មន្ត្រី​រដ្ឋាភិបាល​ថា​ សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​មាន​​កម្រិត​នៅ​ឡើយ​

ការតាំងបង្ហាញផលិតផលបន្លែ ក្នុង​វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ (រូបភាព៖ ជន ចាន់រ៉ែន)

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយ​សារ​ចំណេះ​ដឹង​ពល​រដ្ឋ និង​មនោសញ្ចេតនា​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​។

អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ស្តង់ដារ​កម្ពុជា​លោក លី ទីន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ថា​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​គឺ​ស្ថិត​ក្នុង​​ស្ថានភាព​មួយ​ដែល​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​សារ​ចំនួន​ចំណី​អាហារ​មាន​ច្រើន​ខណៈ​មន្ត្រី​អនុវត្តន៍​មាន​តិច ហើយ​ជា​ពិសេស​មាន​ជន​ខិលខូច​មួយ​ចំនួន​លួច​ផលិត​ដោយ​លាក់​បាំង​ពី​សមត្ថកិច្ច​ផង​ដែរ។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​អាហារ​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា​អាច​ទទួល​យក​បាន​ជាង​៧០​ភាគ​រយ​ហើយ។

លោក​ថា៖ « វា​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​ខ្លាំង​ តែ​សព្វ​ថ្ងៃ​នេះ​ការ​អនុវត្តន៍​ច្បាប់​របស់​យើង​នៅ​លាយ​ឡំ​ជា​មួយ​មនោសញ្ចេតនា។ ឧទាហរណ៍​សិប្បកម្ម​ផលិត​មួយ បើ​សិន​ជា​យើង​ចាប់​បង្ខំ​គាត់​ឲ្យ​អនុវត្ត​ទាំង​ស្រុង​តែ​ម្ដង​បាន​ន័យ​ថា​យើង​ធ្វើ​តាម​ស្តង់ដារ​គឺ​គាត់​ខ្វះ​ពី​ថវិកា​ឡើង​ទៅ​និយាយ​ពី​កន្លែង​ផលិត​របស់​គាត់។ អញ្ចឹង​បើ​យើង​បង្ខំ​គាត់​ឲ្យ​ធ្វើ​១០០ភាគ​រយ​គឺ​គាត់​ត្រូវ​ដួល​រលំ​ហើយ។ អញ្ចឹង​គឺ​យើង​ត្រូវ ​Update គាត់​ឲ្យ​ទទួល​យក​បាន​សិន ចាំ​យើង​កែ​សម្រួល​គាត់​ឲ្យ​បាន​ល្អ​ឡើង​ៗ​ឲ្យ​បាន​ដល់​កម្រិត​ស្តង់ដារ​ » ។

ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល​លោក ស៊ិន ស៊ីដេត ឯកភាព​ចំពោះ​ការ​ឡើង​​ដែល​ថា​សុវត្ថិភាព​ចំណី​អាហារ​កម្ពុជា​ស្ថិត​នៅ​មាន​កម្រិត តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ស្ថានភាព​នោះ​ស្ថិត​ក្នុង​កម្រិត​ណា​នោះ​ទេ ខណៈ​លោក​​ថា​សមត្ថកិច្ច​កំពុង​ចាប់​មាន​វិធាន​ការ​ឲ្យ​ខ្លាំង​ក្លា​ហើយ។

លោក​ថា៖ « អ្វី​ដែល​យើង​ចាប់​បាន​បែរ​ជា​ធ្វើ​ឲ្យ​ប្រជាជន​ភិត​ភ័យ​ថា​ទំនិញ​ខូច​គុណភាព​ច្រើន តែ​កុំ​ភ័យ! វិធានការ​ដែល​សំខាន់​គឺ​ថា​យើង​ចាប់​ផ្តើម​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់​ ហើយ​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​នេះ​មិន​មែន​សម្រាប់​តែ​កម្ពុជា​ទេ! សូម្បី​តែ​នៅ​អាមេរិក​១ឆ្នាំ​៩៦​ប៊ីលានដុល្លារ​ចំណាយ​លើ​សុវត្ថិភាព​ចំណី​អាហារ​ ការ​ថែ​ទាំ​អ្នក​ជំងឺ​អី​ហ្នឹង។ សរុប​មក​វិញ ខ្ញុំ​សំណូម​ពរ​ថា​យើង​កុំ​មាន​គំនិត​ទិដ្ឋិនិយម អ្វី​ៗ​គឺ​មនុស្ស​អាច​គ្រប់​គ្រង​បាន​ទេ​។ បើ​យើង​ពង្រឹង​យន្តការ​ច្បាប់ យើង​ផ្តល់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ តាំង​ពី​តូច​តាច​ដល់​អាជីវករ​ធំៗ ឲ្យ​មាន​ក្រម​សីលធម៌ » ។

ប្រធាន​វិទ្យាស្ថាន​មេគង្គ​ប្រចាំ​តំបន់​ឥណ្ឌូចិន​លោក វច្ឆិរ៉ា លីឡាវ៉ាត មាន​ប្រសាសន៍​ថា​កម្ពុជា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​សម្រាប់​សុវត្ថិភាព​ចំណី​អាហារ​របស់​ខ្លួន ដែល​បញ្ហា​នេះ​​ត្រូវ​ការ ​ការ​ចូលរួម​ឲ្យ​កាន់​តែ​ខ្លាំង​ពី​​រដ្ឋាភិបាល​ជាមួយ​សង្គម​ស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​។

លោក វិច្ឆារ៉ា ថា ៖ « ប្រសិន​ជា​យើង​អាច​លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ​យើង​អាច​បើក​ឱកាស​ដល់​ប្រទេស​យើង​បន្ថែម​ទៀត​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ប្រទេស​នៅ​អាស៊ាន ព្រោះ​ឥឡូវ​គេ​លែង​គិត​ពន្ធ​ទៀត​ហើយ តែ​ប្រទេស​នី​មួយ​មាន​ស្តង់ដារ​របស់​គេ​ដូច្នេះ​បើ​យើង​អាច​បើក​ទីផ្សារ​បាន វា​ត្រូវ​ការ​ឲ្យ​យើង​មាន​សុវត្ថិភាព​ចំណី​អាហារ​ដែល​មាន​គុណភាព ​» ។

​​​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​​និរទេស​ខ្លួន​ឯង​នៅ​​ក្រៅ​ប្រទេស បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ ដោយ​និយាយ​ថា ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្រើន​តែ​បង្កប់​សារធាតុ​គីមី ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ​ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ ខណៈ​ខ្លួន​បាន​បញ្ជាក់​ថា​ខ្លួន​មាន​បច្ចេកទេស​គ្រប់​គ្រាន់​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ៕

វេទិកា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ​ឆ្នាំ២០១៨ ​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យាកម្ពុជា។ (រូបភាព៖ ជន ចាន់រ៉ែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ