ក្រសួងបង្រៀន​ពីបច្ចេកទេសផលិតស្រា «ស» ដើម្បីការពារ​សុខភាពអ្នកទទួលទាន

អ្នកភូមិកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមួយ នៅស្រុកស្នួល ខេត្តក្រចេះ ដែលថាពុលស្រាស កាលពីថ្ងៃទី១៣ ខែកក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងសុខាភិបាល)

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីថ្នាក់ក្រោមជាតិ និងម្ចាស់សិប្បកម្មនៅខេត្តក្រចេះ អំពី​បច្ចេកទេសក្នុងការផលិតស្រា «ស» អង្ករ និងគ្រឿងបរិភោគផ្សេងទៀត ឲ្យមានស្តង់ដារ​ ដើម្បីការពារ​កុំឲ្យមាន​ផល​ប៉ះពាល់ដល់សុខភាព​អ្នកទទួលទាន។

អ្នកនាំពាក្យក្រសួងសិប្បកម្ម និង​ឧស្សាហកម្ម លោក អ៊ំ សុផា មានប្រសាសន៍ថា ដើមចមដែលនាំឲ្យក្រសួងបើកវគ្គបណ្ដុះបណ្ដាលដល់ម្ចាស់សិប្បកម្ម និង​មន្ត្រីភូមិ ឃុំ ស្រុក ខេត្តក្រចេះ រួមទាំងមន្ត្រីមកពីនាយកដ្ឋានស្តង់ដារកម្ពុជា ស្ដីពីបទដ្ឋានបច្ចេកទេសក្នុងការផលិតស្រា«​ស»អង្ករ និងគ្រឿងបរិភោគផ្សេងទៀតដូចជា ទឹកត្រី និងទឹកស៊ីអ៊ីវជាដើម ឲ្យមានស្តង់ដារ ដោយសារមានករណីពុលស្រា«ស»ស្លាប់មនុស្សនៅខេត្តក្រចេះនាពេលថ្មីៗនេះ​។

លោក សុផា បន្តថា វគ្គបណ្តុះបណ្តាលនេះនឹង​ជួយឲ្យម្ចាស់សិប្បកម្មនិងមន្ត្រីពាក់ព័ន្ធទាំងអស់​យល់ដឹងអំពីអត្ថប្រយោជន៍ការបិទស្លាកលើផលិតផលឲ្យបានត្រឹមត្រូវ ដើម្បីការពារកុំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។

លោកមានប្រសាសន៍ថា៖ «យើងជួយលើកកម្ពស់ការការពារមិនមែនត្រឹមតែប្រជាពលរដ្ឋទេ សមត្ថកិច្ចនៅតាមអង្គភាពមូលដ្ឋាន អាជ្ញាធរ គាត់មិនទាន់យល់អស់ច្បាប់ស្តង់ដារកម្ពុជា។ យើងពន្យល់គាត់ ទំនិញបែបណា ដែលអនុលោមតាមស្តង់ដារ ទំនិញបែបណាដែលយើងសង្ស័យថាទំនិញមិនស្របច្បាប់ ដូចជាទំនិញមិនមានអាសយដ្ឋាន មិនមានបិទស្លាកសញ្ញាត្រឹមត្រូវ​​ឲ្យប្រជាពលរដ្ឋយល់ យើងរួមគ្នាងាកចេញពីការប្រើប្រាស់​​ផលិតផលហ្នឹង បញ្ជៀសគ្រោះថ្នាក់ និងប៉ះពាល់សុខភាពរបស់យើង​​»

មន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មរូបនោះអះអាងថា វគ្គបណ្តុះបណ្តាលនេះ ក្រសួងធ្វើបានចំនួន៨ខេត្តរួចហើយ រួមមាន កោះកុង កំពង់ចាម ស្វាយរៀង តាកែវ និងខេត្តក្រចេះជាដើម ខណៈខេត្ត១៧ខេត្តផ្សេងទៀត លោកថា ក្រសួងគ្រោងធ្វើឲ្យចប់នៅចុងឆ្នាំ២០១៨នេះ។

នាយក​ប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា  លោក មុំ គង់ ពន្យល់ជាទូទៅថា គ្រឿងបរិភោគផ្សេងៗ ដូចជា ទឹកត្រី និងទឹកស៊ីអ៊ីវជាដើម ទោះជាការផលិតមិនមានស្តង់ដារក៏មិនប៉ះពាល់សុខភាពលឿនដូច​គ្រឿង​ស្រវឹងដែរ។ ករណីនេះ លោកថា រដ្ឋាភិបាលគួរតែបង្កើតច្បាប់គ្រប់​គ្រងគ្រឿងស្រវឹងដាច់ចេញពីគ្រឿងបរិភោគផ្សេងទៀត ទើបទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ស្រាអត់ដូចចំណីអាហារទេ។ គួរតែមានច្បាប់ដាច់ដោយឡែក សម្រាប់និយាយតែរឿងស្រា តាំងពីការចរាចរ តាំងពីការផលិត ការប្រើប្រាស់ តាំងពីការរកទីផ្សារជាដើម គួរតែនៅក្នុងច្បាប់មួយដាច់ដោយឡែកពីចំណីអាហារ»

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋមក​ពី​ឃុំចំនួន៤  គឺឃុំបឹងចារ ឃុំសំបូរ ឃុំក្បាលដំរី និងឃុំកោះខ្ញែ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ បានពុលស្រា«​ស»ស្លាប់ចំនួន៥នាក់ និង៨៩នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ​ក្រោយ​ពីផ្ទុះករណី​នេះ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ បានបិទសិប្បកម្ម​ផលិត​ស្រា«ស»​​ជាង​៧០០ ​កន្លែង​ និងផ្អាក​ការលក់ដូរ​ជា​បណ្ដោះអាសន្ន​នៅ​ទូទាំង​ខេត្ត​នេះ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ