លោក ហ៊ុន សែន ប្រាប់ UN កុំឲ្យចោទសួរពីបញ្ហាបោះឆ្នោតនៅកម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អ៊ែនតូនីញ៉ូ ហ្គូធ័ររ៉េស អំឡុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ៧៣ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅចំពោះមុខអង្គការសហប្រជាតិថា ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា មិនគួរជាប្រធានបទដែលត្រូវលើកឡើងនោះទេ ដោយថា នេះគឺជាការបំពានដល់អធិបតេយ្យភាពកម្ពុជា និងប្រមាថឆន្ទៈប្រជាពលរដ្ឋខ្មែរ។

ក្នុងកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ កញ្ញាឆ្នាំ២០១៨ នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មជ្ឈដ្ឋានខាងក្រៅមួយចំនួនបានប៉ុនប៉ងជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុងកម្ពុជា និងបានវាយតម្លៃមិនល្អចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដាកន្លងទៅ តាមរយៈការចេញសេចក្ដីថ្លែងការណ៍ប្រឆាំង និងរិះគន់លទ្ធផលបោះឆ្នោតនេះ។

ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន សែន ថ្លែងការពារថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៩កក្កដា ដែលនាំឲ្យគណបក្សកាន់អំណាចរបស់លោកទទួលបានអាសនៈទាំងអស់ និងបង្កើតជារដ្ឋសភាឯកបក្សនោះ គឺកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដ ដោយលោកថា មានពលរដ្ឋដល់ទៅជាង ៨៣ភាគរយ បានចេញទៅបោះឆ្នោតដោយគ្មានការបំភិតបំភ័យ ឬគំរាមកំហែងឡើយ។

លោកថ្លែងទៀតថា ការបោះឆ្នោតនៅកម្ពុជានេះ មិនគួរជាប្រធានបទដែលត្រូវលើកឡើង ឬធ្វើការពិភាក្សាដេញដោលនោះទេ។

លោកថ្លែងថា៖ «ជាការពិត ជម្រើសដោយសេរីរបស់ប្រជាជនកម្ពុជា និងលទ្ធផលប្រកបដោយធម្មានុរូបនៃការបោះឆ្នោតនេះ មិនមែនជាប្រធានបទដែលត្រូវចោទសួរ ឬពិភាក្សាដេញដោលនោះទេ។ ក៏ប៉ុន្ដែ មជ្ឈដ្ឋានពីខាងក្រៅមួយចំនួន ដែលចិញ្ចឹមជាប់នូវមហច្ឆិតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវគុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោតរបស់យើង»។

ថ្លែងក្នុងកិច្ចប្រជុំផងដែរ លោក ហ៊ុន សែន ក៏ក្រើនរំលឹកឲ្យសមាជិកនៃអង្គការសហប្រជាជាតិគោរតាមធម្មនុញ្ញរបស់អង្គការកំពូលមួយនេះ ដោយលោកថា ប្រទេសមហាអំណាចមួយចំនួនបានព្រមានដាក់ទណ្ឌកម្មលើប្រទេសតូចតាច និងយកបញ្ហាសិទ្ធិមនុស្ស ធ្វើជាលេសដើម្បីជ្រៀតជ្រែកកិច្ចក្នុងរបស់ប្រទេសនោះ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នៅកម្ពុជា កាលពីថ្ងៃទី២៩ខែកក្កដា ត្រូវបានក្រុមប្រទេសលោកសរីមួយចំនួនវាយតម្លៃថា មិនមានភាពត្រឹមត្រូវ​ សេរី និងយុត្តិធម៌នោះទេ ខណៈគ្មានវត្តមាន​ចូល​រួម​ពី​គណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំមួយ។

ចំណែក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏បានលើកយកបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ទៅពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ កាលពីថ្ងៃទី២៦កញ្ញាកន្លងទៅថ្មីៗនេះ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី រ៉ូណា ស្មីត បានចោទសួរពី «ភាពត្រឹម​ត្រូវ» នៃការបោះឆ្នោតនេះ ខណៈលោកស្រីរកឃើញថា ការបោះឆ្នោតនេះ ពោរពេញដោយការរឹតត្បិតសិទ្ធិបញ្ចេញមតិ ការ​បង្ខិតបង្ខំពលរដ្ឋឲ្យចេញបោះឆ្នោត ការបិទប្រព័ន្ធផ្សព្វផ្សាយ ការយាយីអង្គការសង្គមស៊ីវិល និងការរំលាយគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ