បទវិភាគ៖ តើ​កម្ពុជា​ស្ថិត​នៅ​ត្រង់​ទីតាំង​ណា​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​លើ​ពិភព​លោក?

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​សប្ដាហ៍​ទី​៤ នៃ​ខែ​តុលា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អះ​អាង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​នេះ នឹង​នៅ​តែ​រក្សា​បាន​ភាព​រឹង​មាំ​ដដែល ជាមួយ​អត្រា​កំណើន ៧.១​ភាគរយ ហើយ​កំណើន​រឹង​មាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា ក៏​ត្រូវ​បាន​ព្យាករ​ថា នឹង​កើត​មាន​ឡើង​នៅ​ឆ្នាំ​២០១៩​ផង​ដែរ។

បើ​តាម​របាយការណ៍​សង្ខេប​ចេញ​ដោយ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជានៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​បែប​នេះ តាម​រយៈ​ភាព​រឹង​មាំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់​ក្នុង​អត្រា១០​ភាគរយ កំណើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ កំណើន​ដ៏​រឹង​មាំ​នៃ​វិស័យ​ទេសចរណ៍និង​សេវាកម្ម និង​កំណើន​វិស័យ​កសិកម្ម។

ទិដ្ឋភាពចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ការ​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​របាយការណ៍​ចេញ​ដោយ​ធនាគារ​ពិភព​លោក។ ធនាគារ​មួយ​នេះ បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​កំណើន៧​ភាគរយ​នៅ​ឆ្នាំ​នេះ បើធៀប​នឹង​កំណើន៦.៩​ភាគរយ កាល​ពី​ឆ្នាំ​២០១៧។

បើ​តាម​របាយការណ៍​ដដែល​នោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​ភាព​រឹង​មាំ​ដដែល តាម​រយៈ​តម្រូវការ​ខាង​ក្រៅ​នៃ​ផលិត​ផល​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង កំណើន​លំហូរ​ចូល​នៃ​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស ការ​ថម​ថយ​នៃ​កំណើន​កម្ចី​ឥណទាន និង​ការ​ងើប​ឡើង​វិញ​នៃ​ផលិតផល​កសិកម្ម។

ធនាគារ​ពិភព​លោក បាន​ព្រមាន​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​​សេដ្ឋកិច្ច​កម្ពុជា​កាល​ពី​ដើម​ខែ​តុលានេះថា ការ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្ដល់​មក​ឲ្យ​កម្ពុជា គឺ​ជា​ហានិភ័យ​ដ៏​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

ធនាគារ​មួយ​នេះ បាន​ពន្យល់​ក្នុង​របាយការណ៍​នោះ​ថា ការ​គំរាម​កំហែង​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​មហា​អំណាច​សេដ្ឋកិច្ច​អឺរ៉ុប អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រីក​លូត​លាស់​របស់​សេដ្ឋកិច្ច​កម្ពុជា។

ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​វិជ្ជមាន ចុះ​តើ​វិស័យ​ដទៃ​ទៀត​របស់​ប្រទេស​នេះ ស្ថិត​លើ​ទិសដៅ​ដូចម្ដេច​ខ្លះ?

ថ្វី​បើ​សេដ្ឋកិច្ច​កម្ពុជា​ស្ថិត​លើ​ដំណើរ​ត្រូវ​ក៏​ដោយ ប៉ុន្តែ វិស័យ​ដទៃ​ទៀត ត្រូវ​បាន​ស្ថាប័ន​សិក្សា​អន្តរជាតិ​រក​ឃើញ​ថា ស្ថិត​នៅ​លើ​ផ្លូវ​អវិជ្ជមាន​ទៅ​វិញ។

​របាយការណ៍​ស្ដី​ពី​ «ភាព​ប្រកួត​ប្រជែង​សកល»​ ឆ្នាំ​២០១៨ ចេញដោយ​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​នេះ បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១១០ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤០​ ដែល​ត្រូវ​បាន​សិក្សា​វាយ​តម្លៃ​អំពី​ «ភាព​ប្រកួត​ប្រជែង​ជា​សកល»។

ទិដ្ឋភាពមុខព្រះបរមរាជវាំង ក្នុងថ្ងៃខួប​ ១៤​ព្រះ​វស្សា​នៃ​ ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបភាព៖ ហេង វិចិត្រ)

បើ​តាម​របាយការណ៍​នេះ ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ត្រូវ​បាន​អ្នក​សិក្សា​វាយ​តម្លៃ​ជាមួយ​​សន្ទស្សន៍៥០.២​ពិន្ទុ​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ល្អ​​ជាង​ប្រទេស​ឡាវ​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​មួយ​ចំនួន​​នៅ​តំបន់​អាហ្វ្រិក។

នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃ​អំពីភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​​នៅ​តាម​បណ្ដា​ប្រទេស​នានា ឬ​ភាសា​អង់គ្លេស​ហៅ​ថា «Doing Business» ធនាគារ​ពិភព​លោក​ បាន​វាយ​តម្លៃ​ថា កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៣៥ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៩០។

របាយការណ៍​ដែល​សិក្សា​វាយ​តម្លៃ​លើ​នីតិវិធី​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នោះ បាន​ដាក់​ពិន្ទុ​ប្រទេស​កម្ពុជា​ត្រឹម​តែ៥៤.៤៧​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប ១០០។

បើធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ទាំង ១១​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា​បាន​ត្រឹម​ល្អ​ប្រសើរ​ជាង​ប្រទេស​ឡាវ ទីម័រ​ខាង​កើត និង​ភូមា​តែ​ប៉ុណ្ណោះ។

ថ្វី​បើ​សន្ទស្សន៍​សម្រាប់​ប្រទេស​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​បន្តិច ប៉ុន្តែ ការ​សិក្សា​វាយ​តម្លៃ​នេះ បាន​រក​ឃើញ​ថា បរិយាកាស​ចាប់​ផ្ដើម​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ និង​ឆ្លង​កាត់​នីតិវិធី​ស្មុគ​ស្មាញជាច្រើន បើធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់។

ក្រៅ​ពី​ការ​សិក្សា​វាយ​តម្លៃ​ទាំង​ពីរ​ខាង​លើ កម្ពុជា​ក៏​ត្រូវ​បាន​សិក្សា​វាយ​តម្លៃ​ផង​ដែរ ទៅ​លើ​កម្រិត​អំពើ​ពុក​រលួយ​។ របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់ ១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​ត្រូវ​បាន​អង្គការ​អន្តរជាតិ​មួយ​នេះ​សិក្សា​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​នេះ បាន​ឲ្យ​ដឹងទៀត​ថា កម្ពុជា​ទទួល​បាន​ត្រឹម​តែ២១​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប១០០​ពិន្ទុ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​វាយ​តម្លៃ​កម្រិត​អំពើ​ពុក​រលួយ​នៅ​តាម​ប្រទេស​នីមួយៗ។

បើ​តាម​របាយការណ៍​នេះ កម្ពុជា​នៅ​តែ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ជា​ប្រទេស​ពុក​រលួយ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ហើយ​ក៏​ជា​ប្រទេស​ពុក​រលួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពោល​គឺ​មាន​កម្រិត​ពុក​រលួយ​ខ្លាំង​ជាង​ប្រទេស​ឡាវ និង​ភូមា​ទៅ​ទៀត។

របាយការណ៍​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រទេស​​ស្ថានភាព​សេរីភាព​ មិន​មាន​ភាព​សេរី ឬ​ក៏​មាន​ភាព​សេរី​ដោយ​អន្លើ។

អង្គការ​អន្តរជាតិ​មួយ​នេះ សិក្សា​វាយ​តម្លៃ​អំពី​កម្រិត​សិទ្ធិ​សេរីភាព​នយោបាយ សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ស៊ីវិល តាម​រយៈ​ពិន្ទុ​វាយ​តម្លៃ​ពី​សូន្យ​ដល់ ១០០​ពិន្ទុ។

ក្នុង​របាយការណ៍​មាន​ចំណង​ជើង​ថា «ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​វិបត្តិ» កម្រិត​សេរីភាពជា​រួម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ បាន​ធ្លាក់​ចុះ ដោយ​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ត្រឹម​តែ២០​ពិន្ទុ​ប៉ុណ្ណោះ ពោល​គឺ​កម្ពុជា​បាន​ធ្លាក់​ទៅ​ជា​ប្រទេស​ដែល​ស្ថានភាព​សេរីភាព «មិន​សេរី»

របាយការណ៍​នេះ​បាន​លម្អិត​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​នយោបាយ សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ស៊ីវិល សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​សេរី ឬ​ក៏​មាន​សេរីភាព​ដោយ​អន្លើ។

យ៉ាង​ណា សន្ទស្សន៍​សេរីភាព​កម្ពុជា​ជា​រួម មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ខណៈ​ដែល​សន្ទស្សន៍​សេរីភាព​កម្ពុជា​មិន​ល្អ​ប្រសើរ​នោះ សន្ទស្សន៍​សន្តិភាព​របស់​ប្រទេស​នេះ ក៏​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ផង​ដែរ។ របាយការណ៍​ «សន្ទស្សន៍​ស្ថានភាព​ផុយ​ស្រួយ» ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​អង្គការ​មូលនិធិ​ដើម្បី​សន្តិភាព​ បាន​បង្ហាញ​ថា ស្ថានភាព​សន្តិភាព​របស់​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ប្រកាស​អាសន្ន​យ៉ាង​ខ្ពស់។

អង្គការ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅអាមេរិក​មួយ​នេះ បាន​ចាត់​ថ្នាក់​កម្រិត​នៅ​លំដាប់​លេខ ៥៣ ជាមួយ​ពិន្ទុ​សិក្សា​វាយ​តម្លៃ ៨៤​ពិន្ទុ ដែល​មាន​ន័យ​ថា សន្ទស្សន៍​សន្តិភាព​នៅ​កម្ពុជា​ទាប​ជាង​ប្រទេស​នានា​ក្នុង​តំបន់ លើក​លែង​តែ​ប្រទេស​ភូមា​តែ​ប៉ុណ្ណោះ។

របាយការណ៍​បង្ហាញ​ផង​ដែរ​ថា មាន​តែ​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ខាង​ជើង​ប៉ុណ្ណោះ​ ដែល​ស្ថានភាព​សន្តិភាព​របស់​ពួកគេ​មាន​លំនឹង​ល្អ ខណៈ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​សុទ្ធ​តែ​ងាយ​នឹង​ធ្លាក់​ទៅ​ចូល​ក្នុង​ស្ថានភាព​វឹកវរ។

តាម​រយៈ​ការ​សិក្សា​វាយ​តម្លៃ​ពី​ស្ថាប័ន​អន្តរជាតិ​ខាង​លើ កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​វិជ្ជមាន​ខាង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ ដំណើរ​វិវត្តន៍​ផ្នែក​សង្គម លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព កំពុង​តែ​ស្ថិត​លើ​ផ្លូវ​ផ្ទុយ​ពី​សេដ្ឋកិច្ច​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ