លោក ហ៊ុន សែន អញ្ជើញ​ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សន​កិច្ច

លោក ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ មីសែល បាសែឡែត(Michelle Bachelet ) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋម​ន្រ្តីហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក​នៅថ្ងៃនេះ​ថាលោកបានអញ្ជើញ​​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សន​កិច្ចផ្លូវការនៅកម្ពុជា ក្នុង​វេលាសមស្របណាមួយ។

ការអញ្ជើញ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិធមនុស្សលោកស្រី​ មីសែល បាសែឡែត (Michelle​ Bachelet ) ធ្វើឡើង​ក្នុងជំនួបរវាង​លោក​ហ៊ុន​ សែន​ និង​ឧត្តមស្នងការអង្គការសហប្រជាជាតិរូបនេះនា​​ទីក្រុងហ្សឺណែវ​ ប្រទេសស្វីសកាល​ពីម្សិលមិញនេះ។

លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងផងដែរថា​បើ​ទោះបី​កម្ពុជានិង​អង្គការសហប្រជាជាតិ​មាន​ជំហខុសគ្នាពាក់​ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សប៉ុន្តែកម្ពុជា​នៅតែមាន​ឆន្ទៈធ្វើកិច្ចសហប្រតិបត្តិ​ការជាមួយ​អង្គការនេះ។

លោកហ៊ុនសែន​ បានសរសេរក្នុង​ទំព័រហ្វេសហ៊ុករបស់លោកយ៉ាងដូច្នេះថា៖

« បើទោះបីយើងមានគោលជំហរ ខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធិមនុស្សប្រចាំកម្ពុជា។»

ក្នុងជំនួបទ្វេភាគីនោះដែរ លោកនាយរដ្ឋមន្រ្តីហ៊ុន សែន ក៏បានស្នើឲ្យមានកិច្ចសហការលើបញ្ហាទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់មុននឹងវាយតម្លៃដោយមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជា​មុន​នោះ។

គួរបញ្ជាក់ផងដែថា​ លោកហ៊ុន សែន កំពុង​ចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោក ហ៊ុន សែន នឹង​ធ្វើដំណើរចាកចេញ​ពីប្រទេសស្វីសនៅថ្ងៃទី​២៤ខែតុលា ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ