រដ្ឋាភិបាលព្រមាន​ដកខ្លួនចេញពីអង្គការអន្តរជាតិ

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

រដ្ឋាភិបាលកម្ពុជាបានព្រមាន​ថា អាចនឹងដកខ្លួនចេញពីអង្គការអន្តរជាតិគ្រប់ពេល ដោយ លើកហេតុផលថា ដើម្បីការពារផលប្រយោជន៍ជាតិបើសិនជាមានការជ្រៀតជ្រែកពីអង្គការ ទាំងនោះ។​

នៅក្នុងសេចក្តីបំភ្លឺរបស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញផ្សាយកាលពីម្សិលមិញលើកឡើងពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ លើកស្ទួយប្រជាធិបតេយ្យ និងកិច្ចសន្ទនានយោបាយជាមួយគណបក្សផ្សេងៗទៀត។​

ក្នុងលិខិតបំភ្លឺទៅសហភាពអន្តរសភា(IPU)កម្ពុជាបញ្ជាក់ថា នឹងដកខ្លួនចេញពីអង្គការ អន្តរជាតិណាមួយបើសិនជាមានការជ្រៀតជ្រែក។

សេចក្តីបំភ្លឺ៖«កម្ពុជារក្សាសិទ្ធិពេញលេញនិងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយនោះ បើសិនជាមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរ ណា មួយលើដែនអធិបតេយ្យភាពនិងផលប្រយោជន៍របស់កម្ពុជា។​»

​សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស កាលពីថ្ងៃទី១៨ខែតុលា បានជំរុញដល់អាជ្ញាធរកម្ពុជា​ឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណ​បក្ស​ប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។

កាលពីថ្ងៃទី១៩ខែតុលា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ក៏បានជំរុញឲ្យកម្ពុជាធ្វើយ៉ាណា ឲ្យមានភាពប្រសើរឡើងនៃស្ថានភាពនយោបាយដែលថា បើមិនដូច្នោះទេអាចប្រឈម ការដកប្រព័ន្ធអនុគ្រោះពន្ធ។​

សុន្ទរកថា របស់លោកស្រី Federica Mogherini ថ្លែងក្នុងសន្និសីទសារព័ត៌មានកាល ពីថ្ងៃទី ១៩ខែតុលាបានបញ្ជាក់ថា លោកស្រី បានជួបជាមួយភាគីកម្ពុជានិង មីយ៉ាន់ម៉ាដាច់ ដោយឡែកពីគ្នា ជជែកពីការដកប្រព័ន្ធអនុគ្រោះពន្ធ។

សម្រាប់ភាគីកម្ពុជាលោកស្រីបញ្ជាក់ថា បានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីរបស់កម្ពុជាផ្សេងទៀត។​

លោកស្រី Federica Mogherini៖« ជាមួយកម្ពុជា យើងបានសម្រេច ដំណើរការបណ្តោះ អាសន្នហើយលើការដកប្រពន្ធអនុគ្រោះពន្ធEBA។ ខ្ញុំបានពិភាក្សាជាមួយលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន និងក្រុមការងាររបស់លោក។ អ្វីដែលយើងរំពឹងនោះគឺកម្ពុជាអាចចៀសផុត ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ត្រូវធ្វើឲ្យមានភាពប្រសើរឡើងលើដំណើរការនយោបាយ តាមបែបប្រជាធិបតេយ្យ។​»

លោកស្រីក៏បានលើកឡើងពីក្តីកង្វល់ដោយថា ការរំលាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំមុន និងមានការរឹតត្បិតបរិយាកាសប្រជាធិបតេយ្យលើមន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមអ្នក នយោបាយប្រឆាំង។​

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ