ពន្ធនាគារខេត្តកណ្តាលបញ្ជូន ឌុច ទៅសង្គ្រោះនៅមន្ទីរពេទ្យ​បន្ទាប់​ពី​មាន​បញ្ហា​ដង្ហើម

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង(រូបថតពីសាលាក្តីខ្មែរក្រហម​)

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ«​ស២១» លោក កាំង​ ហ្គិចអៀវ​ ហៅ​ឌុច ដែល​ត្រូវ​បាន​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា ឬ​ហៅថាតុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​លោក​រាក និង​ពិបាក​ដក​ដង្ហើម​។

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​លោក ចាត ស៊ីនាង បាន​ប្រាប់​ VOD ថា​លោក ​កាំង​ ហ្គេច​អៀវ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​បន្ទាប់​ពី​​ឃើញ​ថា​លោក​ឌុច មាន​ជំងឺ​រាក និង​ពិបាក​ដក​ដង្ហើម។

លោក​ថា៖ « យើងមើលឃើញគាត់ឃើញថាដកដង្ហើមរាងហត់ៗ យើងថាមិនកើតទេ ម៉ោងនិង៣៥នាទីពេទ្យរបស់អង្គភាពខ្ញុំបានមកដល់ គាត់ពិនិត្យមើលឃើញថាបើគាត់ហត់អញ្ចឹងយើងបញ្ជូនទៅពេទ្យទៅទុកមិនបានទេ។ អញ្ចឹងយើងបានបញ្ជូនទៅពេទ្យជ័យជំនះទៅហើយដល់ថ្ងៃ២១ ម៉ោងប្រហែលជា២ជាងហ្នឹងពេទ្យជ័យជំនះ គាត់បញ្ជូនបន្តទៀតទៅពេទ្យរុស្ស៊ីទៅ »

​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ពេល​ណា​ដែល​លោក ឌុច ត្រូវ​បញ្ជូន​មក​សម្រាក​នៅ​ពន្ធនាគារ​វិញ​ដោយ​សារ​រង់​ចាំ​ការ​អនុញ្ញាត​ពី​មន្ទីរ​ពេទ្យ​សិន។

ឌុច​បច្ចុប្បន្ន​អាយុ៧៦ឆ្នាំ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលា​ការ​កំពូល​ កាលពី​ថ្ងៃ​ទី៣ កុម្ភៈ ឆ្នាំ​២០១២ សម្រេច​តម្កល់​ពិរុទ្ធភាព​របស់​លោក​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ហើយ​បាន​សម្រេច​ផ្ដន្ទាទោស​ដោយ​ដាក់​ពន្ធនាគារ​អស់មួយជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ