កីឡាករទម្ងន់​៥៧គីឡូក្រាមចំនួន៣២រូប មានមុខប្រកួតជើងឯកវគ្គថ្មី

ការប្រកួតជម្រើសជើងរដូវកាលថ្មី ក្នុង​​ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT កាលពីថ្ងៃទី​២៧ ខែតុលា ២០១៨ (រូបថត៖ សហការី)

ក្រោយពីមានការទន្ទឹងចាំថាការប្រកួតជម្រើសជើងរដូវកាលថ្មី ក្នុង​​ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT តើនឹងផ្ដល់​​ឱកាសអោយកីឡាករ​ក្នុងប្រភេទទម្ងន់ធ្ងន់ ឬ ស្រាល ពេលនេះ​​លទ្ធផល​ត្រូវបានបង្ហាញ​ឡើង​ហើយ ​ដោយ​កីឡាករ​​​ក្នុងប្រភេទទម្ងន់ស្រាល​​​៥៧គីឡូក្រាម ​​គឺជាអ្នកមាន​​មុខឡើងដណ្ដើម​យកពានជើងឯកនិង​​ប្រាក់លាន។

លោក សេង កដិកា អ្នករៀបចំការប្រកួត បាន​​​ថ្លែងបញ្ជាក់​ក្នុងពិធី​​​​សន្និសីទកាសែត​កាលពីថ្ងៃទី​២៧ ខែតុលា ថា ​ការ​​ប្រកួតរដូវកាលនេះ លោកសម្រេចចិត្ត​​ជម្រើសយក​​​សមាសភាព​​ស្ថិតក្នុងប្រភេទស្រាលវិញម្ដង ដោយលោកយល់ថា​ការ​​​​ប្រកួត​ជម្រើសជើងឯក​ចេញពីកីឡាករ​​​ទម្ងន់ស្រាល គឺ​ងាយ​រក​​បាន​កីឡាករ​​ថ្មីៗ​ល្អៗ ហើយ​​​អាច​បណ្ដុះអោយក្លាយជា​កីឡាករ​​​​​​​​​ស្នូល​សម្រាប់​​​​​​​វិស័យប្រដាល់។

លោកថា​ការប្រកួត​ចាប់​​ទម្ងន់​​៦០គីឡូឡើង ​ច្រើនតែ​​ត្រូវសម្រាប់កីឡាករដែលមានឈ្មោះកេរ្តិ៍ឈ្មោះបោះសំឡេង​រួចហើយ​ ហើយ​ដំណើរស្វែងរក​អ្នកស្ថិត​ក្នុងប្រភេទទម្ងន់ធ្ងន់បែបហ្នឹងក៏ពិបាក​​រកផងដែរ ​ដោយសារតែស្ថិតក្នុងប្រភេទទម្ងន់​​ស្ទើរមាន ​និង ស្ទើរមិនមាន សម្រាប់​​ចំនួន​​៣២កីឡាករ​ ដែលត្រូវ​​​ជ្រើសអោយ​​ប្រកួត។

ជាក់ស្ដែង​វត្តមានកីឡាករ​កាលពីរដូវកាលមុន​​​​​ៗ ដែលស្ថិតក្នុងប្រភេទទម្ងន់​​​​៦៥ និង ​​​៦៣,៥គីឡូក្រាម លោកថា​​ប៉ុស្ដិ៍លេខ​៥​ ស្វែងរក​​​​​​បាន​​៣២រូប​យ៉ាងលំបាក​បំផុត ដោយ​​​មានកីឡាករ​ខ្លះ ត្រូវបង្ខំអោយសម្រក​ទម្ងន់ និងខ្លះ​អោយតំឡើងទម្ងន់ ដើម្បីអោយគ្រប់​​៣២រូបនោះ។

លោកអះអាងថា ​ខ្លួនមិនចង់បាន​​​​​​​សមាសភាពដែលខ្វះ​តុល្យភាព​បែប​ហ្នឹងនោះទេ ​​​ទើបសម្រេចចិត្ត​បើកការប្រកួត​ក្នុងប្រភេទទម្ងន់​​​​​៥៧​គីឡូក្រាមនៅក្នុងរដូវកាលនេះ ដែលលោកបញ្ជាក់ថា​​​ នេះប្រភេទទម្ងន់សំបូរ​ដោយសមាសភាពកីឡាករ​ថ្មីៗ​ក្មេងៗ ថ្វីដ្បិតថា ​មិនមែនជាកីឡាករដែលមាន​បទពិសោធន៍ក្រាស់ក្រែល។

លោក​និយាយថា៖ «​​​​​​យើង​​​​​​ចំណាយលុយជ្រើស​រើសជើងឯក ចឹង​អត់ចង់​យក​កីឡាករ ដែលមានឈ្មោះ ហើយមកប្រកួត​​​​​​​​ដណ្ដើមពានទេ អ៊ីចឹង​ហើយទើបយើងសម្រេចចិត្ត​​​​ធ្វើការប្រកួតក្នុងប្រភេទទម្ងន់​៥៤ ឬ ៥៧ ​អីអ៊ីចឹងវិញ ទើប​​ដូចជួយបណ្ដុះ​​​ពួកក្មេងៗអស់ នឹង​​អោយគ្នាមានមុខនៅក្នុងវិស័យ​កីឡា​ផង»។

យ៉ាងណាមិញ ​លោក​ថាកីឡាករទាំងអស់​មិនបានបង្ហាញខ្លួន​ទាំង​៣២រូបក្នុងថ្ងៃ​ប្រកាស​​​វគ្គថ្មីនោះទេ ដោយ​មានតែ​ចំនួនប៉ុន្មានរូប​ប៉ុណ្ណោះ ធ្វើការបង្ហាញខ្លួន។ ក្នុងនោះ​​ក្នុងចំណោម​​កីឡាករ​ថ្មីៗ​ ក៏មាន​កីឡាករ​ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង​​​​មួយចំនួន​នក្នុងវិស័យប្រដាល់ស្រាប់​ចូលប្រកួតផងដែរ ​ដោយគ្រាន់តែលោក​​​រំពឹងថា ​សមាសភាពកីឡាករថ្មីៗ​គឺជាទិសដៅដែលប៉ុស្ដិ៍លេខ​៥​​​គិតថា ​​ប្រឹងប្រកួតល្អជាង បើធៀប​នឹងកីឡាករ​ចាសៗ។

លោក​ឧត្តមសេនីយ៍ទោ ​សិន សុផាត ​​តំណាង​​​ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ​​៥ បានថ្លែងបញ្ជាក់ថា ​សម្រាប់រដូវកាលទី​៤នេះ ​​​​សមាសភាពកីឡាករ​​ថ្មីៗ ក្រុម​ការងារប៉ុស្ដិ៍លេខ​៥ និង​សហព័ន្ធប្រដាល់​ បាន​ជម្រើសចេញពី​បណ្ដាក្លិបនៅទូទាំងប្រទេសតែម្ដង ដោយក្នុងចំណោម​កីឡាករដែលជម្រើសបានទាំង​​៣២រូប គឺ​ភាគច្រើនជាសមាសភាពកីឡាករ​ជើងថ្មី។

យ៉ាងណាមិញ លោកថា កីឡាករជើងចាស់​​​​​មិនអាចមើលស្រាលកីឡាករថ្មីៗនោះទេ ដោយសារតែ​​ការបប្រកួត​​កាលពី​រដូវកាលមុន កីឡាករ​ជើងថ្មី ​លាភ រដ្ឋា និង ​លន បញ្ញា ដែលជាកីឡាករថ្មីៗ សុទ្ធតែ​បានគ្រងតំណែង​​​លេខ​១ និងលេខ​២ ខណៈដែល​​កីឡាករ​​ចាស់ៗ ត្រូវ​​​គេទម្លាក់ចេញ​អោយហាលអាវគ្មានសល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ