សមត្ថកិច្ច​ថា សិស្សជាង ៥០នាក់នៅកំពង់ធំមាន​អការ​ក្អួត​ចង្អោរ​សង្ស័យ​ពុលបាយស្រូប

សិស្សានុសិស្ស​ជាង ៥០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ ក្រោយ​ពី​ពួកគេ​មាន​អការៈ​ក្អួត​ចង្អោរ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បរិភោគ​បាយ​ស្រូប​នៅ​ក្នុង​បរិវេណ​សាលារៀន​ពង្រ ស្ថិត​ក្នុង​ឃុំ​កំពង់ចិនជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ រូបថត៖ ហ្វេសប៊ុក

សមត្ថកិច្ច​ខេត្ត​កំពង់ធំ បាន​ឲ្យដឹងថា សិស្សសាលាជាង ៥០នាក់នៅអនុវិទ្យាល័យមួយក្នុងស្រុកស្ទោង បាន​ធ្លាក់​ទៅ​ជា​មាន​អការៈក្អួតចង្អោរ និងទាន់ដៃជើង ដោយសង្ស័យថា ពួកគេពុលអាហារ​ដែលលក់នៅក្នុងសាលារៀននោះ។

អធិការស្រុកស្ទោង លោក យ៉ង់ សំ ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​ថា សិស្ស ៥២នាក់ រៀននៅសាលាអនុវិទ្យាល័យពង្រ ស្ថិតក្នុងភូមិចេក ឃុំកំពង់ចិនជើង បាន​ដួលសន្លប់ និងក្អួត​ចង្អោរនៅថ្ងៃ​នេះ បន្ទាប់ពីសិស្សានុសិស្ស​ទាំងនោះបរិភោគបាយស្រូបដែលលក់នៅសាលារៀន។

លោក យ៉ង់ សំ បន្តថា ក្រោយពីលោកគ្រូអ្នកគ្រូផ្តល់ព័ត៌មានអំពីបញ្ហានេះ អាជ្ញាធរ និង​ក្រុម​គ្រូ​បង្រៀន បាន​បញ្ជូនសិស្សទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

លោក​អះ​អាង​ថា រហូតមកដល់ម៉ោង ៥ល្ងាចនេះ សិស្សទាំងនោះបានធូរស្បើយវិញអស់ហើយ ដោយមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតសិស្សណាម្នាក់នោះឡើយ។

ប៉ុន្តែ អធិការស្រុករូបនេះ មិនទាន់អាចបញ្ជាក់ថា សិស្សទាំងនោះពុលដោយសារអ្វីពិតប្រាកដនៅឡើយទេ ដោយថា សំណាកដែលយកទៅពិនិត្យរកមូលហេតុនោះមិនទាន់​ចេញលទ្ធផល​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ