណបក្សប្រឆាំងដ៏ធំមួយ និងការបិទសិទ្ធិអ្នកនយោបាយបក្សប្រឆាំង ១១៨នាក់។

លោកស្រីថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីចាប់ចងអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី អ្នកសារព័ត៌មាន និងចោទប្រកាន់ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីបទ «ក្បត់ជាតិ»។

លោកស្រី រ៉ូណា ស្មីត ថ្លែងថា៖ «ការរំលាយគណបក្សប្រឆាំងដ៏ធំមួយ និងការហាមប្រាមក្រុមសមាជិកមន្ដ្រីជាន់ខ្ពស់អតីតបក្សប្រឆាំងមិនឲ្យធ្វើសកម្មភាពនយោបាយ៥ឆ្នាំ គឺធ្វើឲ្យមានការចោទសួរពីភាពពិតប្រាកដនៃការបោះឆ្នោត។ ការសួរដេញដោលផ្នែកនយោបាយជាលក្ខណៈពហុបក្សនោះ គឺផ្នែកដ៏សំខាន់មួយដើម្បីមានការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងការបោះឆ្នោត»។

ប៉ុន្ដែ តំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្សឺណែវ លោក ណី សំអុល បានថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយច្រានចោលរបាយការណ៍របស់លោកស្រី រ៉ូណា ស្មីត ថា មិនត្រឹមត្រូវ ផ្អែកទៅលើរបាយការណ៍មានប្រភពមិនឯករាជ្យ ​និងមានលក្ខណៈលម្អៀងផ្នែក​នយោបាយ។

តំណាងកម្ពុជារូបនេះ​អះអាងថា អវត្តមានគណបក្សសង្គ្រោះជាតិ មិនបានន័យថា បញ្ហាសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិត្រូវបានរំលោភបំពាននោះទេ ដោយលោកយោងទៅលើរបាយការណ៍របស់ គ.ជ.ប ដែលថា មានពលរដ្ឋដល់ទៅជាង ៨៣ភាគរយ បានចេញទៅបោះឆ្នោត។

លោកថ្លែងថា៖ «របាយការណ៍នេះផ្អែកជាចម្បងលើប្រភពមិនឯករាជ្យ មិនអាចជឿទុកចិត្តបាន និងមានលក្ខណៈនយោបាយ ជាពិសេសគឺប្រភពដែលផ្ដល់ដោយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល [] ការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសដែលមានលក្ខណៈស្រពិចស្រពិលបែបនេះ អាចបង្កឲ្យមានការបកស្រាយបែបអត្តនោម័តិ និងការទាញប្រយោជន៍នយោបាយតាមរយៈតួអង្គផ្សេងៗ»។

យ៉ាងណាក៏ដោយ អង្គការអន្ដរជាតិចំនួន២ គឺអង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងក្រុមប្រឹក្សាអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) បានគាំទ្ររបាយការណ៍របស់លោកស្រី រ៉ូណា ស្មីត ដោយពួកគេចោទរដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ប្រព័ន្ធច្បាប់នៅក្នុងផ្លូវខុស ដើម្បីរំលោភសិទ្ធិមនុស្សចាប់ចង់ក្រុមអ្នករិះគន់ និងបំបាត់ដៃគូរបស់ខ្លួនមិនឲ្យចូលរួមការបោះឆ្នោត។

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា រដ្ឋាភិបាលគួរតែបន្ទន់ឥរិយាបថ និងពិចារណាក្ដីកង្វល់ពាក់ព័ន្ធនឹងរបាយការណ៍សិទ្ធិមនុស្ស ដែលលោកស្រី រ៉ូណា ស្មីត បានលើកឡើង ដោយថាបំពេញចន្លោះប្រហោង និងពង្រឹងការគោរពសិទ្ធិមនុស្សរបស់ខ្លួន។

លោកបន្ដថា៖ «ខ្ញុំគិតថា ជាការល្អ កម្ពុជាយើងគួរតែស្ដាប់ និងពិនិត្យទៅលើរបាយការណ៍សិទ្ធិមនុស្សថា អ្វីដែលយើងនៅខ្វះចន្លោះ ដើម្បីធ្វើការកែប្រែ នោះអ្វីជាអ្វីដែលល្អប្រសើរ ជាជាងយើងបដិសេធចោលទាំងអស់ដោយមិនស្ដាប់ហេតុផល ឬមិនយកចំណុចណាមួយដើម្បីកែលម្អស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។

ក្នុងសម័យប្រជុំលើកទី៣៩ នៅទីក្រុង Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៣ខែកញ្ញាកន្លងទៅនេះ សភាអឺរ៉ុប បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ជុំ​វិញ​ដំណើរការ​បោះ​ឆ្នោតនៅកម្ពុជា ដោយថា ​ការ​បោះ​ឆ្នោតនេះ គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ