រដ្ឋាភិបាលប្រាប់ ​UN ថាកម្ពុជា​កំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា បានបន្ដជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា នៅសាលាយុត្តិធម៌ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា រដ្ឋាភិបាលកំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា តាមរយៈការជំរុញឲ្យមានតម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ។

នៅថ្ងៃអង្គារនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជាលោកស្រី រ៉ូណា ស្មីត បានបន្ដជួបជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជារបស់លោកស្រី។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនេះ លោកស្រីអះអាងថា ខ្លួន​បានលើកឡើងអំពីបញ្ហាមួយចំនួនទាក់ទងនឹងប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា ដូចជា បញ្ហាតម្លាភាពនៃប្រព័ន្ធយុត្ដិធម៌ ការតែងតាំង និងតម្លើងឋានន្ដរសក្ដិដល់ចៅក្រម និងព្រះរាជអាជ្ញា ឯករាជ្យភាពរបស់ស្ថាប័នតុលាការ នីតិវិធីនៃការឃុំខ្លួនបណ្ដោះអាសន្ន និងជំរុញការទទួលបានយុត្តិធម៌នៅកម្ពុជា។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា បានបន្ដជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍានា នៅសាលាយុត្តិធម៌ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោកស្រី រ៉ូណា ស្មីត ថ្លែងថា៖ «ហើយក៏មើលទៅលើបញ្ហាឯករាជ្យតុលាការ និងបង្កើនការទទួលបានយុត្ដិធម៌នៅកម្ពុជា [] បញ្ហាជាច្រើនដែលខ្ញុំបានលើកឡើងកាលពីមុនជាមួយនឹងបញ្ហាឃុំខ្លួនបណ្ដោះអាសន្ន ពង្រឹងឯករាជ្យរបស់ស្ថាប័នតុលាការ និងគោលការណ៍នៃការរក្សាការសម្ងាត់របស់​តុលាការ យុត្ដិធម៌អនីតិជន គឺបញ្ហាជាច្រើន ដែលយើងបានពិភាក្សាជាច្រើនដងរួចមកហើយ»។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំនេះផងដែរនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រដ្ឋាភិបាលកំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌របស់ខ្លួន ដូចជា បង្កើតកម្មវិធីជំនួយផ្នែកច្បាប់ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងការទទួលបានមេធាវីការពារដោយឥតគិតថ្លៃ និងពង្រឹងស្ថាប័ន តម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការជាដើម។

ក្រៅពីនេះ លោកថា រដ្ឋាភិបាលក៏កំពុងដោះស្រាយបញ្ហាឃុំខ្លួនបណ្ដោះអាសន្ន និងចំនួនអ្នកទោសច្រើនលើសលប់​នៅក្នុងពន្ធនាគារ និងការចងក្រងប្រព័ន្ធទិន្នន័យក្នុងសំណុំរឿងព្រហ្មទណ្ឌជាដើម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោកបន្ដថា៖ «ទិសដៅរបស់យើងគឺដើម្បីបង្កើនប្រសិទ្ធិភាពសេវាយុត្ដិធម៌។ ហើយដើម្បីបង្កើនប្រសិទ្ធិភាពសេវាយុត្ដិធម៌បាន ទាល់តែតុលាការយើងមានឯករាជ្យភាព និងមានប្រសិទ្ធិភាព ទិសដៅនៃការកែទម្រង់ គឺការបង្កើនប្រាក់ខែដល់ចៅក្រម ការរើសចៅក្រមបន្ថែម ការបណ្ដុះបណ្ដាលសមត្ថភាពចៅក្រម [] ត្រួតពិនិត្យដំណើរការ ការដាក់ទោសទណ្ឌវិន័យ គឺដើម្បីធានាប្រសិទ្ធិភាព និងឯករាជ្យហ្នឹងហើយ»។

ក្នុងរបាយការណ៍ «សន្ទស្សន៍នីតិរដ្ឋសម្រាប់ឆ្នាំ២០១៧ និង២០១៨» ដែលចេញផ្សាយកាលពីចុងខែមករាឆ្នាំ២០១៨ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចាត់ថ្នាក់កម្ពុជា នៅលេខរៀងស្ទើរតែចុងក្រោយគេ ពោលគឺនៅចំណាត់ថ្នាក់ទី១១២ ក្នុងចំណោមប្រទេស១១៣ នៅលើពិភព       លោក។ ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ កម្ពុជាជាប់នៅចំណាត់ថ្នាក់ចុងក្រោយគេក្នុងចំណោមប្រទេសចំនួន១៥ នៅតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ