បទវិភាគ៖ តើ​នរណា​គួរ​ត្រូវ​បាន​បន្ទោស​ចំពោះ​វិនាស​កម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា?

Drone shot of Cambodia timber depot near Vietnam border (c) EIAimage

បញ្ហា​បាត់​បង់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ជា​ថ្មី​ទៀត ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នៅ​ឯ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ។

នៅ​អំឡុងពេល​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក និង​ខ្លះ​មក​ពី​ប្រទេស​កាណាដា​នោះ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​កន្លង​មក ក្រៅ​ពី​និយាយ​វាយ​ប្រហារ​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​និយាយ​ដល់​បញ្ហា​ការ​បាត់​បង់​ព្រៃ​ឈើ​ននៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បន្ទោស​ទៅ​លើ​​ «ចោរ» និង​ «ពលរដ្ឋ» ចំពោះ​ការ​បាត់​បង់​ព្រៃឈើ​​នៅ​កម្ពុជា​ ដោយ​លោក​ថា «ចោរ» បាន​លួច​កាប់​ព្រៃ​ឈើ ហើយចំនួន​​ «ពលរដ្ឋ» កើន​ឡើង បាន​ជំរុញ​ឲ្យ​មាន​ការ​ចូល​កាប់​ឆ្ការ​ព្រៃ​ឈើ​យក​ដី ហើយ​ព្រៃ​ឈើ​ដែល​បាត់​បង់​ទៅ​ទាំង​អស់​នោះ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ដំណាំ​កសិ-ឧស្សាហកម្ម។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «គេនិយាយថា បាត់បង់ព្រៃឈើ គឺត្រូវតែម្ដង ប៉ុន្តែ ខ្ញុំសួរថា ព្រៃឈើដែលបាត់បង់ទៅជំនួសមកវិញ​ដោយអីអាហ្នឹង? ចម្ការកៅស៊ូ ដីស្រែ ដីចម្ការ ក្រែងប្រជាពលរដ្ឋយើងកើន! យើងមិនទៅរកដីឲ្យគាត់។ អញ្ចឹង បើអ្នកឯងចិត្តសឿង អ្នកឯងឲ្យដីហ្នឹងមកខ្ញុំវិញមក ខ្ញុំយកដើមឈើវិញ។ ខ្ញុំទទួលស្គាល់អាចោរខុសច្បាប់ ខ្ញុំកំពុង​ឲ្យឧទ្ធម្ភាគចក្របាញ់ពីលើផងឥឡូវហ្នឹង ក៏ប៉ុន្តែ ករណី​រាប់លានហិកតាដែលប្រជាជនទៅកាប់ ដើម្បីធ្វើស្រែធ្វើចម្ការ អាហ្នឹង វាមិនជាការបាត់បង់ព្រៃឈើ»។

បញ្ហា​នេះ​ជំរុញឲ្យ​មាន​ការ​ចោទ​សួរ​​នូវ​សំណួរ និង​ចម្ងល់​ជាច្រើន ដូចជា​ តើ​នរណា​គួរ​ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​បាត់​បង់​ព្រៃ​ឈើ​នេះ? តើ​ពិត​ជា​«ចោរ» ឬ «ពលរដ្ឋ»?​ តើ«ចោរ»​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​នា​ពេល​នោះ​ជា​នរណាឲ្យ​ពិត​ប្រាកដ? ​នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​មហន្តរាយ​ព្រៃឈើ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង ២០​ឆ្នាំ​ចុង​ក្រោយ​នេះ? ហើយ​ចុះ​រដ្ឋាភិបាល​ត្រូវ​មាន​ទំនួល​ខុសដូចម្ដេច​​ចំពោះ​វិនាស​កម្ម​ព្រៃឈើ​នៅ​កម្ពុជា​នោះ?

ការ​បន្ទោស​ទៅ​លើ​ «ពលរដ្ឋ»​ថា បាន​កាប់​ឆ្ការ​ព្រៃ​ឈើ​​ដើម្បី​​យក​ដី​មក​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេងៗ​នោះ វា​អាច​មិន​ខុស​ទាំង​ស្រុងនោះ​ទេ ព្រោះ​ថា ដំណាំ​កៅស៊ូ ស្វាយ​ចន្ទី ដំឡូង​មី ឬ​ម្រេច​ជាដើម ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​​ដី​ចាប់​ពី​ទំហំ​រាប់​សិប​ហិកតា​រហូតដល់​រាប់​ពាន់​ហិកតា​នៅ​តាម​បណ្ដា​ខេត្ត​នានា ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

ប៉ុន្តែ ការ​បន្ទោស​ទៅ​លើ​ «ពលរដ្ឋ»ថា បាន​កាប់​ឆ្ការ​ព្រៃ​ឈើ​​ដើម្បី​​យក​ដី​មក​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេងៗ​នោះ ​ក៏​អាច​មិន​ត្រូវ​ទាំង​ស្រុង​ដូច​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នោះ​ឡើយ នោះ​ក៏​ព្រោះ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ចំនួន បាន​រក​ឃើញ​ថា បុគ្គល​មាន​អំណាច និង​មាន​លុយ បាន​ស្ថិត​នៅ​ពី​ក្រោយ​វិនាសកម្ម​​ព្រៃឈើ​នៅ​កម្ពុជា។

អង្គការ​ Global Witness ​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ជាច្រើន​ស្ដី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​នេះ ឬ​យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក។

​របាយការណ៍​របស់​អង្គការ​មួយ​នេះ សុទ្ធ​តែ​បង្ហាញ​ថា វិនាសកម្ម​ព្រៃឈើ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច មាន​លុយ និង​មាន​ឥទ្ធិពល ហើយ​បុគ្គល​ទាំង​នោះ​ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

របាយការណ៍​​មាន​ចំណង​ជើង​ថា «Cambodia’s Family Tree» ដែល​ចេញ​ដោយ​អង្គការ​មួយ​នេះ​កាល​ពី​ឆ្នាំ​២០០៧​នោះ បាន​បង្ហាញ​ឈ្មោះ​បុគ្គល​មាន​អំណាច និង​មាន​លុយ ដែល​បាន​បង្ក​វិនាសកម្ម​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស។

បើ​តាម​របាយការណ៍​ដដែល​នេះ បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បង្ក​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា មាន​ដូចជា លោក ឌី ចូច ដែលត្រូវ​​ជា​ប្អូន​ជី​ដូន​មួយ​ជាមួយ​​លោក ហ៊ុន សែន ហើយ​បន្ទាប់​មក​ទៀតគឺ​អ្នកស្រី សេង គាង ដែល​ត្រូវ​ជា​មិត្ត​ភក្តិ​នៃ​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី។

ក្រៅ​ពី​សាច់​ញាតិ​លោក​​នាយករដ្ឋ​មន្ត្រី របាយការណ៍​នោះ​រក​ឃើញ​ថា មាន​សាច់​ញាតិ​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​ផង​ដែរ ដូចជា សាច់​ញាតិ​របស់​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក ច័ន្ទ សារុន ជាដើម។

របាយការណ៍​ដដែល​នោះ បាន​រក​ឃើញ​ថា ក្រុម​កម្លាំង​ប្រដាប់​អាវុធ ក៏​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ផង​ដែរ ជាពិសេស​នោះ មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ក្នុង​កង​ពលលេខ ៧០។

របាយការណ៍​នោះ មិន​ត្រឹម​តែ​លើក​ឡើង​នូវ​ឈ្មោះ​បុគ្គល​មាន​លុយ​មាន​អំណាច​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​របៀប​នៃ​ការ​កាប់ ការ​ដឹក​ជញ្ជូន​ និង​ទំហំ​នៃជំនួញ​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ផង​ដែរ។

អង្គការ​ Global Witness រក​ឃើញថា ព្រៃឈើ​ត្រូវ​បាន​កាប់ និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ការពារ​ ឬ​តំបន់​អភិរក្ស ដូចជា តំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជា ជាប់​នឹង​ព្រំដែន​វៀតណាមជាដើម។

អង្គការ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ឈើ​ប្រណិត​រាប់​សែន​ម៉ែត្រ​គូប និង​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់ នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំ​បំផុត ហើយ​សកម្មភាព​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពន្ធ​គយ​រាប់​សិប​លាន​ដុល្លារ​ផង​ដែរ។

បើ​ទោះបី​ជា​អង្គការ​ Global Witness បាន​រក​ឃើញ​វិនាសកម្ម​ព្រៃ​ឈើ​បែប​នេះ​ក្ដី ប៉ុន្តែ ភាគី​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​នោះ​ឡើយ ហើយ​ចាត់​ទុក​របាយការណ៍​នានា​របស់​អង្គការ​មួយ​នេះថា គ្មាន​មូលដ្ឋាន និង​មាន​ចេតនា​វាយ​​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បុគ្គល​មាន​លុយ​មាន​អំណាច ដែល​ត្រូវ​បាន​លើក​នៅ​ក្នុង​របាយការណ៍​នោះ។

មិន​មែន​តែ​អង្គការ Global Witness ទេ​ដែល​រក​ឃើញ​ថា វិនាសកម្ម​ព្រៃឈើ បង្ក​ឡើង​ដោយ​បុគ្គល​មាន​លុយ និង​មាន​អំណាច​នោះ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​ជឿ​ជាក់​ថា ពលរដ្ឋ​មិន​ហ៊ាន​កាប់​ព្រៃ​ឈើ​បង្ក​វិនាសកម្ម​ធំ​ធេង​នោះ​ឡើយ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ​មិន​យល់​ទៅ​នឹង​សម្ដី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ ហើយ​លោក​ថា ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​ចូល​កាប់​ឆ្ការ ឬ​កាប់​ព្រៃ​ឈើ​យក​ដី​ទំហំ​រាប់​ម៉ឺន​ហិកតា​នោះ​ទេ។

លោក ប៉ែន បុណ្ណារិ៍ ប្រាប់​ថា៖ «អញ្ចឹង ក្រុមចោរដែលលោកនាយករដ្ឋមន្ត្រីព្រមាន និងបញ្ជា​ឲ្យមានការចាប់[ខ្លួន] វាមិនពិបាកសម្រាប់រដ្ឋាភិបាល រួមជាមួយស្ថាប័នតុលាការដែលធ្វើការរឿងនេះទេ​។ វាមានគ្រប់ទំព័រកាសែត ហើយចូលទៅសួរតំបន់ព្រៃដែលបាត់បង់ក៏ដឹងហើយថា ឧកញ៉ាណា? មន្ត្រីជាន់ខ្ពស់ណា?»

វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ Global Witness រក​ឃើញ​ថា បាន​កើត​មាន​ជា​បន្ត​បន្ទាប់​ទៀត បើទោះ​បី​ជា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ជាច្រើន​លើក​ថា ការពារ​ព្រៃ​ឈើ​ឲ្យ​ខាង​តែ​បាន​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ