អ្នកមានជម្លោះដីធ្លីខេត្ដក្រចេះថា អាជ្ញាធរឃាត់មិនឲ្យចូលស្នាក់នៅវត្ដមួយនៅភ្នំពេញ

អ្នក​ភូមិមានជម្លោះដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក គិត ធារ ឲ្យ VOD ដឹងថា នៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋប្រមាណ ៤០០ ទៅ ៥០០គ្រួសារ មក​ពី​ភូមិជើងឃ្លេ ស្ថិត​ក្នុង​ឃុំ ​២​ធ្នូ ស្រុក​ស្នួល បានមកសុំស្នាក់អាស្រ័យនៅវត្តសមគ្គីរង្សី នៅរាជធានីភ្នំពេញ ប៉ុន្ដែ ត្រូវបានអាជ្ញាធរហាមឃាត់ ដោយតម្រូវឲ្យពួកគេធ្វើលិខិតសុំការអនុញ្ញាតជាមុនសិន។

លោកបន្ដថា ក្រុមប្រជាពលរដ្ឋទាំងនេះ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់យូរមកហើយ និងបានសម្រេចចិត្តឡើងមកតវ៉ាជាថ្មី បន្ទាប់ពីពួកគេមិនទាន់ទទួលដំណោះស្រាយសមស្របណាមួយ។

លោកបន្ដថា៖ «មកថ្ងៃហ្នឹង ប្រហែលជា ៤០០ទៅ៥០០គ្រួសារ បាទ! សុំអាជ្ញាធរសិន ប៉ុន្ដែ អាជ្ញាធរគាត់ទៅធ្វើសំបុត្រសិនដែរ បានលោកហ៊ានទទួលពួកខ្ញុំ។ និយាយឲ្យចំលោកថា គេមិនឲ្យទទួលពួកខ្ញុំទេ។ ដល់អញ្ចឹងគាត់ថា ចាំឲ្យអាជ្ញាធរសុំគាត់ បានគាត់ហ៊ានឲ្យ»។

កាលពីខែមីនាកន្លងទៅ ប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បានប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ចក្នុងខេត្តនេះ ដោយបណ្ដាលពលរដ្ឋមួយចំនួនរងរបួស បន្ទាប់ពីក្រុមហ៊ុនបានយកគ្រឿងចក្រទៅកាយដីព្រំ និងឈូសឆាយលើដំណាំរបស់ពួកគាត់។

ប៉ុន្តែ ករណីនេះ ក្រុមហ៊ុនមេមត់ បានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។

កាលពីថ្ងៃទី២៥ ឧសភា​កន្លងមក ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ​ បានឡើងមកតវ៉ានៅមុខរដ្ឋសភា ប៉ុន្ដែ អាជ្ញាធរក្រុងបានដឹកជញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ដោយសន្យាជួយរកដំណោះស្រាយសមស្រប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ