សង្គម​ស៊ីវិលមួយចំនួន ​​​ថាពាក្យ «បដិវត្តពណ៌» ជាការគំរាមដល់សកម្មភាពរបស់​ខ្លួន

ពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ថ្ងៃទី ២១ មិថុនា ២០១៨ (រូបភាព៖ វេបសាយក្រសួងមហាផ្ទៃ)

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បង្ហាញការយល់ឃើញរបស់ពួកគេថា ប្រសិទ្ធិភាពនៃការស្តារទំនាក់ទំនងរវាង​ពួ​កគេ​ជាមួយ​រដ្ឋា​​ភិ​បា​​ល​​ឡើងវិញត្រូវពង្រឹងការអនុវត្តច្បាប់ និងឈប់ចោទប្រកាន់អ​ង្គការដែលធ្វើការលើ​ក​កម្ពស់​សិទ្ធិ​មនុ​ស្សនិងជំរុ​ញ​ដំណើ​រ​កា​​រ​​​​​ប្រ​​ជា​ធិបតេយ្យ ថាជា​ក្រុ​​ម​បដិវត្តពណ៌ប្រឆាំង។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន​ សែន បា​ន​សម្រេចប​ង្កើត​ក្រុ​ម​ការងារមួយ ដឹកនាំដោយ​រដ្ឋមន្ត្រីក្រ​សួ​ង​ម​ហា​​ផ្ទៃលោក ស ខេង ឲ្យរៀបចំកិច្ចប្រជុំពិគ្រោះ​យោបល់ជាមួយ​សង្គមស៊ីវិល​ឡើង​វិញ​ ដើ​ម្បី​ប្រ​​​​មូលបញ្ហា​ប្រឈមនានា​ដែល​​ស​ង្គ​​​ម​​​​​វិ​​​ល​បា​​នជួបប្រទះដើម្បី​ស្វែង​​រកដំណោះ​ស្រា​យ។

លោក ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ថ្ងៃទី ២១ មិថុនា ២០១៨ (រូបភាព៖ វេបសាយក្រសួងមហាផ្ទៃ)

សកម្មភាព​របស់​រដ្ឋាភិបាលនេះ ក៏ធ្វើឡើង​ចំពេលក្រុមប្រទេសលោកសេរី បានរិះគន់ថាបញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជាកំពុងធ្លាក់ចុះ ពិ​​​សេ​សអង្គការសង្គមស៊ីវិល និងការយារយីដល់សំឡេងប្រឆាំង និង ទា​មទា​រឲ្យ ដោះ​លែងប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ គឺលោក កឹម សុខា ត្រូវបើក​ផ្លូវឲ្យអតី​តគណប​ក្សប្រ​ឆាំង​បា​​​ន​​​​ដំ​ណើ​​​រ​ការឡើងវិញជាដើម ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក​ អំ សំអាត មានប្រសាសន៍ថា សេចក្តីសម្រេចរបស់​រដ្ឋាភិបាលពេល​​​នេះ ប្រហា​ក់​ប្រ​ហែលទៅនឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ​កាលពីចុងខែមុន ដែល​បានរំឭក​អាជ្ញាធរ​២៥រាជធានី ខេត្ត ឲ្យបង្កើនកិច្ច​សហ​ប្រ​តិ​បត្តិការរួមគ្នាដើម្បីជំរុញដល់ការអភិវឌ្ឍជាតិ  ក្រោយ​ពីចោទ​សង្គម​​​ស៊ីវិលមួយចំនួនថា ជាក្រុមបដិវត្តពណ៌ ជាក្រុមញុះញង់ និងជាក្រុមប្រឆាំងជាដើម។

លោក អំ សំអាត អះអាងទៀតថា ការចោទប្រកាន់៣ចំនុចនេះ ជាឫសគល់នៃរារាំងដល់​សកម្មភាពស​ង្គមស៊ីវិលដែ​ល​ធ្វើ​ការ​​ ​​​ លើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមស្មារតីរដ្ឋធម្មនុញ្ញ។

មន្ត្រី​សិទ្ធិមនុស្សរូបនេះយល់ថា ប្រសិទ្ធភាពនៃការបើកលំហប្រជាធិបតេយ្យឡើងវិញ មិន​អាស្រ័យ​លើការ​បង្កើតក្រុមនេះសម្រា​ប់​ដោះ​​​ស្រាយបញ្ហាប្រជាពលរដ្ឋ ឬបង្កើតក្រុមនោះចុះដោះស្រាយបញ្ហា​សង្គមស៊ីវិលនោះ​ទេ​ ។ លោកថា កូនសោ ប្រជា​ធិប​តេ​យ្យ​នៅលើឆន្ទៈនយោបាយ ។

លោកថា៖«ព្រោះយើងឃើញហើយសៀវភៅ«ស» របស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏មាននិយាយបញ្ហានេះ ហើយនៅឯកសារបស់​អគ្គស្នងកា​រនគរ​បាលជាតិក៏បានផ្សព្វ​ផ្សាយថា ស​ង្គមស៊ីវិលមួយ​ចំនួនជាក្រុមបដិវត្តពណ៌​ដែរ​ អាណឹងជាឫ​គល់​សំខាន់ដែ​ល​ត្រូវដោះស្រាយនោះ»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងថា លោកនៅមា​នជំ​នឿ​​តិចតួច​នៅ​ឡើយលើ​ក្រុមការងាររបស់រដ្ឋាភិបាលដែលទើបបង្កើតថ្មីនេះ ដោយថា​ សិទ្ធិអង្គការសង្គមស៊ីវិល ត្រូវ​បាន​កម្រិត​សិទ្ធិ​ ដោយ​ច្បាប់ស្តី​ពីសមាគម ​និងអង្គ​ការ​មិន​មែនរដ្ឋាភិបាល និងគំរាមកំហែងដោយពាក្យបដិវត្តិពណ៌។

លោកថា៖ «បញ្ជីខ្មៅមួយនេះបានអង្រួន បានធ្វើឲ្យសមត្ថកិច្ចមួ​យចំនួនដែលមិនសូវ​សប្បាយចិត្តស្រា​ប់ផងជា​មួយសង្គមស៊ីវិ​លបាន​អនុ​វត្តប​ទបញ្ជាមួយយ៉ាងតឹងរ៉ឺ​ងដែលចេញដោយក្រសួងមហាផ្ទៃនាពលកន្លងមក»

នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព លើកឡើងថា ការបង្កើតក្រុម​ការងារ​ដើម្បី​​ស្តារទំនាក់ទំ​នងរវាងសង្គម​ស៊ីវិល និងរដ្ឋាភិបាលឡើងវិញនៅពេលនេះ ជារឿងល្អមួយ។ ប៉ុន្តែ​លោកស្រី រស់ សុភាព បានដាក់​ជាសំនួរ​ថា តើសង្គមស៊ីវិលណាខ្លះ​ដែលក្រុមការងារនេះ ​ចុះមកស្វែងរ​កការពិត​ពីកង្វ​ល់រប​ស់​ពួក​គេ​ ហើយការរកឃើញ របស់ពួកគេពីបញ្ហារំលោភសិទ្ធិមនុស្សសិទ្ធិដីធ្លី និងការរំលោភបំពានលើស្ត្រី ត្រូវបានឆ្លើយ​តប​វិញ​​ជាភា​​ពវិជ្ជមាន ឬ​ត្រូ​​វ​​បាន​ចោទប្រកាន់ត្រឡប់វិញ ដូចពេលកន្លងទៅ។

លោកស្រី រស់ សុភាព ព្រមានថា ក្រុមការងារនេះ អាចនឹងបរាជ័យដូចមុនៗ បើប្រព័ន្ធដឹកនាំនៅតែ​មិនអាច​ការពារ​ផល​ប្រ​យោ​ជ​ន៍រួមបា​ន ដោយថាពេលនេះ អ្នកក្រីក្រមួយចំនួន​នៅតែប្រឈម​នឹងការបណ្តេញ​ចេញ​​ទាំងបង្ខំ ហើយ​ថា​ម្ចាស់​​ដីខ្លះនៅប​ន្ត​ជា​​ប់​​​គុក ដោយថាចេញមុខការពារដីរបស់ខ្លួន ។

លោកស្រី​ថា៖ «ពីព្រោះយើងមើលឃើញសង្គមកម្ពុជា ជាទូទៅរាជរដ្ឋាភិបាលលោកព្យាយាមធ្វើ ប៉ុន្តែការធ្វើហ្នឹងវាហាក់ដូចជា មិនបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនពិតៗទេ ។ វាហាក់បម្រើទៅលើក្រុមមួយចំនួនតូចដើម្បី​​រក្សាប្រយោជន៍របស់គាត់។ ប៉ុន្តែឲ្យរក្សានូវផលប្រយោជន៍ជាទូទៅ ឃើញថានៅមានខ្វះចន្លោះធំធេងណាស់»

លោកស្រី រស់ សុភាព អះអាងថាប្រសិទ្ធភាពនៃការ បើក​លំហ​ប្រជា​ធិបតេ​យ្យ​ឡើងវិញ ត្រូវចាត់ទុកអង្គការសង្គម​ស៊ីវិលជាដៃគូមិ​ន​អា​​ចខ្វះ​បាន ទប់ស្កាត់​កុំ​ឲ្យប្រ​ព័ន្ធ​យុត្តិធម៌មានស្តង់ដារពីរ។

បើតា​មរបាយការណ៍​ការសិក្សារួមមួយកាលពីឆ្នាំ២០១២​  ដែលចេញផ្សាយដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC) រកឃើញថា អង្គការសង្គមស៊ីវិលជិត ២ពាន់ បានធ្វើសកម្មភាពរបស់ខ្លួន ​ចំណា​យ​ប្រា​​​​ក់​ស​រុ​ប​ពី ​៦០០ ទៅ ៧០​០លាន​ដុល្លារ​ក្នុងមួយឆ្នំាៗ​ ដើម្បី​ចូលរួមក្នុងការអភិវឌ្ឍកម្ពុជា។ របា​យ​ការណ៍បញ្ជាក់ថា ប្រាក់ដែលបានចំណាយនេះ ផ្តល់អត្ថប្រ​យោជន៍​ដល់មនុស្សជិត ១២លាននាក់​ទាំងផ្ទាល់ និង​ប្រ​យោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ