មន្ត្រី​ការទូត​អាមេរិក​ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាក​ទៅ​ផ្សះផ្សាជាតិ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

អ្នក​ការទូត​អាមេរិក បានជំរុញជាថ្មីទៀតឲ្យរដ្ឋាភិបាលកម្ពុជា​ធានាការផ្សះផ្សាជាតិ និងបើកលំហរនយោបាយឡើងវិញ ខណៈអតីតគណបក្សប្រឆាំងធំមួយនៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ និងការបន្ដខ្វែងគំនិតគ្នារវាងមេដឹកនាំខ្មែរ។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាន​ចុះផ្សាយថា ក្នុងជំនួបមួយកាលពីថ្ងៃម្សិលមិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា​ដែលទើបជិតចប់អាណត្តិ លោក William Heidt បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួន រួមទាំងបញ្ហានយោបាយនៅកម្ពុជាផងដែរ។

​បើតាមទំព័រ​ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបកាលពីម្សិលមិញនោះ លោក William Heidt បានស្នើទៅរដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យ​អនុវត្តនូវវិធានការបន្ថែមទៀត ដើម្បីជំរុញការផ្សះផ្សាជាតិ និងបើកលំហរនយោបាយ​នៅកម្ពុជាឡើងវិញ។

ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចុះផ្សាយថា៖ «នៅក្នុងបរិបទ​នេះ លោកឯកអគ្គរដ្ឋទូតបានសុំអោយរដ្ឋាភិបាល​​អនុវត្តនូវវិធានការបន្ថែមទៀត នៅក្នុងការជំរុញការផ្សះផ្សាជាតិ និងបើកឡើងវិញ​នូវ​លំហនយោបាយ»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បាន​ឲ្យ​ដឹង​ថា លោក William Heidt ពិតជាបានជំរុញដូច្នេះ​មែន​ នៅ​ក្នុង​ជំនួប​ជាមួយ​លោក ស ខេង នោះ ប៉ុន្ដែ លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងកិច្ចសន្ទនារបស់អ្នកទាំងពីរនោះទេ។

វីអូឌី​ពុំ​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​ខាង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​ឡើយ ដោយ​លោក​បាន​ចុច​ផ្ដាច់​នៅ​ពេល​ទូរសព្ទ​ចូល​ជា​ច្រើន​ដង​នៅ​ថ្ងៃ​នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍យ៉ាងខ្លីថា សហរដ្ឋអាមេរិកមិនអាចបញ្ជាកម្ពុជា​បាន​ឡើយ ជុំ​វិញ​បញ្ហា​ផ្សះផ្សាជាតិនេះ។

លោកបន្ដថា៖ «សហរដ្ឋអាមេរិក ជាពិសេសឯកអគ្គរដ្ឋទូតអាមេរិកដែលជិតចប់អាណត្តិ គួរទៅប្រាប់លោក ដូណាល់ ត្រាំ វិញអំពីការផ្សះផ្សាជាតិរបស់ប្រជាជាតិអាមេរិក។ រឿងកម្ពុជា កម្ពុជាស្គាល់អំពីការផ្សះផ្សាជាតិច្បាស់ណាស់»។

វិវាទ​នយោបាយ​កម្ពុជា នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ដដែល ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល​កា​ល​ពី​ឆ្នាំ​មុន ហើយ​មេដឹកនាំ​បក្ស​ប្រឆាំងមួយ​នេះ គឺ​លោក កឹម សុខា នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​ជំរុញ​ទៅ​អ្នក​នយោបាយ​កម្ពុជា ឲ្យ​ងាក​ទៅ​រក​តុ​ចរចា និង​ការ​ផ្សះផ្សា​ជាតិ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ផ្នែក​កាទូត និង​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។

កញ្ញាបន្ដថា៖ «កូនសោរសំខាន់ជាងគេ គឺស្ថិតនៅលើរដ្ឋាភិបាលមានតួនាទីខ្លាំងក្នុងការដោះស្រាយហ្នឹង [តិច ឬច្រើន គឺកម្ពុជានឹងត្រូវប៉ះពាល់ទាំងផ្នែកការទូត និងផ្នែកសេដ្ឋកិច្ច ដូចជាការប្រកាសជាសាធារណៈចំពោះជំហររបស់ EU ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះ EBA អញ្ចឹងទៅ»។

សហគមន៍អន្ដរជាតិនាំមុខដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានថ្កោលចំពោះចំណាត់ការរបស់រដ្ឋាភិបាលជុំវិញការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។

កាលពីខែដើមខែតុលា ឆ្នាំ២០១៨ សហគមន៍​​អឺរ៉ុប​បានជូនដំណឹងដល់រដ្ឋាភិបាលអំពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ