បទយកការណ៍៖ ពលរដ្ឋស្រុកទឹកឈូមួយចំនួនបារម្ភពីបញ្ហាសុខភាពព្រោះតែ​ផ្លូវជាតិលេខ​៣ ហុយដីខ្លាំង​

ទិដ្ឋភាពនៅតាម​ផ្លូវ​ជាតិលេខ៣ ចាប់​ពី​ចំណុចខាងលិច​ស្កូបយាយម៉ៅ រហូតដល់ក្បែរផ្លូវ​វៀងក្រុង​កំពត។ រូបភាព៖ ណាត សុភាព

ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅតាម​ផ្លូវ​ជាតិលេខ៣ ចាប់​ពី​ចំណុចខាងលិច​ស្កូបយាយម៉ៅ រហូតដល់ក្បែរផ្លូវ​វៀងក្រុង​កំពត​ បានបង្ហាញ​ក្តីព្រួយបារម្ភពីផល​ប៉ះពាល់​ចំពោះសុខភាព និង​ ជីវភាពប្រចាំថ្ងៃរបស់​ខ្លួន ព្រោះ​តែ​ពួកគេ​ត្រូវ​រស់​នៅ​ជាមួយនឹង​កម្ទេច​ធូលី​ដី​ជារៀងរាល់​ថ្ងៃអស់​រយៈពេល​ជាង​ពីរខែមកហើយ។

កម្ទេច​ធូលីដី​ទាំងនោះ បង្ក​ឡើង​ដោយសារតែ​ផ្លូវជាតិ​នៅត្រង់​ភូមិសាស្រ្តនោះ​ មានការខូចខាត បន្ទាប់​ពីទឹកជន់លិច​ដោយ​ទឹក​ជំនន់​ដែលបណ្ដាលឲ្យមានជង្ហុក​​តូចធំជាច្រើនកន្លែង ហើយនៅពេលអ្នកធ្វើដំណើរបើកឡាន ម៉ូតូ កង់ និងរ៉ឺម៉ក នៅលើដងផ្លូវនោះធ្វើឲ្យដីហុយទ្រលោម​។ ពលរដ្ឋមួយចំនួន​ដែលរស់នៅតំបន់នោះ បាន​អះអាង​ថាពួកគាត់​តែងតែឈឺក្បាល ក្អក ក្តៅខ្លួន និងផ្តាសាយជាញឹកញាប់ក្រោយពីផ្លូវនេះ​ខូចខាត​។

ទិដ្ឋភាពនៅតាម​ផ្លូវ​ជាតិលេខ៣ ចាប់​ពី​ចំណុចខាងលិច​ស្កូបយាយម៉ៅ រហូតដល់ក្បែរផ្លូវ​វៀងក្រុង​កំពត។ រូបភាព៖ ណាត សុភាព

អង្គុយក្រោមសំយាបផ្ទះ អ្នកស្រី ហែម សម្បត្តិ រស់នៅស្រុកទឹកឈូ​ រៀបរាប់ថា ក្រោយពីផ្លូវខូចជាង២ខែ​​នេះ អ្នកធ្វើដំណើរតាមដងផ្លូវ ជាពិសេសអ្នកបើកឡានកុងគីន័រ ធ្វើឲ្យផ្លូវ​ខូច នឹងមានជង្ហុក​ធំៗច្រើន​ ដែល​បណ្ដាលឲ្យដីហុយយ៉ាងខ្លាំង។​

អ្នកស្រីរៀបរាប់ថា៖«ដីហុយថប់​ដង្ហើមខ្ញុំ …គ្រាន់តែក្អក ខ្ញុំក្អកដែរ តែយប់ឡើងចង់ផ្តាសាយ ដីហុយខ្លាំងពេក ជួនកាលវាហុយទៅនេះ[ខាងលិច] ដ៏ខ្យល់បកហុយមកនេះ [ខាងកើត] ចំផ្ទះចឹងទៅ»

ក្រៅពីការបារម្ភ​ពី​បញ្ហា​សុខភាព អាជីវករដែលរស់នៅតំបន់ដីហុយនោះបាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេ លក់ដូរមិនសូវដាច់ និងពិបាករកប្រាក់ផ្គត់ផ្គង់គ្រួសារ។

អង្គុយក្រោមផ្ទះក្បែរកន្លែងលក់គ្រឿងទេសនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ អ្នកស្រី អឺង សុខា និយាយថា ជាងពីរខែកន្លងទៅនេះ គាត់លក់មិនសូវដាច់ទេ ដោយសារដីហុយខ្លាំងធ្វើឲ្យអ្នកដំណើរមួយចំនួនមិនសូវ​ឈប់ទិញឥវ៉ាន់ពីគាត់នោះទេ។

អ្នកស្រី​មាន​ប្រសាសន៍ថា៖«ហុយពេកលក់មិនសូវដាច់ទេឥឡូវ តាំងពីហុយមក ផ្លូវពិបាកពេកគេអត់ចូល អត់សូវចូល វាហុយពេក ប៉ះពាល់ជីវភាព លក់អត់ចំនេញ»

​ប្រជាពលរដ្ឋដែលរស់នៅតំបន់ដីហុយនោះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឲ្យរដ្ឋាភិបាលធ្វើផ្លូវឲ្យបាន​លឿន មានគុណភាព ដើម្បីជួួយការពារ​សុខភាពពួកគាត់​រាប់រយគ្រួសារដែលរស់ជាប់ផ្លូវជាតិលេខ៣នោះ។

ទិដ្ឋភាពនៅតាម​ផ្លូវ​ជាតិលេខ៣ ចាប់​ពី​ចំណុចខាងលិច​ស្កូបយាយម៉ៅ រហូតដល់ក្បែរផ្លូវ​វៀងក្រុង​កំពត។ រូបភាព៖ ណាត សុភាព

អ្នកនាង ហេង វណ្ណារី ដែលអះអាងថា រស់នៅស្រុកទឹកឈូ អំពាវនាវទៅរដ្ឋាភិបាលជំរុញទៅស្ថាប័នពាក់ព័ន្ធពន្លឿនធ្វើផ្លូវ​នេះឲ្យបានឆាប់ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងកុំឲ្យពលរដ្ឋប៉ះពាល់សុខភាព។

អ្នកនាងអំពាវនាវថា«ចង់ឲ្យរដ្ឋាភិបាលជួយកសាងផ្លូវហ្នឹងឲ្យមានភាពស្រួលធ្វើដំណើរឡើងវិញ»

អភិបាលខេត្តកំពត លោក ជាវ តាយ ទទួលស្គាល់ថា ផ្លូវ​ជាតិលេខ៣នៅស្រុកទឹកឈូពិតជាមានការខូចខាតច្រើនមែន ប៉ុន្តែលោកអះអាងថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ​កំពុង​ជំរុញឲ្យក្រុមហ៊ុនចិនដែលម៉ៅការធ្វើផ្លូវនោះ ពន្លឿនធ្វើជូនប្រជាពលរដ្ឋនៅចុងខែ១១ខាងមុខ​នេះ។

លោកមានប្រសាសន៍ថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍ មិនដូចប្រទេសអភិវឌ្ឍន៍ទេ ត្រូវការធ្វើ ត្រូវការកែឆ្នៃ វាប៉ះពាល់ វាមានហើយ ប៉ុន្តែមិនយូរទេ[]គេដេញថ្លៃរួចហើយនៅតែចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ»

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក នូ វណ្ណៈ មានប្រសាសន៍ថា ដើម​ចមដែល​ក្រុមហ៊ុនចិនមិនទាន់ធ្វើផ្លូវនេះ ដោយសាររដូវ​ភ្លៀង ករណីនេះក្រុមហ៊ុន​គ្រាន់តែឈូសពង្រាបបណ្តោះអាសន្ន​តែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា «ធម្មតាកាលណាការដ្ឋានយើងប្រគល់ឲ្យក្រុមហ៊ុនចិនហើយ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ប៉ុន្តែនៅពេលដែលយើងមានបញ្ហាអ្វី ដែលពាក់ព័ន្ធនឹងស្ថានភាពហុយ យើងហៅក្រុមហ៊ុនចិនមកប្រជុំ ហើយឲ្យគាត់ធ្វើទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូខេត្តកំពត លោក យន់ ផល្លី ដែលតាមដានករណីនេះ អះអាងថា ផ្លូវជាតិលេខ៣ ចាប់ពីខាងលិចភូមិទ្វារថ្មី រហូតដល់ភូមិត្រពាំងជ្រៃ ស្រុកទឹកឈូ ក្បែរផ្លូវវាងក្រុង  ខូចខាតនិងមានជង្ហុក​ច្រើន ដោយមិនឃើញមានក្រុមហ៊ុន ឬអាជ្ញាធរធ្វើផ្លូវ​នោះ ឬស្រោចទឹកកុំឲ្យហុយនោះទេ។

ករណីនេះ លោក ផល្លី បញ្ជាក់ថា បើស្ថាប័នពាក់ព័ន្ធ មិនពន្លឿនធ្វើផ្លូវនេះឲ្យបានឆាប់ទេ នឹង​ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងបញ្ហាជីវភាពជាដើម។

លោក ផល្លី មានប្រសាសន៍ថា៖«បើសិនជាមិនមានការស្រោចទឹកទាក់ទិននឹងដីហុយនេះទេ វាអាចជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិតែម្តង ជាពិសេសការលក់ដូររបស់ប្រជាពលរដ្ឋ នៅតាមកន្លែងហាងបាយ គុយទាវផ្សេងៗពិបាកណាស់។ ចឹងវាអាចមានការជះឥទ្ធិពលខ្លាំងពាក់ព័ន្ធសុខភាពប្រជាពលរដ្»

ប្រធានពេទ្យរ៉ុស្សី លោក យ៉ៃ យ៉េន បានពន្យល់ជាទូទៅថា បើប្រជាពលរដ្ឋរស់នៅតំបន់ដែលមានដីហុយ ពួកគេនឹងប្រឈមជំងឺផ្លូវ​ដង្ហើម ដូចជា សើស្បែក រលាកទងសួត ក្តៅខ្លួន ហើយងាយនឹងកើតជំងឺផ្តាសាយជា​ដើម។ លោកយ៉េន ផ្តល់ជាអនុសាសន៍ថា ដើម្បីការពារកុំឲ្យឆ្លងមេរោគនេះ ប្រជាពលរដ្ឋត្រូវ​ចេះអនាម័យ ប្រើប្រាស់ទឹកស្អាត និងពាក់ម៉ា​សការពារជាដើម។

លោកផ្តល់ជាអនុសាសន៍ថា៖«បើសិនជាតំបន់នោះមានការហុយ យើងត្រូវដឹងថា មេរោគស្អីក៏អាចនៅក្នុងខ្យល់ទាំងអស់ ខ្យល់នៅខាងក្រៅអត់ល្អទេ យើងអាចការពារបាន ដោយពាក់មាសការពារ»

ប្រជាពលរដ្ឋដែលរស់នៅផ្លូវជាតិលេខ៣ ចាប់ពី​ខាងលិច​ស្កូបយាយម៉ៅ ស្ថិតនៅភូមិទ្វារ​ថ្មី រហូតដល់ភូមិត្រពាំងជ្រៃ ស្រុកទឹកឈូ ក្បែរផ្លូវ​វាងក្រុង​  បានអះអាងប្រហាក់ប្រហែលគ្នាថា ផ្លូវ​នេះត្រូវ​បានឈូសផ្លូវ​ជាង​ពីរខែមកហើយ ហើយ​មិន​ទា​ន់​ក្រាល​​កៅស៊ូនៅឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ