អេ រដ្ឋា ថា​​ខ្លួនចាប់ផ្ដើម​មានពន្លឺ ក្នុងការជ្រើសរើស​ជើងឯក​​វគ្គថ្មី

កីឡាករបង្គោលខៀវ អេ រដ្ឋា បានឈ្នះលើកីឡាករ ​ង៉ែត វុធ បង្គោលក្រហម​ដោយពិន្ទុ កាលពីថ្ងៃទី​​​៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងការប្រកួត​​​​​​​ជ្រើសរើសឯក TV5 KNOCK OUK Series By K-Cement ក្នុងរដូវកាលទី​៤ វគ្គទី១។ (រូបភាព៖​វង្ស សុម៉ាលីន)

​ការប្រកួត​​​​​​​ជ្រើសរើសឯក TV5 KNOCK OUK Series By K-Cement ក្នុងរដូវកាលទី​៤ ដែល​ប្រកាស​​អោយ​​​​​កីឡាករ​៥៧គីឡូក្រាម​៣២រូប ​ប្រកួត​គ្នា​​​​​​នៅ​ប៉ុស្ដិ៍លេខ​​​៥​ នៅព្រែកកំពឹស លើកនេះ គេឃើញវត្តមានកីឡាករ​​ អេ រដ្ឋា ​​ដែល​កាលពីការប្រកួត​​​​កាលពី​​​​​​​ការប្រកួតជ្រើស​ជើង​ឯកលើកមុន​​​ឈានដល់​វគ្គ​​៨នាក់​ បង្ហាញខ្លួនជាថ្មី។ ​​​ជាមួយនឹង​លទ្ធផល​ទម្លាក់គូប្រកួត​ក្នុងវគ្គ​​​ទី១នេះ ​កីឡាករ អេ រដ្ឋា បាន​​អះអាងថា​​ខ្លួនមាន​ពន្លឺ​សម្រាប់ការប្រកួត​​​​​​​ជម្រើសជើងឯករដូវកាល​​ថ្មី​ទៀតហើយ ​បើទោះជាមិនទាន់ដឹងថា​​តើខ្លួនបាន​ចូលទៅដល់វគ្គ​​៨នាក់​ដូចការចូលប្រកួត​កាលពី​លើកមុន ឬយ៉ាងណា?

អេ រដ្ឋា និយាយថានេះ ជាលើកទី​២​ហើយ ដែលលោកបានចូលប្រកួត​​​ជ្រើស​​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥​​​ ដោយការប្រកួត​លើកមុន​លោក​​​​​បានឈានដល់​ក្នុងវគ្គ​​៨នាក់ ប៉ុន្តែត្រូវធ្លាក់ហាលអាវ​ក្នុងវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ​​ក្រោយពី​ប៉ះ​អ្នកខ្លាំង​​ជាគូប្រកួតនៅលើសង្វៀន។

កីឡាករបង្គោលខៀវ អេ រដ្ឋា បានឈ្នះលើកីឡាករ ​ង៉ែត វុធ បង្គោលក្រហម​ដោយពិន្ទុ កាលពីថ្ងៃទី​​​៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងការប្រកួត​​​​​​​ជ្រើសរើសឯក TV5 KNOCK OUK Series By K-Cement ក្នុងរដូវកាលទី​៤ វគ្គទី១។ (រូបភាព៖​វង្ស សុម៉ាលីន)

លោកសម្ដែង​​​​អារម្មណ៍សប្បាយយ៉ាង​ខ្លាំង ដែលការប្រកួតកាលពីថ្ងៃទី​​​៣ ខែវិច្ឆិកា ហើយបានឈ្នះពិន្ទុលើកីឡាករ ​ង៉ែត វុធ បង្គោលក្រហម​ដោយពិន្ទុ ដែលមានន័យថា​លោកបានឆ្លង​ផុត​វគ្គ​​​៣២នាក់​ ហើយបានឡើងទៅ​វគ្គ​១៦នាក់​​​​​តាមការចង់បាន។ ដ្បិតថាខ្លួនធ្លាប់បានបង្ហាញខ្លួនចូលប្រកួត​​​​ព្រឹត្តិការណ៍​មួយនេះ​កាលពី​រដូវកាលមុនរួចម្ដង តែលោកនៅតែអះអាងថា​​មិនទាន់​គ្រប់គ្រាន់សម្រាប់បទពិសោធន៍ ដោយ​លោកយល់ថា​​ឱកាស​បានឈ្នះ​​​​​​​​ជាថ្មី កាលពី​​​​​ថ្ងៃសៅរ៍មុននេះ គឺជាពន្លឺសម្រាប់​ការសម្រេចចិត្ត​ចូល​​ប្រកួត​​​​​​​​ជាលើកទី​២របស់ខ្លួន។

លោកនិយាយថា​«​​ដោយសារតែខ្ញុំ​ប្រកួតកាលពីរដូវកាលមុន​​ធ្លាប់បាន​ឡើងដល់វគ្គ​​៨នាក់​ម្ដង​​នឹង​ហើយ ទើប​ខ្ញុំចង់សាកប្រកួតលើកហ្នឹងម្ដងទៀត!  ហើយ​ខ្ញុំពិតជាមានកម្លាំងចិត្ត​​បន្ទាប់ពី​បាន​​​ឡើង​​ក្នុងវគ្គ​​​​ទី១លើកនេះ!»។ ​

លោកថា មិននឹកស្មានថាខ្លួនដណ្ដើមបានកៅអីទៅកាន់វគ្គបន្តដូចការគ្រោងទុកនោះទេ បន្ទាប់ពីសាកកណ្ដាប់ដៃជាមួយ ង៉ែត វុធ ហើយ​​កត់សម្គាល់ឃើញថាគូប្រកួតរបស់លោក​​​​ខ្លាំងទាំង​កែង ម៉ាត់ និង​​ទាត់ ពិបាក​​វាយចូល​​​។ ឱកាសដណ្ដើមបានទីតាំងមួយ ​ក្នុងវគ្គ​ជម្រុះបើកឆាកនេះ ធ្វើអោយកីឡាក អេ រដ្ឋា មានកម្លាំង​​ចិត្ត​ទ្វេរដង ​​ដោយបានទាំង​អះអាងថា​ការសម្រេចចិត្តប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ TV5 KNOCK OUK Series By (K-Cement) ជារឿង​សម្រេចចិត្តត្រូវនោះផង។

លោកមិនទាន់ដឹងថា​​តើអាច​​​​​បន្តទៅវគ្គ​​៨នាក់ដូចមុន​​ ឬយ៉ាងណានោះទេ ប៉ុន្តែលោកថានឹង​ប្រឹងអោយអស់ពីលទ្ធភាព ​​ដើម្បី​​​​ឆ្ពោះទៅកាន់​ឱកាសកាន់ពាន ​​កុំអោយភ្លាត់ស្នៀត​ដូច​​រដូវកាលមុន។ លោកថាបើការប្រកួតកាលពីថ្ងៃសៅរ៍នោះ មិនទទួល​ជោគជ័យ នោះលោកនឹង​បាក់កម្លាំង​ចិត្ត​នៅក្នុងវិស័យប្រដាល់តែម្ដង ដោយសារតែប្រឹង​ហ្វឹកហាត់ម្លឹងដែរ ​នៅតែមិនអាច​​​​​​ទៅរួចនោះ។

លោក សេង កដិកា អ្នករៀបចំកម្មវិធីបានអះអាងថា នេះជាការប្រកួត​ក្នុងសប្ដាហ៍ទី​​២ ​ក្នុងវគ្គជម្រុះពី៣២នាក់យក១៦នាក់ ​សម្រាប់​រដូវកាលថ្មី បន្ទាប់ពីកីឡាករប្រភេទទម្ងន់​​​៥៧គីឡូក្រាម​​រហូតដល់៣២រូបត្រូវបានជម្រើស​មក។

លោកសរសើរថា អេ រដ្ឋា ធ្វើបានល្អមិន​​អន់ជាងកាលបង្ហាញខ្លួនកាលពីលើកមុនទេ ​​ក្នុងពេលដែល កីឡាករ ង៉ែត វុធ បានបញ្ចេញថ្វីដៃយ៉ាងល្អ ទាំងម៉ាត់ កែង និង​​ជង្គង់។ ការប្រកួតក្នុងវគ្គបន្តនឹងកាន់តែល្អមើល បើ​ត្រឹម​​ប្រកួត​ជំហានទី​១​​​​​ភាគីម្នាក់ៗបញ្ចេញឡើងអស់សមត្ថភាពបែបនេះហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ