UNFPA៖ ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ក្លាយ​ជា​ម្ដាយ​ទាំង​នៅ​វ័យ​ក្មេង

​លោក​ស្រី រីហ្សាវីណា ឌឺអាល់វីស តំណាង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​UNFPA ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិតិ​របាយ​ប្រជាជន​ពិភព​លោក​ឆ្នាំ​២០១៨​ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ជន ចាន់រ៉ែន)

តំណាង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន​ប្រចាំ​កម្ពុជា​ UNFPA បាន​លើក​ឡើង​ថា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ត្រូវ​បាន​ក្លាយ​ជា​ម្ដាយ​ទាំង​វ័យ​ក្មេង ដែល​បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះ​ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​។

​តំណាង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​UNFPA ប្រចាំ​កម្ពុជា​លោក​ស្រី រីហ្សាវីណា ឌឺអាល់វីស បាន​លើក​ឡើង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិតិ​របាយ​ប្រជាជន​ពិភព​លោក​ឆ្នាំ​២០១៨​ នៅ​ថ្ងៃ​នេះ​ ថា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៨​នាក់​បាន​ក្លាយ​ជា​ម្ដាយ​ទាំង​វ័យ​មិន​ទាន់​គ្រប់​ការ​ក្រោម​១៨​ឆ្នាំ​ ដោយ​សារ​កង្វះ​ចំណេះ​ដឹង​ផ្នែក​ផ្លូវ​សុខភាព​ផ្លូវ​​ភេទ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ​ឱកាស​សិក្សា និង​កម្លាំង​ពល​កម្ម​ក្នុង​សង្គម​។

​លោក​ស្រី រីហ្សាវីណា ឌឺអាល់វីស តំណាង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​UNFPA ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិតិ​របាយ​ប្រជាជន​ពិភព​លោក​ឆ្នាំ​២០១៨​ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ជន ចាន់រ៉ែន)

លោកស្រី​មាន​ប្រសាសន៍​ថា៖ « អ្នកខ្លះមានកូនលើកទីមួយរួចទៅហើយ ហើយអ្នកខ្លះកំពុងតែមានផ្ទៃពោះលើកដំបូងក្នុងវ័យជំទង់ បានន័យថាយុវវ័យ អាយុនៅក្មេង នេះគឺបង្ហាញពីបញ្ហាមួយចំនួនដែលយើងត្រូវយកចិត្តទុកដាក់។ ជួនកាលមកពីគាត់មិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចធ្វើឲ្យគាត់ធ្វើការសម្រេចចិត្តនៅក្នុងការរួមភេទមួយទៀតមកពីការផ្ដល់សេវារបស់យើងហ្នឹងមិនបាន ផ្ដោតសំខាន់ទៅលើក្មេងវ័យជំទង់ដែលអាចធ្វើឲ្យគាត់គ្មានឱកាសទទួលយកការផ្ដល់សេវាដែលត្រឹមត្រូវ »

​​លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​បច្ចុប្បន្ន​នេះ​UNFP ជា​មួយ​អង្គការ​ពាក់​ព័ន្ធ​បាន​សហ​ការ​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​នេះ​ទៅ​កាន់​យុវវ័យ ក៏​ដូចជា​សិស្ស​ឲ្យ​មាន​លទ្ធភាព​យល់​ដឹង​បាន​ច្រើន​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​ផែន​ការ លោក ប៉ូច ប៊ុនណាក់ ថា​លោក​មិន​ទាន់​បាន​ពិនិត្យ​ទៅ​លើ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ តែ​លោក​បាន​បដិសេធ​ចំពោះ​អ្វី​ដែល​ថា​ស្ត្រី​ខ្មែរ​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ក្លាយ​ជា​ម្ដាយ​ទាំង​វ័យ​ក្មេង​នោះ។

រដ្ឋលេខាធិការ​ក្រសួង​ផែន​ការ លោក ប៉ូច ប៊ុនណាក់ ផ្ដល់បទសម្ភាសន៍ដល់ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្ថិតិ​របាយ​ប្រជាជន​ពិភព​លោក​ឆ្នាំ​២០១៨​ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ ជន ចាន់រ៉ែន)

លោក​ថា៖ « ព្រោះតាមច្បាប់របស់យើងស្ត្រីក្រោមអាយុ១៨ឆ្នាំអត់មានសិទ្ធិរៀបការទេ! គាត់មិនបានបញ្ជាក់ទេថាវ័យក្មេងនោះកម្រិតអាយុប៉ុន្មាន។ ជាការពិតនិន្នាការស្ត្រីរបស់យើងដែលនៅវ័យក្មេង ជាពិសេសនៅជនបទបន្ទាប់ពីរៀបការហើយភាគច្រើនគាត់មានកូនភ្លាមតែម្ដង។ កន្លែងហ្នឹងជាកន្លែងដែលយើងគួរតែ ពិនិត្យដែលធ្វើយ៉ាងម៉េច ក្នុងចំណោមគ្រួសារដែលរៀបការហើយវ័យក្មេង។ តើគួរតែផ្ដល់ជម្រើសសម្រាប់ពួកគាត់ជ្រើសរើស ក្នុងការពន្យារការមានកូនបន្តិចសិន តែនេះជាជម្រើសរបស់ពួកគាត់ តែយើងគ្រាន់តែពិនិត្យមើលលទ្ធភាពដើម្បីផ្ដល់ជូនគាត់ធ្វើសេចក្ដីសម្រេច »

យោង​តាម​គេហទំព័រ countrymeters.infoប្រជាជន​កម្ពុជា​មាន​ជាង​១៦លាននាក់​ក្នុង​នោះ​ស្ត្រី​មាន​ជាង​៥១​ភាគ​រយ​នៃ​ប្រជាជន​សរុប​ ខណៈ​ចំនួន​ស្ត្រី​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ចុះ​មាន​ជាង​២លាន​៥សែន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ