អតីតសមាជិកបក្សប្រឆាំងម្នាក់នៅស្វាយរៀង ចូល​បំភ្លឺនៅ​តុលាការក្នុងសំណុំរឿង​ជេប្រមាថ​

លោក វ៉ាន់ សឿន លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីការបង្គាប់ឲ្យចូលខ្លួននៅថ្ងៃទី១៣ វិច្ឆិកា ២០១៨ ដោយករណី «ជេរប្រមាថជាសាធារណៈ»។ (រូបភាព៖ ហ្វេសប៊ុក លោក Kong Mas)

អតីតសមាជិកគណបក្សប្រឆាំងម្នាក់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ​បានចូលបំភ្លឺតាមដីកាកោះរបស់តុលាការ ក្រោមបទចោទប្រកាន់ជេរប្រមាថជាសាធារណៈ ដែលប្ដឹងដោយក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៧

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សាលាដំបូងខេត្តស្វាយរៀងបានចេញដីកាបង្គាប់ឲ្យអតីតសមាជិកគណបក្សប្រឆាំងម្នាក់ លោក វ៉ាន់  សឿន  ចូលបំភ្លឺនៅថ្ងៃនេះ ក្រោមបទចោទជេរប្រមាថជាសាធារណៈ ដែលប្ដឹងដោយ លោក កង ឈិន ក្រុមប្រឹក្សាឃុំញរ មកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៧។

អតីតលេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក វ៉ាន់   សឿន មានប្រសាសន៍ថា ការសម្រេចចិត្តចូលបំភ្លឺនៅតុលាការនៅថ្ងៃនេះ  គឺដើម្បីប្រាប់ទៅចៅក្រមថា លោកបានធ្វើលិខិតសុំទោសក្រុមប្រឹក្សាឃុំញរ លោក កង ឈិន រួចហើយ។ លោកបន្តថា​ លោកមានទាំង​លិខិតបញ្ជាក់យល់ព្រមបញ្ចប់​រឿងនេះ​ពីលោក​ កង ឈិន ផងដែរ។

លោកថា៖ «បើសិនជាមិនចូលខ្លួននៅដីកាថ្ងៃក្រោយ គេនឹងចាប់ខ្លួនដដែល រឿងនេះ ខ្ញុំពិនិត្យមើលខ្លួនខ្ញុំទៅថា វាមិនមានបញ្ហាអីធំដុំ ចោទប្រកាន់ទេជាបទបរិហាកេរ្តិ៍ជាសាធារណៈ។ ខ្ញុំប្រាប់ឲ្យអស់[ចៅក្រម] ខ្ញុំមានលិខិតសំអាងហ្នឹង លិខិតសំអាងដែលខ្ញុំធ្វើកិច្ចសន្យាចំពោះប្រធានក្រុមប្រឹក្សាចុះឈ្មោះ ហ្នឹង មានស្មៀនឃុំអីហ្នឹង គេដឹងទាំងអស់ហ្នឹង»។

អតីតក្រុមប្រឹក្សាឃុំញរដែលមកពីគណបក្សប្រជាជនដែលបានប្ដឹងលោក វ៉ាន់ សឿន គឺលោក កង ឈិន មានប្រសាសន៍ថា លោកចង់ឲ្យតុលាការបញ្ចប់សំណុំរឿងនេះ ដោយថា លោក វ៉ាន់ សឿន បានសុំទោសគាត់រួចហើយ។

លោកថា៖ «ឥឡូវខ្ញុំគិតថា ស្រេចលើតុលាការថាធ្វើម៉េចឲ្យចប់សព្វគ្រប់ទៅ  ការងារនយោបាយរបស់ថ្នាក់ស្រុកថ្នាក់អីដែរហ្នឹង។  អើគ្រាន់តែជេរនៅក្នុងផ្ទះខ្ញុំ ហើយគេដាក់ឈ្មោះខ្ញុំទៅ។ គេគ្រាន់តែឲ្យខ្ញុំឈរឈ្មោះប្ដឹងខាងស្រុកគេអ្នកសរសេរ គេអ្នកជួយជំរុញហ្នឹង។ ប៉ុន្តែជេរហ្នឹងជេរទាំងអស់គ្នាទាំងគណៈកម្មការចុះឈ្មោះបោះឆ្នោតហើយចំពោះខ្ញុំផ្ទះអាក្បត់ជាតិ។ខ្ញុំគិតថា សូមឲ្យតុលាការជួយធ្វើម៉េចឲ្យណែនាំឈ្មោះវ៉ាន់ សឿន ឲ្យរួចរាល់ទៅកុំឲ្យហៅអីទៀតព្រោះខ្ញុំពិបាកឲ្យគេដឹកទៅហ្នឹង។ អើខ្ញុំក៏មិនដែលមានរឿងមានអីដែរ »។

មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង លោក  នុត បូ​ពិណ្ណ​រ័ត្ន យល់ថា ប្រសិនបើភាគីទាំងពីរបានព្រមព្រៀង និងសុំទោសគ្នាហើយតុលាការគួរតែធ្វើការពិចារណាចំពោះរឿងនេះ។

លោកថា៖«បើសិនសម្របសម្រួលត្រូវរ៉ូវគ្នាហើយ ឈប់មានការប្ដឹងគេអាចតម្កល់រឿងមិនចាត់ការ  ប៉ុន្តែគេត្រូវហៅមកសាកសួរបិទសំណុំរឿងយ៉ាងម៉េចៗ។ ប៉ុន្តែរឿងនឹងមិនពាក់ព័ន្ធនឹងការជាប់គុកជាប់អីទេ វាអាចម៉េចទៅវាពាក់ព័ន្ធនឹងសំណង បើសិនត្រូវរ៉ូវគ្នាហើយដូចជាមិនមានអីទេ»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧   តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិនិងបានហាមមិន​ឲ្យ​មន្ត្រី​​ប​ក្ស​ប្រឆាំង១១៨នាក់ ធ្វើនយោបា​យរយៈ​ពេល៥ឆ្នាំ​ទៀ​តផងដែរ។ អតីតសមាជិកគណបក្សប្រឆាំងដែល​ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួននៅក្នុងពន្ធនាគារនាពេលនេះ រួមមាន​លោក ចៅ វាសនា អតីតចៅសង្កាត់ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ,ក្រុមប្រឹក្សាជាប់ឆ្នោតនៅស្រុកជីក្រែង ខេត្តសៀមរាប លោក បាន សម្ភីរ និងចៅសង្កាត់ជាប់ឆ្នោតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ លោក អ៊ុក ចេត្តនី ជាដើម ។ ក្រៅពីនេះ នៅមានសកម្មជនបក្សប្រឆាំង ជាច្រើនទៀតដូចជា សកម្មជននៅខេត្តត្បូងឃ្មុំលោក អ៊ីស្មាអ៊ែល បិនឧស្ម័ន មេឃុំសាមគ្គី នៅខេត្តកំពង់ធំលោក សៀង សឿន។ សមាជិកឃុំ សាមគ្គី លោក ទូច ម៉ារីន មេឃុំ កៀនជ្រៃ ខេត្តកំពង់ចាម លោក លីម   ប៊ុននី ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ