លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ដខ្វែងគំនិតគ្នា ទោះបីអឺរ៉ុបព្រមានទណ្ឌកម្មសេដ្ឋកិច្ច   

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងរស់ឡើងវិញបាននៅអាណត្តិក្រោយតែប៉ុណ្ណោះ ខណៈ​លោក សម រង្ស៊ី ជំរុញឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរជំហររបស់ខ្លួនជាបន្ទាន់ ដើម្បីកែប្រែស្ថានការណ៍​ និងបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុប។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍និស្សិតខ្មែរនៅប្រទេសតួកគីនៅថ្ងៃនេះ លោក ហ៊ុន សែន បានបន្ដថ្លែងវាយប្រហារទៅ​លើ​លោក សម រង្ស៊ី​ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។

លោក ហ៊ុន សែន ព្រមានថា អតីតគណបក្សសង្គ្រោះជាតិ នឹងអាចដំណើរការឡើងវិញបាន សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយតែប៉ុណ្ណោះ។

លោកថ្លែងទៀតថា នឹងគ្មានការបោះឆ្នោតឡើងវិញនោះទេ ដោយថា រដ្ឋាភិបាលរបស់លោកក៏មិនខ្លាចចំពោះការព្រមានដាក់ទណ្ឌកម្មពីសហគមន៍អន្ដរជាតិ ឬការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជាឡើយ។

លោក ហ៊ុន សែន ថ្លែងថា៖ «កុំសង្ឃឹមថា រស់ឡើងវិញអាតំណាងរាស្ដ្រនេះ រស់ឡើងវិញអាមេឃុំ ជំទប់អីហ្នឹង។ ចាំរស់នៅឆ្នាំ២០២២ទៅ សម្រាប់មេឃុំចូលបោះឆ្នោត ហើយតំណាងរាស្ដ្រចាំរស់នៅឆ្នាំ២០២៣។ កុំសង្ឃឹមទៀត គេគាបលោក ហ៊ុន សែន ដើម្បីចាត់បោះឆ្នោតឡើងវិញ គេធ្វើដល់ប៉ុណ្ណឹងហើយ កុំថា យក្ស ក៏ឃាំងផ្លូវគេមិនបានដែល»

ការថ្លែងរបស់លោក ហ៊ុន សែន នេះ គឺដូចគ្នាទៅសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលកាត់ក្ដីរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ និងបិទសិទ្ធិអ្នកនយោបាយអតីតបក្ស ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ ៥ឆ្នាំ។

ប៉ុន្ដែ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ទង្វើរបស់លោក ហ៊ុន សែន កំពុងជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើកម្ពុជា។

លោក សម រង្ស៊ី ថា ដើម្បីបញ្ចៀសនូវទណ្ឌកម្មពីអឺរ៉ុបនេះ លោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀត ដែលចាំបាច់ត្រូវមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី សរសរលើទំព័រហ្វេសប៊ុកថា៖ «ដើម្បីជៀសវាងទណ្ឌកម្មនេះ ហើយជៀសវាងផលវិបាកដល់កម្មករ សហភាពអឺរ៉ុបតម្រូវឲ្យ ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់ បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយរៀបចំការបោះឆ្នោតសាជាថ្មី ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ បើ ហ៊ុន សែន ស្រលាញ់ និងអាណិតកម្មករមែន គាត់ត្រូវតែធ្វើតាមសំណើរបស់សហភាពអឺរ៉ុបនេះ»។

យោងតាមសុន្ទរកថា ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែតុលា នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក អនុប្រធានស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ លោកស្រី​ Federica Mogherini អះអាងថា លោកស្រីបានថ្លែងប្រាប់លោក ហ៊ុន សែន ដោយផ្ទាល់អំពីដំណើរការដក«ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា។

លោកស្រីក៏បានសំដែងក្ដីព្រួយបារម្ភផងដែរ ដោយថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានដោះស្រាយបញ្ហាដែលក្រុមប្រទេសលោកសេរីលើកឡើងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហានយោបាយក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ