លោក ហ៊ុន ​សែន ផ្ញើសារថា បើចង់បានការបង្រួបបង្រួម ត្រូវបង្កើតវប្បធម៌​ទុកចិត្ត​គ្នា

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយទៅដៃគូប្រកួតរបស់ខ្លួនថា បើមិនបង្កើតវប្បធម៌ទុកចិត្តគ្នាទេ ការបង្រួប​បង្រួ​មជាតិនឹងមិនអាចទៅរួចឡើយ។

សារនយោបាយ​របស់មេដឹកនាំបក្សកាន់អំណាចនេះ ធ្វើឡើងចំពេលដែលសហគមន៍អន្តរជាតិគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជំរុ​ញ​​ឲ្យ​​អតីតគណបក្សប្រឆាំងបានដំណើរការឡើង​វិញ​ និងដោះលែងលោក កឹម សុខា ដែលកំពុង​ត្រូវ​បា​នតុលា​ការបង្គា​ប់ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះជាដើម។

ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់​និទ្ទេស A នៅរាជធានី​ភ្នំ​ពេ​ញ​នាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានថ្លែងថា លោកធ្លាប់សរសើរសិស្សជាប់និទ្ទេស Aម្នាក់ ជាកូនអតីតតំណា​ងរាស្ត្រគ​ណប​ក្ស​ប្រឆាំ​ង​ លោក ជា ប៉ូច ថាក្មេង​រៀន​ពូកែ ដោយមិនប្រកាន់ថា ឪពុករបស់គេជាមន្ត្រីនៅគណបក្សប្រឆាំងនោះទេ។

ប៉ុន្តែ លោក ហ៊ុន​ សែន ថ្លែង​បន្ត​ថា បក្សប្រឆាំងវិញ មិនដែលបង្ហាញឥរិយាបថបែបនេះមកលោកវិញឡើយ មាន​តែ​វាយ​ប្រហារ​កូន​​ប្រុ​ស​ច្ប​ង​របស់​លោក គឺលោក ហ៊ុន មាណែត ​ជា​និ​​​ច្ច។ លោ​ក​ថា បញ្ហានេះ ​មិនអាចប​ង្កើតវ​ប្បធ​ម៌​បង្រួ​​​បប​​ង្រួម​ជាតិ​បាន​ឡើយ។

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោក ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកថា៖ «យើងបន្ធូរបន្ថយឲ្យវា វាមិនព្រមបន្ធូបន្ថយឲ្យយើង តើយើងបន្ធូរបន្ថយធ្វើអី? ដាក់ហ្អែង ម៉ាម៉ាំងចប់ៗ។ បើអ្នកឯង​ចង់​បាន​វប្បធម៌បង្រួបបង្រួម ហ្អែងធ្វើឲ្យស្រួលទៅ ធ្វើឲ្យគេទុកចិត្តទៅ។ បើអ្នកឯងមិនចង់បានការសម្របសម្រួល ហ្អែង ធ្វើ​អាក្រក់​ម៉ោ។ ​អាធ្វើ​​អាក្រក់ហ្នឹងហើយ ដែលផ្តល់សញ្ញាថា យើងមិនអត់ឱន»

ទោះជាយ៉ាងណា លោក ហ៊ុន​ សែន មិនបាននិយាយលម្អិតថា តើការវាយបករបស់គណបក្សប្រឆាំង​មកលើកូន​ប្រុ​សច្ប​ង​របស់​លោកនោះ ត្រូវ​បាន​ធ្វើ​ឡើង​តាមរូបភាពណានោះទេ។

ប៉ុន្តែ កាល​ពី​ឆ្នាំ​២០១៦កន្លង​មក លោកធ្លាប់ព្រមានចាត់វិធានការដោយមិនអាចអត់ឱនឲ្យបាន ​ទៅលើអ្នកដែ​​ល​និ​យា​យថា លោក ហ៊ុន ម៉ាណែត មិ​ន​​​មែន​ជាកូនបង្កើតរបស់លោក តែថា ជាកូន​មេដឹកនាំវៀតណាម លោក ឡេ ឌឹកថូ។

កម្តៅនយោបាយនៅកម្ពុជា បានជំរុញឲ្យសហរដ្ឋអាមេរិក ប្រកាសមិន​ទទួលស្គាល់លទ្ធ​ផលបោះឆ្នោ​តថ្ងៃទី​២៩ក​ក្កដា ដែល​គ្មាន​អត​តី​បក្សប្រឆាំងចូលរួម និងព្រមានពង្រីកវិធានការបង្កកទ្រព្យសម្បត្តិ និងដាក់ទ​ណ្ឌកម្មទិដ្ឋាកា​រដ​ល់​ម​ន្ត្រីមួ​យ​​​ចំនួន បើរដ្ឋាភិ​បា​ល​មិ​នស្តារប្រជាធិបតេយ្យឡើងវិញ។

ករណីនេះ សហ​ភាពអឺរ៉ុប ក៏ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញដែរ ដោយទុកពេលឲ្យ១ឆ្នាំ ក្រោយពីរកឃើញថា រដ្ឋាភិ​បា​ល​​មិន​ព្រម​ ដោះលែងលោក កឹម សុខា និងឲ្យអ​តីតគ​ណប​ក្ស​ប្រឆាំ​ងបា​នដំ​ណើ​​រការឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ