បទវិភាគ៖ ហេតុ​អ្វី​បាន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប «EBA» សំខាន់​សម្រាប់​កម្ពុជា?

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

កាល​ពី​ដើម​ខែ​តុលា​កន្លង​មក​ថ្មី​ៗ​នេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន ដែល​ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​មួយ​ហៅ​ថា «អ្វី​គ្រប់​យ៉ាង លើក​លែង​តែ​អាវុធ» ឬ ហៅ​កាត់​យ៉ាង​ខ្លី​ថា «EBA» បន្ទាប់​ពី​សហគមន៍​មួយ​នេះ​ រក​ឃើញ​ថា កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ជំហរ​របស់​ខ្លួន​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នោះ នៅ​តែ​ប្រកាស​ជា​សាធារណៈ​នូវ​ការ​រក្សា​ជំហរ​ដដែល ហើយ​ថែម​ទាំង​ប្ដេជ្ញាថា មិន​ត្រូវ​យក​អធិបតេយ្យភាព​ជាតិ ទៅ​ដូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នោះ​ឡើយ។

ប៉ុន្តែ ក្រុម​អ្នក​តាម​ដាន​សង្គម​នយោបាយ​កម្ពុជា មិន​យល់​ស្រប​នឹង​ជំហរ​បែប​នេះ​របស់​រដ្ឋាភិបាល​នោះ​ឡើយ ហើយ​ក៏​បាន​ផ្ដល់​នូវ​មតិ​នានា ដែល​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ទន់​ជំហរ និង​ងាក​ទៅគោរព​តាម​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដូច​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជា​អនុសាសន៍ ដើម្បី​បញ្ចៀស​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «EBA» នេះ។

វិវាទ​កម្ម​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​ លើក​លែង​តែ​អាវុធ»​របស់​សហភាព​អឺរ៉ុប សំខាន់​សម្រាប់​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់​យ៉ាង​ លើក​លែង​តែ​អាវុធ» គឺ​ជា​កម្មវិធី​ផ្ដល់​ការ​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​​បណ្ដា​ប្រទេស​នានា ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា «ប្រទេស​អភិវឌ្ឍន៍​តិចតួច» ឬ​ហៅ​ថា ប្រទេស​ក្រី​ក្រ។ ចាប់​តាំង​ពី​វា​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ឆ្នាំ​២០០១មក រដ្ឋ​ក្រី​ក្រ​​សរុប​ ៤៩​ប្រទេស​​នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ប្រទេស​ទទួល​បាន​ការ​លើក​លែង​ពន្ធគយ​សម្រាប់​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​សារៈ​សំខាន់​កម្រិត​ណា​សម្រាប់​កម្ពុជា​នោះ អាច​ត្រូវ​បាន​មើល​ឃើញ ឬ​ក៏​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ទំហំ​កំណើន​ពាណិជ្ជកម្ម​​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដែល​ក្នុង​ន័យ​នេះ គឺ​សំដៅ​ដល់​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​រួម​សហគមន៍​អឺរ៉ុប និង​ទំហំ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​អឺរ៉ុប​មក​កម្ពុជា​វិញ។

បើ​មើល​ទៅ​លើ​ទំហំ​នាំ​ចេញ​ទាំង​មូល​របស់​កម្ពុជា ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​​​ទីផ្សារ​អន្តរជាតិ​ មាន​តម្លៃ​ដល់​ទៅជាង​ ១០​​.០៦៩​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ខណៈ​ដែល​កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ ​មាន​តម្លៃ​ដល់​ទៅ​ជាង ១២.៣៧១​ពាន់​លាន​នៅ​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ហៅ​កាត់​ថា WTO បាន​បង្ហាញ​ថា ទំហំ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​កើន​ឡើង​ ១៩​ភាគរយ​បន្ថែម​ទៀត​កាល​ពី​​ឆ្នាំ​២០១៧​កន្លង​មក បើធៀប​ទៅ​នឹង​តួលេខ​មួយ​ឆ្នាំ​មុន ដែល​នាំ​ឲ្យ​ទំហំ​នាំ​ចេញ​របស់​កម្ពុជា​មាន​តម្លៃ​ដល់​ទៅ​ជិត ១២​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចូល​​បាន​កើន​ឡើង ១១​ភាគរយ ឬ​មាន​តម្លៃ​​ដល់​ទៅ​ជិត ១៤​ពាន់​លាន​ដុល្លារ។

បើ​និយាយ​ចំពោះ​តែ​ទីផ្សារ​អឺរ៉ុប​តែ​មួយ ទិន្នន័យ​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​តំបន់​អឺរ៉ុប​ចូល​មក​កម្ពុជា មាន​តម្លៃ​​តែ​ជាង ៥៦៦​លាន​ដុល្លារ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​នេះ​គឺ​ជា​តួលេខ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​ ​បើ​ធៀប​ទៅ​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ។

បើ​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក​ដដែល កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​​មាន​តម្លៃ​ដល់​ទៅ ៤.១២៦​​ពាន់​លាន​ដុល្លារ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៩៨​​.៨៤​ភាគរយ គឺ​ជា​ផលិត​ផល​សម្រេច​មាន​តម្លៃ​ស្មើ​នឹង ៤.០៧៨​ពាន់​លាន​ដុល្លារ។

ទិន្នន័យ​នោះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិត​ផល​សម្រេច​ដែល​កម្ពុជា​នាំ​ចេញ​ច្រើន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​ជា​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៣​ពាន់ ៥៣១​លាន​ដុល្លារ ឬ​ស្មើ​នឹង ៨៥.៥៨​ភាគរយយ​ នៃ​តម្លៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទីផ្សារ​អឺរ៉ុប។

បើ​ពិនិត្យ​មើល​ទិន្នន័យ​លម្អិត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​តាម​ប្រទេស​នីមួយៗ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និង​កាណាដា គឺ​ជា​ទីផ្សារ​ធំ​បំផុត​ដែល​បាន​នាំ​ចូល​ទំនិញ​ផ្សេងៗ​ពី​កម្ពុជា ជាពិសេស​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា។

ទន្ទឹម​នេះ​ដែរ ប្រទេស​ចិន​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅជាង ៤៥៥០​លាន​ដុល្លារ ចូល​មក​កម្ពុជា និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ថៃ​មាន​តម្លៃ​ជាង ១៩១០​លាន​ដុល្លារ និង​ប្រទេស​វៀតណាម​មាន​តម្លៃ​ជាង ១៤១៥​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​ផ្ដល់​ផល​អវិជ្ជមាន​សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា។

តួលេខ​ដដែល​នេះ​ ក៏​បង្ហាញ​ផង​ដែរ​ថា សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា ដោយ​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៤០.៩៨​ភាគរយ និង​តាម​ពី​ក្រោយ​ដោយ​តំបន់​អាមេរិក​ខាង​ជើង​មាន​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល​បាន​ផ្ដល់​ចំណែក​ទីផ្សារ​ដល់​ផលិត​ផល​កម្ពុជា​ដល់​ទៅ​ ២៧.៨៣​ភាគរយ ខណៈ​ដែល​ចំណែក​ទីផ្សារ​នៃ​ផលិត​ផល​កម្ពុជា​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ទំហំ​ ២៧.៨០​ភាគរយ។

ដោយសារ​តែ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប រាល់​ទំនិញ​ទាំង​ឡាយ​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ​មាន​តម្លៃ​យ៉ាង​តិច ៦៧៧​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​២០១៦​កន្លង​មក។

ប៉ុន្តែ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​បាន​ដក​ហូត វា​ច្បាស់​ណាស់​ថា រាល់​ទំនិញ​កម្ពុជា​ដែល​ត្រូវ​នាំ​ចូល​ទៅ​សហគមន៍​អឺរ៉ុប នឹង​តម្រូវ​ឲ្យ​បង់​ពន្ធ​គយ​ ដែល​ត្រូវ​បាន​កំណត់​នូវ​អត្រា ១១​ភាគរយ​សម្រាប់​ផលិត​ផល​សម្លៀក​បំពាក់ និង​អត្រា​ផ្សេងទៀត ទៅ​តាម​ប្រភេទ​ទំនិញ​ខុសៗ​គ្នា។

ធនាគារ​ពិភព​លោក បាន​ព្រមាន​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​​សេដ្ឋកិច្ច​កម្ពុជា​កាល​ពី​ដើម​ខែ​តុលានេះថា ការ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្ដល់​មក​ឲ្យ​កម្ពុជា គឺ​ជា​ហានិភ័យ​ដ៏​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

ធនាគារ​មួយ​នេះ បាន​ពន្យល់​ក្នុង​របាយការណ៍​នោះ​ថា ការ​គំរាម​កំហែង​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​មហា​អំណាច​សេដ្ឋកិច្ច​អឺរ៉ុប អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រីក​លូត​លាស់​របស់​សេដ្ឋកិច្ច​កម្ពុជា។

ធនាគារ​ពិភព​លោក ​បាន​ប្រកាស​ថា សេដ្ឋកិច្ច​កម្ពុជា​​​នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​ដដែល​នៅ​រយៈ​ពេល ៦​ខែ​ឆ្នាំ​២០១៨​នេះ។ បើ​តាម​ធនាគារ​មួយ​នេះ សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​រឹង​មាំ​បែប​នេះ នោះ​ក៏​ព្រោះ​តែ​មួយ​ផ្នែក​ធំ​​បាន​មក​ពី​ការ​រួម​ចំណែក​យ៉ាង​ធំ​ធេង​នៃ​កំណើន​ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​តំបន់​អាមេរិក​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ