របាយការណ៍ WEF​៖ កម្ពុជា​នៅតែមានអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងស្ថាប័នរដ្ឋ

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

របាយការណ៍អង្គការអន្ដរជាតិមួយបានចាត់ថ្នាក់កម្ពុជាជាប្រទេសស្ថិតក្នុងចំណោមប្រទេសចំនួន៣២ លើពិភពលោក ដែលមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងស្ថាប័នរដ្ឋ។

ក្នុងរបាយការណ៍ស្ដីអំពី «សន្ទស្សន៍នៃការប្រកួតប្រជែងពិភពលោកឆ្នាំ២០១៨»ចេញផ្សាយកាលពីសប្ដាហ៍មុននោះ អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានផ្ដល់ពិន្ទុ២១ លើ១០០ ដល់កម្ពុជា ទាក់​នឹង​អំពើពុករលួយក្នុងស្ថាប័នរដ្ឋ ពោលគឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ ១៣៤ ក្នុងចំណោមប្រទេស ១៤០លើពិភពលោក។ របាយការណ៍នេះ បង្ហាញ​ថា​កម្ពុជាជាប្រទេសពុករលួយបំផុត ក្នុងចំណោមប្រទេសចំនួន ៣២ ពោលគឺកម្ពុជាមានអំពើពុករលួយប្រហាក់ប្រហែលគ្នានឹងប្រទេសតាជីគីស្ថាន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​ ប៉ុន្ដែ ល្អជាងប្រទេស៤ គឺសាធារណរដ្ឋឆាត អង់ហ្គោឡា យេម៉ែន និងវេណេហ្ស៊ុយអេឡា។

ការវាយតម្លៃរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ផ្ដោតលើសសរស្ដម្ភចំនួន១២ ដូចជាស្ថាប័នរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចហិរញ្ញវត្ថុ សុខភាព ជំនាញ ទីផ្សារផលិតផល ទីផ្សារការងារ ប្រព័ន្ធហិរញ្ញវត្ថុ ទំហំទីផ្សារ និងសមត្ថភាពច្នៃប្រឌិតជាដើម។

អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកលើកឡើងក្នុងរបាយការណ៍ថា ប្រទេសអស់ទាំងនេះមានប្រព័ន្ធរដ្ឋាភិបាល និងប្រព័ន្ធទន់ខ្សោយ ខណៈស្ថានភាពក្រីក្រនៅមានកម្រិតខ្ពស់នៅឡើយ។

ប្រធានអង្គភាពប្រឆាំងអំពើពុលរលួយ លោក ឱម យ៉ិនទៀង បានបដិសេធមិនផ្ដល់បទសម្ភាសន៍ជាមួយវីអូឌីនោះទេ។ ចំណែក អនុប្រធានអង្គភាពប្រឆាំងអំពើពុក​រលួយ លោក ឃាង សេង ប្រាប់ថា លោកមិនអាចឆ្លើយនឹងសំណួរនេះបានទេ ដោយសារគ្មានព័ត៌មាននៅក្នុងដៃ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ទាត់ចោលរបាយការណ៍អន្ដរជាតិមួយនេះ ដោយថា មិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងការពិត។

លោកបន្ដថា៖ «កម្ពុជាធ្វើការងារដើម្បីអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនក្នុងការកសាងប្រទេសឈរលើគោលការណ៍ស្អាតស្អំ មានវិធានការលើកស្ទួយអភិបាលកិច្ចល្អ ខំពង្រឹងនូវគោលការណ៍នីតិរដ្ឋ រួមទាំងសេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ជាជំហានៗ និងកាត់បន្ថយអំពើពុករលួយហ្នឹងឯង ដែលជាយន្ដការស្រាប់»។

បើតាមរបាយការណ៍អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០១៧ កម្រិតប្រកួតប្រជែងរបស់កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី៩៤ ក្នុងចំណោមប្រទេស ១៣៧លើពិភពលោក។ ហើយកម្ពុជាទទួលបានចំណាត់ថ្នាក់ទី១១៣ ក្នុងចំណោមប្រទេស ១៣៧ ដែលមានបញ្ហាអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ