ចិនផ្តល់ថវិកាជិត៨០លានដុល្លារដើម្បីសាងសង់អាគារក្នុង​មន្ទីរពេទ្យព្រះកុសុមៈ

គម្រោងសាងសង់មន្ទីរពេទ្យព្រះកុសុមៈថ្មី (ក្នុងពិធីបើកការដ្ឋានដំណើរការសាងសង់នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨)។ (រូបភាព៖ បណ្ដាញសង្គម)

ចិនបានផ្តល់ថវិកា៥៥០លានយ័ន ស្មើប្រមាណជិត៨០លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់អគារវេជ្ជសាស្ត្រក្នុង​មន្ទីរពេទ្យព្រះកុសុមៈ។

ក្នុង​សុន្ទរកថានិងរបាយការណ៍សង្ខេបក្នុងពិធីបើកការដ្ឋានសាងសង់អគារវេជ្ជសាស្រ្តមិត្តកម្ពុជា-ចិននៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាពរបស់ប្រជាជនដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ទើប​រដ្ឋាភិបាលកម្ពុជាបានលើកគម្រោងស្នើទៅរដ្ឋាភិបាលចិនដើម្បីសុំថវិកាសាងសង់អាគារមន្ទីរពេទ្យនេះបន្ថែមទៀត។

លោក ម៉ម ប៊ុនហេង បន្តថា នៅចុងឆ្នាំ២០១៥ រដ្ឋាភិបាលចិនបានយល់ព្រមសិក្សាគម្រោង និងបានផ្តល់ថវិកា៥៥០លានយ័នស្មើប្រមាណជិត៨០លានដុល្លារដល់កម្ពុជា ដើម្បីសាងសង់អាគារថ្មីបន្ថែម ដែលមានទំហំ ៣៣០០ម៉ែត្រការ៉េ នៅលើផ្ទៃដី១ ៣៧៤០ម៉ែត្រការ៉េ។ ប្រភពដដែលឲ្យដឹងថា​ អាគារនេះនឹងត្រូវបាន​​បំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើប សម្ភារបរិក្ខាផ្សេងៗ ហើយការសាងសង់ ត្រូវបញ្ចប់ត្រឹមរយៈពេល៤០ខែ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះឲ្យដឹងទៀតថា អាគារដែលត្រូវសាងសង់នោះ មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់ និងអាយុកាលប្រើប្រាស់៥០ឆ្នាំ ហើយអាគារនោះត្រូវបែងចែកជាផ្នែកទៅតាមមុខងារដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្រ្ត ផ្នែកជំងឺទូទៅ ផ្នែកវេះកាត់ និងសេវាផ្សេងៗទៀត។

បើតាមលោក ម៉ម ប៊ុនហេង បច្ចុប្បន្ននេះ មន្ទីរពេទ្យព្រះកុសុមៈបានប្តូរឈ្មោះ​ទៅជាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ដើម្បីឆ្លើយតបតាមកិច្ចព្រមព្រៀង និងមានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ