មនុស្ស៣នាក់ស្លាប់ និង៤១សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ ករណីពុលស្រា«ស»

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ករណីសង្ស័យពុលស្រាស នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឱ្យមនុស្សស្លាប់៣នាក់ ហើយចំនួនអ្នករងគ្រោះដែលបញ្ជូនទៅមន្ទីរពេទ្យស្រុក និងពេទ្យខេត្ត បានកើនដល់ ៤១នាក់។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង៤១នាក់ផ្សេងទៀត កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ​ ដោយសង្ស័យថាពុលស្រា«ស»។

ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ហុង ផល្លា បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុង​ចុះស្រាវជ្រាវរកម្ចាស់ដែល​​ផលិត និងចែកចាយស្រា«ស»នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ  ខេត្តក្រចេះ ដែលប្រជាពលរដ្ឋ​ទិញយកទៅពិសារ​បណ្តាលឲ្យស្លាប់៣នាក់កាលពីម្សិលមិញ​ និង៤១នាក់កំពុង​សម្រាក​ព្យាបាលជំងឺនៅមន្ទីរពេទ្យ​ខេត្តនោះ​។

បើតាមព័ត៌មានបឋមលោក ផល្លា អះអាងថា អ្នកស្លាប់៣នាក់ និងអ្នក​ពុលស្រា«ស»៤១នាក់ផ្សេងទៀត​ ដែល​ទិញស្រា«ស»ពីក្នុងភូមិ​យក​មកផឹកទំនងជាក្នុងស្រា«ស»នោះ ម្ចាស់សិប្បកម្មបិទស្រា ​ដាក់ជាតិមេតានុល​លើស​កម្រិត។

លោកមានប្រសាសន៍ថា៖«ការ​ដែលធ្វើឲ្យមនុស្សស្លាប់ ហើយឈឺកំពុងសង្គ្រោះមួយចំនួន យើងសង្ស័យថា ពុលសារធាតុមេតាណុល»

អធិការរងទទួលបន្ទុក​ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ លោក នួន សារិន​ ដែលចុះស៊ើបអង្កេតផ្ទាល់ អះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សិប្បកម្មបិទស្រា«ស»ម្នាក់នៅតំបន់កើតហេតុ ប៉ុន្តែម្ចាស់សិប្បកម្មនោះអះ​អាង​ថា មិនបានដាក់ជាតិមេតាណុលលលើសកម្រិតទេ។ ករណីនេះលោកថានឹងបញ្ចូនសំណុំរឿងនេះទៅថ្នាក់លើចាត់វិធានការបន្តទៀត។

លោកមានប្រសាសន៍ថា៖«យើងកំពុងប្រមូលព័ត៌មានឲ្យអស់លទ្ធភាពជុំវិញព័ត៌មានហ្នឹង។​ ប្រសិនបើពាក់ព័ន្ធ[រឿងពុលស្រា]យើងអាចបញ្ជូនទៅការិយាល័យជំនាញគាត់អនុវត្តនីតិវិធីបន្»

បើតាមសមត្ថកិច្ចអះអាងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា«ស»នេះ អ្នកខ្លះទិញផឹកនៅផ្ទះឯកជន និង​ក្នុងកម្មវិធីជួបជុំគ្នាពេលទំនេរពីការងារជាដើម។

នាយក​ប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា  លោក មុំ គង់ មានប្រសាសន៍ថា ករណីពុលស្រា«ស»នៅខេត្តក្រចេះនេះកើតឡើងច្រើនដងមកហើយ។ លោកជំរុញទៅរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ទើបជួយកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបាន។

លោកមានប្រសាសន៍ថា«បើយើងនិយាយស្រា គ្រឿងស្រវឹង ទោះបីជាផលិតយ៉ាងណា​ក៏ប៉ះពាល់ទៅលើសុខភាព អ្នកផឹកទៅលើសង្គមច្រើន។​ ហើយទំរាំការផលិតមិនត្រឹមត្រូវវាកាន់តែមានឥទ្ធិពលធ្ងន់ធ្ងរទៅទៀត។ សម្រាប់ខ្ញុំ ខ្ញុំគិតថា យើងគួរតែមានច្បាប់គ្រប់ដណ្តប់ទាំងស្រា ឬគ្រឿងស្រវឹងគ្រប់ជំពូកទាំងអស់ មិនថាប្រភេទណាទេ ទើបអាចការពារសុខភាពប្រជាពលរដ្ឋយើងបាន »

ទាក់ទងនឹងបញ្ហា​ពុលស្រា«ស»នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៥ ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគាត់ទទួលទាន ជាពិសេសស្រាស បន្ទាប់ពីពលរដ្ឋជិត២០នាក់នៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ដោយសារការពុលស្រាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ