កម្មករបម្រើការងារនៅរោងចក្រ ហ្គ្រីន មីដូវ ក្នុងខណ្ឌដង្កោបន្តដួលសន្លប់

កម្មករបម្រើការងារនៅរោងចក្រ ហ្គ្រីន មីដូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តដួលសន្លប់ទៀតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈក្រុមគ្រូពេទ្យថា កម្មករទាំងនោះខ្សោយដួលសន្លប់តាមគ្នា។ (រូបភាព៖​ ឃុត សុគន្ធ)

កម្មករបម្រើការងារនៅរោងចក្រ ហ្គ្រីន មីដូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តដួលសន្លប់ទៀតនៅថ្ងៃនេះ ខណៈក្រុមគ្រូពេទ្យថា កម្មករទាំងនោះខ្សោយដួលសន្លប់តាមគ្នា។

កំពុងសម្រាកព្យាបាលនៅមន្ទីរព្យាបាលជម្ងឺទូទៅ ហ៊ាង មុន្នីវុធ ជិតរោងចក្ររបស់​ខ្លួន កម្មករម្នាក់អ្នកស្រី គីម ហេង ប្រាប់វីអូឌីថា មុនពេលសន្លប់ គាត មិនមានធំក្លិនអ្វីនោះទេ។ អ្នកស្រីថា​ គាត់​គ្រាន់​តែ​មានអាការៈវិលមុខ ឈឺក្បាល តឹងទ្រូង និងថប់ចុងដង្ហើមហើយបណ្តាលសន្លប់តែម្តង។

អ្នកស្រីបន្ថែមថា៖«ខ្ញុំអត់ដឹងពីមូលហេតុដែរកំពុងតែបំពេញការងារស្រាប់តែដួលសន្លប់។ ដូចជាអត់ធំក្លិនអីផង គ្រាន់ តែខ្ញុំញ័រដៃញ័រជើងខ្លួនឯងសន្លប់។ បើអ្នកផ្សេងគេថា គេធំ​ក្លិនថ្នាំអីម្យ៉ាង»

កម្មករផ្នែកដេរម្នាក់ទៀត អ្នកស្រី រ៉ង់ គ្លិន និយាយថា មុនកម្មករដួលសន្លប់គាត់មានធំ​ក្លិនអ្វីម្យ៉ាងចេញពីក្នុង រោងចក្រ ហើយបណ្តាលគាត់វិលមុខឈឺក្បាល រកក្អួត ខ្សោយទន់ដៃទាន់ជើង។

អ្នកស្រីបន្ថែមថា៖ «ពេលខ្ញុំចូលទៅធំក្លិនចំហាយអ្វីម្យ៉ាង។ ធំក្លិនរបៀបដូចផ្សែងឡានអញ្ចឹង ហើយបណ្តាលឲ្យ ឈឺក្បាល វិលមុខ ហើយខ្ញុំរត់ចេញមកក្រៅមក»

កម្មករម្នាក់ទៀតកញ្ញា ឆឺយ បុប្ផាពៅ ដែលកំពុងសម្រាកព្យាបាល«ជម្ងឺមូលមិត្ត» និយាយថា ពេលឃើញក្រុមកម្មករ ដួលសន្លប់នាងក៏ភ័យទន់ដៃជើងហើយដួលសន្លប់តាមគេដែរ។

កញ្ញាបន្ថែមថា៖ «អត់មានធំក្លិនអីផង ប៉ុន្តែយើងចាប់ផ្តើមទន់ដៃទន់ជើងដួលតែម្តង។ ដូចអត់មានកម្លាំងសោះហ្មង គឺកម្មករមួយៗទន់តែម្តង វិលទៅហ្មង ខ្សោយដក់ដង្ហើមអត់រួច»

អ្នកគ្រូពេទ្យបម្រើការងារនៅមន្ទីរព្យាបាលជម្ងឺទូទៅ ហ៊ាង មុន្នីវុធ ដែលសុំមិនប្រាប់ឈ្មោះ និយាយថា អ្នកជម្ងឺមានអាការៈខ្សោយអស់កម្លាំងទន់ដៃទន់ជើង ប៉ុន្តែគ្រូពេទ្យរូបនេះមិនបានបញ្ជាក់ពីមូលហេតុទាំងនោះទេ ហើយថា ពេលពិនិត្យឃើញបែបនេះក្រុមគ្រូពេទ្យក៏ចាក់ថ្នាំព្យាបាលតាមនោះដែរ។

អ្នកគ្រួពេទ្យបន្ថែមថា៖ «ភាគច្រើនពួកគាត់វិលមុខ អស់កម្លាំង ទន់ដៃទាន់ជើងតែប៉ុណ្ណឹងទេ។ហើយយើងសួរគាត់ តាមហ្នឹងបើគាត់វិលមុខយើងចាក់ថ្នាំហ្នឹង»

ប្រធានគ្រប់គ្រងនៅមន្ទីរព្យាបាលជម្ងឺមូលមិត្តលោក ស៊ុម សុវិសាល និយាយថា អាការៈអ្នកជម្ងឺមិនមានអ្វីធ្ងន់ធ្ងរនោះ ទេ ដោយថា ពេលមកដល់មន្ទីរពេទ្យគ្រាន់តែចាក់ថ្នាំ និងព្យួរសេរ៉ូមទៅធូរស្បើយវិញហើយ។ លោក ស៊ុម សុវិសាល បន្តថា ដើម្បីកុំ​ឲ្យកម្មករបន្តដួលសន្លប់ថ្ងៃបន្ទាប់ទៀត ខាងរោងចក្រត្រូវបិទរោងចក្រឲ្យកម្មករឈប់ សម្រាក២ទៅ៣ថ្ងៃ នោះទើបកម្មករឈប់សន្លប់។

លោកបន្ថែមថា៖ «ជាទូទៅអ្នកដែលមកព្យាបាលហ្នឹង អាការៈគាត់ភ័យតៗគ្នាទេ។ វាមិនមានជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ។អាហ្នឹងខ្ញុំអត់យល់ថាមិនពីបញ្ហាអ្វីទេ? ឲ្យតែសន្លប់អញ្ចឹង ស្អែកឡើងបើរោងចក្រនៅបន្តឲ្យកម្មករធ្វើការទៀត ដឹងថា មានកម្មករដួលសន្លប់ទៀត។ អញ្ចឹងបើអាចឲ្យច្បាប់ ដោយបិទរោងចក្រ២ទៅ៣ថ្ងៃនោះទើបអត់អីមកវិញ បើយើងនៅតែបន្ត នោះកម្មករនៅតែមកទៀតហ្នឹង»

អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គមលោក ជា ប៊ុនរិទ្ធ មិនអាចប្រាប់ពីមូលហេតុ និងចំនួនកម្មករដែលដួល សន្លប់នៅថ្ងៃនេះបានទេ ដោយថា លោកមិនទាន់ទទួលបានរបាយណ៍ការពីក្រុមការងារជុំវិញករណីនេះនៅឡើយ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់លើកឡើងថា តាមការស្រាវជ្រាវ កម្មករដួលសន្លប់គឺដោយសារបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។ មេដឹកនាំ​សហជីព​រូប​នេះ បានផ្តល់អនុសាសន៍ទៅក្រសួងការងារ និងភាគីរោងចក្រឲ្យធ្វើការកែលម្អលក្ខខណ្ឌទាំងនេះផងដែរ។

គួររំឮកថា កាលពីម្សិលមិញនគរបាលអះអាងថា កម្មករជិត៤០នាក់បម្រើការងារនៅរោងចក្រ ហ្គ្រីន មីដូវបានដួល សន្លប់ដែរ ខណៈថ្ងៃនេះយើងមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ ប៉ុន្តែបើតាមទិន្នន័យនៅមន្ទីរពេទ្យ ហ៊ាង មុន្នីវុធ គឺមានកម្មករចំនួន១៥នាក់ និងមន្ទីរព្យាបាលមូលមិត្ត៣៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ