បទវិភាគ៖ តើ​ស្ថានភាព​សេរីភាព​នៅ​កម្ពុជា​ស្ថិត​លើ​ផ្លូវ​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​វិញ​ឬ?

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​​ចុង​ក្រោយ​មក​នេះ ព្រឹត្តិការណ៍​ជាច្រើន​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ ត្រូវ​បាន​ប្រកាស​ថា ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី និង​ឈ្នះ​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​សភា។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​មក ឬជាង​កណ្ដាល​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នោះ អ្នក​វិភាគ​នយោបាយ សកម្មជន​ដី​ធ្លី អ្នក​សារព័ត៌មាន និង​អតីត​តំណាង​រាស្ត្រ​ និង​សកម្មជន​បក្ស​ប្រឆាំង ត្រូវ​បាន​ដោះ​លែង​ជា​បន្ត​បន្ទាប់ តាម​រយៈ​​ការ​អនុវត្ត​ទោស​រួច​រាល់ ឬ​ក៏​តាម​រយៈ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ ក្រោយ​ពី​មាន​សំណើ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​កន្លង​មក​នេះ លោក ហ៊ុន សែន បានសម្រេច​បង្កើតក្រុមការងារចម្រុះសម្រាប់​ទទួល និងដោះស្រាយ​បណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះរបស់លោក​ទាំង​ពីរ​ទីតាំង មួយ​ស្ថិត​នៅ​ជិត​វិមាន​ឯករាជ្យ ក្នុង​រាជ​ធានី​ភ្នំពេញ និង​មួយ​កន្លែង​ទៀត​នៅឯ​ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយ​ថា ដើម្បីទប់ស្កាត់ការញុះញង់ពីក្រុមឆ្លៀតឱកាសកេងចំណេញ​មកពីលើក្រុមអ្នកតវ៉ា។

មក​ដល់​ដើម​ខែ​វិច្ឆិកា​នេះ ចំ​ពេល​ដែល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ លោកស្រី រ៉ូណា ស្មីត កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ទៀត ជា​អ្វី​ដែល​លោក​អះ​អាង​ថា ដើម្បី​ដោះ​ស្រាយ​សំណើ និង​សំណូម​ពរ​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក ហ៊ុន សែន បាន​ចាត់​តាំង​ក្រុម​ការងារ​ថ្មី​នេះ ឲ្យ​បំពេញ​ភារកិច្ច​នៅ​ក្រោម​ការ​ដឹកនាំ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​សម្រប​សម្រួល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ។

លោក ហ៊ុន សែន បាន​ចាត់តាំង​ក្រុម​ការងារ​មួយ​នេះ​ឡើង ក្រោយ​ពី​លោក ស ខេង បាន​ណែនាំ​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​កាល​ពី​ចុង​ខែ​​តុលា​កន្លង​មក​នេះ កុំ​ឲ្យ​រឹត​ត្បិត​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ជា​អ្វី​ដែល​លោក​ហៅ​ថា ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាតិ។

ជាង​នេះ​ទៅទៀត នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​ឯ​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ទៅ​តុលាការ​កម្ពុជា ឲ្យ​ទម្លាក់​ចោល ឬ​ក៏​ច្រាន​ចោល​នូវ​បណ្ដឹង​ប្រឆាំង​ទៅ​លើ​ក្រុម​មេដឹកនាំ​សហជីព​នានា​នៅ​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ក៏​សូម​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ពិនិត្យ​មើល​ ដោយ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ប្រធាន​សហជីព​មួយ​ចំនួន ត្រូវ​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ ដែល​ពួកគេ​គិត​ថា រឿង​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ គេ​ធ្វើការ​នៅ​ក្រោម​គំនាប​មួយ​នៃ​ផ្លូវ​ច្បាប់។ ប្រសិន​ជា​ដូច្នោះ​មែន គួរ​តែ​ត្រូវ​សម្រប​សម្រួល។ បើ​ថា កាត់ កាត់​ឲ្យ​វា​ស្រូត។ បើ​ថា​មិន​កាត់​ទេ គឺ​បាន​សេចក្ដី​ថា តម្កល់​មិន​ចាត់​ការ​ទៅ ឲ្យ​វា​រួច។ កុំ​ឲ្យ​សហជីព មេ​សហជីព​នានា​ យល់​ឃើញ​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ជា​ចំណាប់​ខ្មាំងនៃ​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​តុលាការ​»

ព្រឹត្តិការណ៍​កើត​ឡើង​ទាំង​អស់​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ស្ថានភាព​សេរីភាព​នៅ​កម្ពុជា​ស្ថិត​លើ​ផ្លូវ​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​វិញ​ឬ​យ៉ាងណា?

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស នៅ​ពុំ​ទាន់​ជឿ​ជាក់​ថា ស្ថានការណ៍​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​កែ​ប្រែ​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ​ទេ ខណៈដែល​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា យល់​ថា នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ ក្រោយ​ពី​មាន​សម្ពាធ​ពី​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​ថា លោក​ពុំ​ទាន់​ជឿ​ជាក់​នៅ​ឡើយ​ទេ ខណៈ​ដែល​លោក​អះ​អាង​ថា ក្រុម​ប្រជា​ពលរដ្ឋ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បាន​ដក់​ជាប់​ទៅ​ដោយ​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ឡើយ។

លោក ស៊ឹង សែនករុណា ប្រាប់​ថា៖ «ខ្ញុំ​នៅ​មើល​មិន​ទាន់​ឃើញ​ថា វា​អាច​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ​ទេ ពីព្រោះ​យើង​ឃើញ​ថា ស្ថានភាពហ្នឹង​វា​នៅ​តែ​បន្ត​ ពីព្រោះ​ថា មាន​ទាំង​ពលរដ្ឋ​រង​គ្រោះកន្លង​មក និង​សកម្មជន​ផ្សេងៗ នៅ​មាន​អារម្មណ៍មួយ​ គឺ​ហាក់​ដូច​នៅ​ដក់​ជាប់នូវ​ការ​គំរាម​កំហែង​ហ្នឹង»

ជាង​នេះ​ទៅ​ទៀត មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា តែង​តែ​ផ្លាស់​ប្ដូរ​​នៅ​ពេល​ប្រទេស​កម្ពុជា​ត្រៀម​រៀបចំ​ការបោះ​ឆ្នោត​ធំៗ ហើយ​​រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ដែល​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​​​ដរាប​នោះ​ឡើយ។

លោក ស៊ឹង សែនករុណា ថ្លែង​បន្ត​ថា​៖ «​ហើយ​មួយ​ទៀត​នោះ យើង​ឃើញ​ថា ស្ថានភាព​ដែល​យើង​កត់​សម្គាល់​ក្នុង​ការ​តាម​ដាន​ស្ថានភាព​នយោបាយ ឬ​ក៏​ស្ថានភាព​សង្គមក្នុង​ប្រទេស​យើង​ហ្នឹង នៅ​ពេល​មុន​ការ​បោះ​ឆ្នោត​មក​ដល់ គឺ​តែង​តែ​មាន​ភាព​រឹត​ត្បិត ហើយ​មាន​ស្ថានភាព​ហ្នឹង​ធ្ងន់​ធ្ងរ​ខ្លាំង ហើយ​ក្រោយ​ការ​បោះ​ឆ្នោត​ហ្នឹង គឺ​វិល​ត្រឡប់​មក ដូចជា​ ការ​ចាប់​ផ្ដើម​មាន​ការ​កែប្រែ​ឥរិយាបថ​អី​ដូច​ដែល​យើង​បាន​ឃើញ​ជា​បន្ត​បន្ទាប់​ជា​ដើម»

ដំណើរ​វិវត្តន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ត្រូវ​បានអ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ នៃ​សាកល​វិទ្យាល័យ Ritsumeikan Asia Pacific លោក សេក សុផល មើល​ឃើញ​ថា ជា​សញ្ញា​វិជ្ជមាន ក្រោយ​ពី​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា​កែ​ប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក សេក សុផល បាន​ប្រាប់​ថា​៖ «អញ្ចឹង វា​ហាក់​បី​ដូច​ជា​សញ្ញា​វិជ្ជមាន​​ហ្នឹង វា​កើត​ឡើង​ដោយសារ​តែ​ឥទ្ធិពល​នៃ​សម្ពាធ​របស់​អន្តរជាតិ​មក។ សម្ពាធ​ដែល​យើង​មើល​ឃើញ​លេច​ធ្លោ​ជាងគេ​ហ្នឹង គឺ​សម្ពាធ​មក​ពី​ខាង​សហគមន៍​អឺរ៉ុប ដែល​គេ​បាន​សម្រេច​ថា ព្យួរ​កិច្ច​ព្រម​ព្រៀង​អ្វីគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ហ្នឹង»

អង្គការ​ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ​តែ​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង និង​ការ​ចោ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ពី​បទ «ក្បត់​ជាតិ» ការ​រឹត​ត្បិត​ទៅ​លើ​សេរីភាព​សារព័ត៌មាន​ ព្រម​ទាំង​ការ​បង្ក្រាប​លើ​ការ​រិះគន់​ដទៃ​ទៀត។

ស្ថានភាព​សេរីភាព​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​មក​ប្រទេស​កម្ពុជា​ផង​ដែរ ខណ​ៈ​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ធំ​ធេង​ដល់​វិស័យ​កាត់ដេរ និង​កម្មការ-កម្មការិនី​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ