នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​សហគមន៍​​អន្តរជាតិ​ចូល​រួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​

នៅព្រឹកថ្ងៃចន្ទទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​អំពាវ​នាវ​​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ ឲ្យ​ចូលរួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ពលរដ្ឋ​ ក៏​ដូចជា​សេដ្ឋកិច្ច​របស់​ពួកគេ​ផង​ដែរ។

​ក្នុង​​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្ដីពី «ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព» ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី៥ វិច្ឆិកានេះ លោក​ ហ៊ុន សែន ថ្លែង​ថា បច្ចុប្បន្ន ​ឱសថ​ក្លែងក្លាយ​បាន​បង្ក​​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ប្រើប្រាស់ ដែល​ឱសថ​ទាំង​នោះ​​ ភាគ​ច្រើនត្រូវ​បាន​​ដាក់​លក់​អនឡាញ ដែល​លោក​ថា អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់ ​ពីព្រោះ​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ធ្វើ​ឲ្យ​អាជ្ញាធរ​​ពិបាក​គ្រប់គ្រង។

លោក​ថា៖ «ខ្ញុំគិតថា នេះជាចំណុចដែលយើងត្រូវធ្វើការរួមគ្នាដើម្បីឲ្យក្លាយជាចរន្តអន្តរជាតិ ព្រោះយើងនៅទីនេះ មានក្រុមហ៊ុនផលិតប៉ុន្មាន មានប្រទេសប៉ុន្មាន ប៉ុណ្ណេះវាមិនគ្រប់គ្រាន់ទេ? ទាល់តែទៅទាំង​មូល​រួម​គ្នា​តែម្ដង ទាំងប្រទេសផលិត និងប្រទេសមិនផលិត»

លោក​បាន​ជំរុញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​លុប​បំបាត់​ឱសថ​ក្លែង​ក្លាយ​ទាំង​នេះ ដោយ​លោក​ស្នើ​ដល់​ប្រទេស​ថៃ ក្នុង​ការ​លើក​យក​បញ្ហា​នេះ​ដាក់​ចូល​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​នា​ឆ្នាំ​២០១៩​​ខាង​មុខ​ ខណៈ​លោក​លើក​ឡើង​ពី​យន្តការ​ហ្វ្រង់កូរហ្វូនី​នៃ​ប្រទេស​អ្នក​និយាយ​ភាសា​បារាំង និង​សន្និសីទ​បក្ស​នយោបាយ​និយម​កណ្ដាល​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​អាច​ជំរុញ​រឿង​នេះ​ផង​ដែរ​តាម​រយៈ​ការ​គាំទ្រ​ដល់​សេចក្ដីថ្លែងការណ៍​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ស្អែក​។

​ក្នុង​សន្និសីទ​នេះ​ផង​ដែរ ​ប្រធានាធិបតី​បារាំង ​លោក ម៉ានូអែល ម៉ាក្រុង ​តាម​រយៈ​ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​លោកស្រី អេវ៉ា ង្វៀនប៊ិញ បាន​លើក​ឡើង​​ថា​ ប្រទេស​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ផលិត​ផល​ថ្នាំ​ក្លែង​ក្លាយ​នេះ ហើយ​ក៏​ជំរុញ​ឲ្យ​អន្តរជាតិ​មាន​វិធាន​ការ​ផង​ដែរ​តាម​​រយៈ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ក្នុង​មហា​សន្និបាត​អង្គការ​​សហប្រជាជាតិ។

លោក​ស្រី​ឯក​អគ្គរដ្ឋទូត៖ «ពួកឧក្រិដ្ឋកម្មឱសថ បានផលិត និងលក់ថ្នាំក្លែងក្លាយ ពុំមានព្រំដែនទេ។ ជាមូលហេតុដែលអន្តរជាតិត្រូវធ្វើការទាំងអស់គ្នា ត្រូវការទំនាក់ទំនងគ្នាកាន់តែខ្លាំងលើកិច្ចសហការផ្នែករដ្ឋបាល ចាប់ពីមន្ត្រីគយ ដល់ប៉ូលិស ចាប់ពីឱសថស្ថាន ទៅកាន់មន្ត្រីតុលាការ ចាប់ពីក្រសួង ទៅកាន់ភ្នាក់ងារអភិវឌ្ឍន៍ រួមទាំង WHO»

កាលពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ក្រុមហ៊ុន Zuelling Pharma ប្រចាំ​កម្ពុជា ​លោក Jean Gaetan បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ ក្នុង​ចំណោម​ថ្នាំ​ចំនួន ​១០​ប្រភេទ​​នៅ​ទូទាំង​ពិភពលោក​ មាន​ថ្នាំ​ក្លែងក្លាយ ​៧​ប្រភេទ​ហើយ ​ដែល​នៅ​លាយ​ឡំ​ជា​មួយ​ថ្នាំ​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ឆាប់​ជឿ និង​យក​មក​ប្រើ​ប្រាស់។

លោក​បន្ថែម​ថា ក្នុង​ ១​ឆ្នាំ​ ពល​រដ្ឋ​ជាង ​១លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​កា​រ​ប្រើប្រាស់​ថ្នាំ​ក្លែង​ក្លាយ​នេះ​ ក្នុង​នោះ​មាន​ប្រជាជន​កម្ពុជា​ជាង​ ២ពាន់​នាក់​។

​​​គេហទំព័រ​វិទ្យាសាស្ត្រ​នៃ​សាធារណ​រដ្ឋ​ប៉ូឡូញ ​បាន​លើក​ឡើង​ថា​ ឱសថ​ក្លែងក្លាយ​ភាគ​ច្រើន​មាន​តម្លៃ​ថោក និង​មាន​ការ​ផលិត​ច្រើន​ រួម​មាន​ថ្នាំ​សម្រក​ទម្ងន់ បណ្ដុះ​សក់ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​មេរោគ​របេង គ្រុនចាញ់ អេដស៍ និង​មហារីក​ជាដើម ដែល​ភាគ​ច្រើន​ជា​ថ្នាំ​របស់​ប្រទេស​ចិន និង​ឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ