រដ្ឋាភិបាលប្រទេសស្វីសផ្ដល់ថវិកាចំនួន១២លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល​៣ឆ្នាំ​

មន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ។ (រូបថត៖ ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ​ឲ្យដឹងថា  រដ្ឋាភិបាលប្រទេសស្វីស បានផ្ដល់ជំនួយថវិកាចំនួន១២លានដុល្លារសហរដ្ឋអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាក្នុងរយៈពេល​៣ឆ្នាំ​។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ការផ្ដល់ជំនួយថវិកានេះ  ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ជាមួយឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជាលោក Ivo Siebber កាលពីម្សិលមិញនេះ។

លោកថា៖«គាត់ផ្ដល់ជូនជាប្រចាំមកយើងហ្នឹង។ ប៉ុន្តែបច្ចុប្បន្ននេះ គន្ធបុប្ផាដំណើរការធម្មតាទេ ដោយសារ យើងមានការឧបត្ថម្ភពី​រាជរដ្ឋាភិបាល ហើយនិងសប្បុរសជនបន្តទៀត ដំណើរធម្មតាទេ ​។ ធម្មតាគេឲ្យក្នុងមួយឆ្នាំអញ្ចឹងណាស់»

អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត ហេង សុទ្ធី មានប្រសាសន៍ថា  រដ្ឋាភិបាលស្វីសបានផ្ដល់ថវិកាចំនួន១២លានដុល្លារ រយៈពេល៣ ឆ្នាំ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តដំណើរការទៀត។ លោកបន្តថា ទោះបីជាបច្ចុប្បន្ននេះ មន្ទីរនៅតែដំណើរការធម្មតាដោយមានការឧបត្ថមពីគ្រប់មជ្ឈដ្ឋានក៏ដោយ  ប៉ុន្តែលោកនៅតែបារម្ភ ខណៈរាល់ថ្ងៃឪពុកម្ដាយ កុមារកម្ពុជាជាច្រើនបានមករកសេវាការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ កាន់តែកើនឡើងជាងមុន។

លោកថា៖«មន្ទីពេទ្យគន្ធបុប្ផា យើងជួយព្យាបាលកុមារដែលឈឺប្រហែលជា ៨០ % នៃកុមារដែលឈឺនៅទូទាំងប្រទេស។ ដូច្នេះ ទំហំនៃការព្យាបាលធំណាស់ ហើយមន្ទីរពេទ្យ យើងជាមន្ទីរពេទ្យ​ដែលអត់បង់ប្រាក់ហើយប្រកបដោយគុណភាព ហើយសាធារណជន ក៏ដូចជារដ្ឋាភិបាលលោកទទួលស្គាល់នៅចំណុចទាំងអស់នេះ ។ ដូច្នេះ ដើម្បីឲ្យដំណើរបាន មន្ទីរពេទ្យនៅតែត្រូវការការគាំទ្រទាំងចិត្តគំនិត ស្មារតី ក៏ដូចជា ថវិការពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះរាល់ថវិកា ក៏ដូចអំណោយសប្បុរសជនទាំងអស់គឺមានអត្ថន័យណាស់សម្រាប់ជួយកុមារកម្ពុជា»។

លោកបន្តថា កុមារដែលមកសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាមមានជាង ២៥០០ នាក់ ហើយសម្រាប់ជំងឺដែលមកបើកថ្នាំប្រហែល ៣០០០ ទៅ ៣៥០០ នាក់ក្នុងមួយថ្ងៃ។

ចាប់តាំងពីឆ្នាំ១៩៩២មក ទឹកប្រាក់ជាង៧០០លានដុល្លារបានចំណាយលើមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាមួយនឹងការព្យាបាលកុមារ ១,៧លាននាក់ និងការពិគ្រោះយោបល់ចំនួន១៣,៥លានករណី។

មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានសាងសង់ឡើងដោយលោក​វេជ្ជ​បណ្ឌិត Beat Richner ដែលជាជនជាតិស្វីស។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវជ្ជបណ្ឌិត បេអាត រីច្នឺ (Beat Richner) បានលាលែងតំណែងរបស់លោកពីប្រធានគ្រប់គ្រងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៧ បន្ទាប់ពីលោក​មាន​ជំងឺ​ធ្ងន់ធ្ងរ។ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ (Beat Richner) បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកញ្ញា  នៅប្រទេសស្វីសដោយ​ជំងឺ ក្នុងជន្មាយុ ៧១ឆ្នាំ៕​

ពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីក្រសួងសុខាភិបាល ថ្ងៃទី ១០ កញ្ញា ២០១៨
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ