ជប៉ុន​ផ្តល់ជំនួយឥតសំណង​ជិត​៧០​ម៉ឺន​ដុល្លារ​ ជួយ​ដល់​វិស័យ​៣​របស់​កម្ពុជា

«ខែមិត្តភាពកម្ពុជា-ជប៉ុន» នៅថ្ងៃទី១៦ ខែតុលា ស្ថានទូតជប៉ុនបានរៀបចំសន្និសីទសារព័ត៌មានរួមគ្នាស្តីពី “ខែមិត្តភាពកម្ពុជា-ជប៉ុន” នៅស្ថានទូតជប៉ុន។ (រូបភាព៖ ហ្វេសប៊ុក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

រដ្ឋាភិបាលជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​​ជិិត ៧០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ សុខាភិបាល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ស្ថានទូត​ជប៉ុន​បាន​សរសេរ​ថា ជំនួយ​ឥត​សំណង​ជាង ៦៩​ម៉ឺន​ដុល្លារ​នេះ នឹង​ត្រូវ​ផ្ដល់​ទៅ​ដល់​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៥ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២។

ស្ថានទូត​ជប៉ុន បាន​រៀបរាប់​បន្ត​ថា ថវិកាទាំងនោះ នឹងបែងចែក​ទៅឱ្យមន្ទីរសុខាភិបាលខេត្តព្រះវិហារជាង ១៧​ម៉ឺនដុល្លារ ផ្តល់ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនៈគិរីជិត ៩ម៉ឺន​ដុល្លារ មន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ ជាង ៨ម៉ឺនដុល្លារ(៨៥ ៣០០) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនជាង ៧​ម៉ឺនដុល្លារ និងផ្តល់ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យជិត ៩​ម៉ឺនដុល្លារ( ៨៨ ៥៣៥)។

ចំណែកអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ រួមមានអង្គការសុខភាពត្រចៀកកម្ពុជា ចំនួនជិត ៨​ម៉ឺនដុល្លារ និងអង្គការមូលនិធិខ្មែរជំនួយការសិក្សា​ចំនួនជាង ៧ម៉ឺនដុល្លារ។

ក្នុង​ឆ្នាំ​២០១៧ ​​រដ្ឋាភិបាល​ជប៉ុន បានផ្តល់ជំនួយ​ឥតសំណង​ជូន​រាជរដ្ឋាភិបាល​កម្ពុជាសរុបចំនួនជាង ៣៥​ពាន់លានយ៉េន ឬ​ស្មើ​នឹងប្រមាណ ​៣១២​លាន​ដុល្លារ​អាមេរិក។ ជំនួយទាំងនោះ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា ជួយកែលំអសេវាកម្មសង្គម ដូចជាសុខាភិបាល និងអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ