បទវិភាគ៖ តើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពិត​ជា​អស់​សុពលភាព​ហើយឬនៅ?

សម្ដេចនរោត្ដម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលការស្វាគមន៍ពីពលរដ្ឋ ក្រោយពីវិលត្រលប់មកពីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជំនួបចុះសន្និសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ (រូបភាព៖ បណ្ដាញសង្គម)

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​តុលា​​ម្សិល​មិញ​​នេះ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មាន​អាយុ​កាល ២៧​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​គ្រប់​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា​ និង​ប្រទេស​ភាគី​អន្តរជាតិ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

យ៉ាង​ណា​ក្ដី កិច្ច​ព្រម​ព្រៀង​នេះ​បាន​បន្សល់​ទុក​នូវ​វិវាទ​កម្ម​រវាង​ក្រុម​អ្នក​នយោបាយ​ខ្មែរ ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ដែល​កាន់​អំណាច​នា​ពេល​សព្វ​ថ្ងៃ​នេះ អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​មួយ​នេះ បាន​ផុត​រលត់​សុពលភាព​ទៅ​ហើយ ប៉ុន្តែ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​វិញ នៅ​តែ​យល់​ថា កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​មាន​សុពលភាព​ដដែល បើ​ទោះបី​ជា​កិច្ច​ព្រម​ព្រៀង​នេះ មិន​ត្រូវ​បាន​ក្រុម​មេដឹកនាំ​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នោះ​ឡើយ។

ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វីស​កាល​ពី​យប់​មិញ​ថា ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ដាក់​បញ្ចូល​រួច​រាល់​ហើយ​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា​៖ «ឥឡូវ​នេះ សូម​បញ្ជាក់​ជូន​ទៅ​កាន់​អស់​លោក កិច្ច​ព្រម​ព្រៀង​ប៉ារីស ជំនួស​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា​បច្ចុប្បន្ន។ អស់​លោក​កុំ​ស្រមើស្រម៉ៃ​ឲ្យ​សោះ។ ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ប៉ារីស វា​មាន​អញ្ចឹង ប៉ុន្តែ ចំណុច​ដែល​កិច្ច​ព្រម​ព្រៀង​ប៉ារីសត្រូវ​បាន​បញ្ចប់ រួច​ហើយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញកម្ពុជា។ រដ្ឋ​ធម្មនុញ្ញ​នោះ ត្រូវ​ជា​ក្រប​ខណ្ឌ​កំពូល​ដែល​ត្រូវ​គោរព មិន​មែន​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ទេ»

វិវាទកម្ម​មួយ​នេះ បាន​ជំរុញឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពិត​ជា​អស់​សុពលភាព​ហើយឬនៅ?

ក្រុមអ​្នក​ជំនាញ​សិក្សា​ផ្នែក​កិច្ចការ​អន្តរជាតិ បាន​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ នៅ​តែ​មាន​សុពល​ដដែល បើទោះបី​ជា​កិច្ច​ព្រមព្រៀង​មួយ​នេះ បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជិត ៣០​ឆ្នាំ​ហើយ​ក្ដី។

អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ នៃ​សាកល​វិទ្យាល័យ Ritsumeikan Asia Pacific លោក សេក សុផល បាន​យល់​ស្រប​ទៅ​នឹង​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​អះ​អាង​ថា ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ លោក​នៅ​តែ​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​មួយ​នេះ នៅ​តែ​មាន​សុពល​ដដែល។ លោក សុផល អះ​អាង​ថា សុពលភាព​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ មិន​ត្រូវ​បាន​ចែង​នោះ​ឡើយ ឬ​ក៏​កំណត់​ថា ផុត​រលត់​ទៅ​វិញ​នៅ​ពេល​ណា​នោះ​ឡើយ។

លោក សេក សុផល មាន​ប្រសាសន៍​ថា​៖ «អញ្ចឹង នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​ជា​លក្ខណៈ​អន្តរជាតិអត់​បាន​និយាយ​ថា វា​មាន​សុពលភាព​ត្រឹម​ណា​អញ្ចឹង អញ្ចឹង​មាន​ន័យ​ថា វា​អាច​មាន​សុពលភាព​រហូត​អត់​មាន​កាល​កំណត់។ អញ្ចឹង ពេល​វា​អត់​មាន​កាល​កំណត់​អញ្ចឹង យើង​អត់​អាច​អះ​អាង​បាន​ថា វា​ចប់​ពេល​ណា​នោះ​ទេ»

អ្នក​ស្រាវជ្រាវ​រូប​​នេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា កិច្ចព្រម​ព្រៀង​មួយ​នេះ មិន​មែន​ចែង​តែ​អំពី​ការ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​​នៅ​ក្នុង​ចំណោម​ភាគី​កម្ពុជា​នោះ​ទេ ប៉ុន្តែ វា​ក៏​បាន​កំណត់​អំពី​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ភាគី​អន្តរជាតិ​ក្នុង​ការ​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ​ផង​ដែរ។

លោក សុផល បន្ថែម​ថា​៖ «អញ្ចឹង វា​មិន​មែន​តែ​រឿង​បោះឆ្នោត​ទេ វា​មិន​មែន​តែ​បញ្ហា​ភាគី​ជម្លោះ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ទេ ប៉ុន្តែ វា​បាន​ពន្លាត​តំបន់​ដែល​ត្រូវ​អនុវត្ត​ហ្នឹង ទៅ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស ទៅ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស សេរីភាព​ជា​មូលដ្ឋាន​ជា​ដើម។ អញ្ចឹង អា​ទាំង​អស់​ហ្នឹង វា​នៅ​សល់​ការងារ​ច្រើន​ទៀត ដែល​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ត្រូវ​​យក​អា​ហ្នឹង​មក​ប្រើ»

អ្នក​ជំនាញ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ លោក​បណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យ​​នៃ​មហា​វិទ្យាល័យ​ Occidental College នៅ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សុពលភាព​ដដែល។

លោក​​អះ​អាង​បែប​នេះ លោក​ថា ក៏​ព្រោះ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ លោក​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា មិន​ត្រូវ​បាន​គេ​អនុវត្ត​តាម​នោះ​ឡើយ។

សាស្ត្រាចារ្យ អ៊ា សុផល ប្រាប់​វីអូឌី​តាម​អ៊ីម៉ែល​នៅ​ថ្ងៃ​នេះថា​៖ «ទោះជាយ៉ាងណា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សុទ្ធ​តែ​និយាយ​អំពី​ការ​ដោះ​ស្រាយ​អ្វី​ដែល​គេ​ហៅ​ថា បញ្ហា​កម្ពុជា។ សព្វថ្ងៃ​នេះ យើង​នៅ​តែ​ប្រឈម​មុខ​នឹង​ បញ្ហា​កម្ពុជា។ ប្រសិន​បើ​យើង​វិល​ត្រឡប់​​ទៅ​រក​របប​ទសវត្សរ៍ ១៩៨០ នៅ​ពេល​ដែល​មាន​តែ​របប​ឯក​បក្ស​នោះ អញ្ចឹង​ យើង​ចាំ​បាច់​ត្រូវ​តែ​ត្រឡប់​ទៅ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ១៩៩១»

លោក​បណ្ឌិត អ៊ា សុផល បាន​​ជំរុញ​ទៅលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ហត្ថលេខី​មួយ​រូប​នោះ ឲ្យ​គោរព​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​នេះ ដើម្បី​លើក​កម្ពស់​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឬ​ហៅ​ម្យ៉ាង​ទៀត​ថា កិច្ច​ព្រមព្រៀង​ស្ដី​ពី​ដំណោះ​ស្រាយ​ជម្លោះ​នយោបាយ​កម្ពុជា ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​នៃ​ប្រទេស​ចំនួន ១៩ ក្នុង​នោះ​មាន​ទាំង​រដ្ឋ​ទាំង​អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​មហា​អំណាច​ទាំង ៥​ របស់​ពិភព​លោក។

កិច្ច​ព្រម​ព្រៀង​មួយ​នេះ បាន​នាំ​កម្ពុជា​ទៅ​រក​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​ប្រទេស​មួយ​នេះបាន​ធ្លាក់​ចូល​ទៅក្នុង​សង្គ្រាមដ៏​បង្ហូរ​ឈាម និង​របប​កាប់​សម្លាប់​មនុស្ស​ជាតិ​អស់​រយៈ​ពេល​ជាង ២ទសវត្សរ៍​មក​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ