លោក ស ថេត ព្រមានចាត់វិធានការចំពោះមន្ត្រីនគរបាលនិងយោធា នៅក្រោយបទល្មើសគេចពន្ធ

ឧត្តមសេនីយ៍ឯក ស ថេត ក្នុងពិធីប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រកាសលុបបំបាត់រាល់រូបភាពនៃ​​​បទល្មើសសេដ្ឋកិច្ចដែលកំពុងកើតឡើងក្នុងរាធានីភ្នំពេញ ដោយមានមន្ត្រីនគរបាលនិងយោធានៅពីក្រោយ ហើយអំពាវនាវឲ្យអាជីវករចូលរួមសហការ និងមានការបង់ពន្ធត្រឹមត្រូវចូលរដ្ឋ។

តាមការចុះផ្សាយនៅក្នុងទំព័រហ្វេកប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស​ ថេត បានមានសាសន៍ថា លោកបានទទួលព័ត៌មានក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញគេចពន្ធរាប់រាយគ្រឿងចូលក្រុងភ្នំពេញ ដោយមានមន្រ្តីនគរបាលនិងយោធានៅពីក្រោយខ្នង​​​ ហើយលោកនឹងចាត់វិធានការផ្លូវច្បាប់បើមន្រ្តីទាំងនោះនៅបន្តឃុបឃិតជាមួយឈ្មួញខិលខូច។

ទំព័រហ្វេកប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រង់សម្តី លោក ស ថេត​​​ ថា៖

«ខ្ញុំសុំអោយមន្ត្រីនគរបាលឬក៏យោធា សូមកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឲ្យសោះ។ ដោយមានការតាមដានព័ត៌មាន ខ្ញុំបានដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលរាជធានីភ្នំពេញរាប់រយគ្រឿងដោយឈ្មួញផ្សេងៗគ្នាបានឃុបឃិតគ្នាជាមួយមន្ត្រីនគរបាល និងយោធាដើម្បីបិទបាំងទង្វើគេចពន្ធ»។​

លោកក៏បានបន្ថែមទៀតថា៖​​​ «ចាប់ពីថ្ងៃនេះទៅ ខ្ញុំ នឹងសហការជាមួយសាខាគយរាជធានីភ្នំពេញ និងនាយកដ្ឋានគយចល័តព្រមទាំងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ចដែលគេចពន្ធ»។

ស្នងការនគរបាលរាជធានីភ្នំពេញមានវិធានការបែបនេះដើម្បីជួយបង្កើនចំណូលពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវនិងកើនឡើងដែលជាប្រយោជន៍រួមសម្រាប់ការអភិវឌ្ឈប្រទេសជាតិទាំងមូល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ